​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស,បំណង (​ដេល្លី​ម៉េល​) ៖ មន្ត្រីជាន់ខ្ពស់​វិមាន​ក្រឹម​ឡាំង​មួយរូប​បាន​ព្រមាន​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ទី​៦​កក្កដា​ថា ពួកគេ​អាច​ប្រឈម​មុខ​នឹង “​កំហឹង​របស់​ព្រះ​”​ប្រសិន​បើ​ពួកគេ​បន្ត​​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​បង្កើត​សាលាក្តី​អន្តរជាតិ​មួយ ដើម្បី​ស៊ើបអង្កេត​សកម្មភាព​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន ខណៈ​ប្រធានសភា​ជាន់​ទាប​រុស្ស៊ី​រូបនេះ​បាន​ជំរុញ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ចង​ចាំ​ថា​អា​ឡា​ស្កា​​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​រុស្ស៊ី​។​

​លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ (Dmitry Medvedev) អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​រុស្ស៊ី ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​ថ្កោលទោស​សហរដ្ឋ​អាម៉េរិក​ចំពោះ​អ្វី​ដែល​លោក​​បាន​ពណ៌នា​ថា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​អ្វី​ដែល​លោក​ហៅថា “​ការ​សាយភាយ​ចលាចល​និង​ការបំផ្លិចបំផ្លាញ​នៅ​ទូទាំង​ពិភពលោក​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​”​។​

​លោក​មេ​ត​វេ​ដេវបាន​និយាយ​ពន្លះ​ក្នុង​សំណេ​រដ៍​វែង​នៅលើ​បណ្តាញ Telegram របស់​គាត់​ដោយ​ចង្អុលបង្ហាញ​ពី​ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​របស់​អាម៉េរិ​កលើ​ជប៉ុន​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ​​និង​សង្គ្រាម​នៅក្នុង​ប្រទេស​វៀតណាម យ៉ាង​ដូច្នេះ​ថា​”​ប្រវត្តិសាស្ត្រ​អាម៉េរិក​ទាំងមូល​ចាប់តាំងពី​សម័យ​នៃ​ការបង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​ជនជាតិដើម​ឥណ្ឌា​គឺ​តំណាង​ឱ្យ​សង្គ្រាម​បង្ហូរឈាម​ជា​បន្តបន្ទាប់​។​​តើ​មាន​នរណា​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងនោះ​ទេ​? តើ​តុលាការ​អ្វី​ដែល​បាន​ថ្កោលទោស​សមុទ្រ​ឈាម​បង្ហូរ​ដោយ​សហរដ្ឋ​អាម៉េរិក​នៅ​ទីនោះ​?”​។​

​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ដែល​គាំទ្រ​ដោយ​អាម៉េរិក​សម្រាប់​សាលាក្តី​អន្តរជាតិ​ដើម្បី​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​រុស្ស៊ី​ក្នុងប្រទេស​អ៊ុ​យក្រែន លោក​មេ​ត​វេ​ដេវបាន​ច្រាន​ចោល​វា​ថា​ជា​ការប៉ុន​​ប៉ង​របស់​អាម៉េរិក “​ដើម្បី​វិនិច្ឆ័យ​ទោស​អ្នក​ផ្សេង​ទៀត​ខណៈ​ខ្លួនឯង​រួច​ផុត​ពី​ការកាត់ក្តី​ទាំងពួង​”​។​

​លោក​មេ​ត​វេ​ដេវបាន​សន្និដ្ឋានបញ្ច​ប់​ថា “​វា​នឹង​មិន​ដំណើរការ​ជា​មួយ​រុស្ស៊ី​ទេ ពួកគេ​ដឹង​វា​ច្បាស់​ណាស់​។ ហេតុ​ដូច្នេះ​ហើយ​ទើប​សត្វ​ឆ្កែ​កំបាក់​ក្នុង​សង្គ្រាម​កំពុង​ព្រុស​តាមរបៀប​គួរឱ្យ​ស្អប់ខ្ពើម​”​។​

​ដោយ​សំដៅលើ​ថ្ងៃ​អវសាន​ពិភពលោក ឬ Apocalypse លោក​មេ​ត​វេ​ដេវបាន​និយាយថា “​សហរដ្ឋ​អាម៉េរិក​និង​ពួក​កូនចៅ​ឥត​ប្រយោជន៍​របស់​ខ្លួន​គួរតែ​ចងចាំ​ពាក្យ​នៃ​ព្រះគម្ពី​រថា កុំ​វិនិច្ឆ័យ​គេ ដូច្នេះ​អ្នក​នឹង​មិន​មាន​គេ​វិនិច្ឆ័យ​ទេ​…​ដូច្នេះ​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​កំហឹង​របស់​ទ្រង់​មិន​មកដល់​ផ្ទះ​របស់​ពួកគេ​នៅ​ថ្ងៃ​ណាមួយ​ទេ​”​។​

​លោក ឌី​មី​ទ្រី មេ​ត​វេ​ដេវនិយាយ​ពន្លះ​អាម៉េរិកនៅ​ទីក្រុង​សេន​ភីតធឺ​ស្បឺក​កាលពី​ថ្ងៃ​ពុធ​ទី​៦​កក្កដា ឆ្នាំ​២០២២​។​អតីត​ប្រធានាធិបតី​រូបនេះ​បាន​ព្រមាន​អំពី​សង្គ្រាម​នុយក្លេអ៊ែ​រដែ​ល​នឹង​នាំ​ដល់​ការ​​បញ្ចប់​ជីវិត​មនុស្ស​លើ​ផែនដី​

​អាម៉េរិក​រួមទាំង​អង់គ្លេស​កំពុង​ជំរុញ​បង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​ដើម្បី​កាត់ទោស​បទឧក្រិដ្ឋ​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​

​ការព្រមាន​របស់ មេ​ត​វេ​ដេ​វ កើតឡើង​ចំពេល​ប្រធានាធិបតី​ពូ​ទីន បញ្ជា​អោយ​កងកម្លាំង​របស់​លោក​ធ្វើ​សមយុទ្ធ​បាញ់​កាំជ្រួច​ឆ្លង​ទ្វីប​ធុន​យ៉ាស​(Yars)​នៅក្នុង​ព្រៃ​មួយ​នៅ​ស៊ី​បេរី​។​

​ជាមួយនឹង​ចម្ងាយ​ហោះ​៧.៥០០​គីឡូម៉ែត្រ មានន័យថា​កាំជ្រួច​នេះ​អាច​វាយប្រហារ​អង់គ្លេស​និង​កន្លែង​ណា​ក៏​បាន​នៅ​អឺរ៉ុប​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញពី​ក្រសួង​ការពារ​ជាតិ​រុស្សី បាន​និយាយថា «​គ្រឿង​សព្វាវុធ​ជាង​១០០​ឈុត​កំពុង​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​។​យាន​បាញ់​កាំ​ជ្រួច​Yars​នៃ​កងកម្លាំង​កាំជ្រួច​យុទ្ធសាស្ត្រ​រុស្ស៊ី​កំពុង​​ហ្វឹកហាត់​សំរាប់​សមយុទ្ធ​ត្រៀម​ទុក​ជាមុន​មួយ​»​។​

​រំលឹកថា លោកពូ​ទីន​បាន​បញ្ជា​អោយ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​លោក​ប្រុង​ជើងការ​តាំង​ពី​ដើមដំបូង​នៃ​សង្គ្រាម​ជាមួយ​អ៊ុ​យក្រែន និង​ការហ្វឹកហាត់​បាន​ធ្វើ​ជា​បន្តបន្ទាប់​៕

​សមយុទ្ធ​នេះ​។​យាន​បាញ់​កាំ​ជ្រួច​Yars​នៃ​កងកម្លាំង​កាំជ្រួច​យុទ្ធសាស្ត្រ​រុស្ស៊ី​កំពុង​ធ្វើ​នៅក្នុង​ព្រៃ​នៃ​តំបន់​ស៊ី​បេរី​