ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​៦ ខែ​កក្ត​ដា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា និង​លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង និង​រៀបចំ​ព្រឹត្តិការណ៍​កីឡា បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល និង​មន្ត្រី​បច្ចេកទេស កម្រិត​អន្តរជាតិ នៅ​សាលប្រជុំ​អគារ មជ្ឈមណ្ឌល​កីឡា ក្រសួងមហាផ្ទៃ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ រៀបចំ​ដោយ​សហព័ន្ធ​កីឡា​សូ​ហ្វ តិ​ន្នី​ស​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក ជា សែន​វិស្សុត អគ្គលេខាធិការ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​និយាយថាៈ វគ្គ​នេះ បង្រៀន​ដោយ​លោកគ្រូ CHIN KHIAM KONG ជនជាតិ​ម៉ាឡេស៊ី និង​លោក GIOVANNI MAMAWA ជនជាតិ​ហ្វីលីពីន រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ មាន​សិក្ខាកាម​ចំនួន ៣៣ នាក់ មកពី​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស ចំនួន ២២ រូប ក្រសួងមហាផ្ទៃ ចំនួន ៦​រូប និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចំនួន ៥​រូប ក្នុងនោះ​ស្រី មាន​ចំនួន ៦ រូប ។​

​លោក​បាន​បន្តថាៈ ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​ទាំងអស់ ទទួលបាន​នូវ ការយល់ដឹង និង​បន្ថែម​នូវ​បទពិសោធន៍ ដែលមាន​លទ្ធផល រួមមាន និទ្ទេស​ល្អ ៨០ ភាគរយ និង​និទ្ទេស​ល្អ​ប​ង្អួ​រ ២០ ភាគរយ​។ ក្នុងនាម​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា សូម​ប្តេជ្ញា និង​បន្ត​រក្សា​ការខិតខំ​ប្រឹងប្រែង លើ​គ្រប់​ការងារ​ទាំងអស់ រួមទាំង​ការបណ្តុះបណ្តាល នេះ​ផងដែរ ។ ត្រូវ​ពង្រឹង​នូវ​វិស័យ​ប្រភេទ​កីឡា​មួយ​នេះ ឲ្យ​មានការ​អភិវឌ្ឍ​ទៅមុខ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​បន្ត​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាព និង​ពង្រឹង​កីឡាករ កីឡាការិនី ឲ្យ​ទទួលបាន​គុណភាព​ខ្ពស់ ដើម្បី​ត្រៀមលក្ខណៈ ចូលរួម​ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ ជាពិសេស​ត្រៀម​ប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស ជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ចុងឆ្នាំ ២០២២ នេះ និង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី ៣២ ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ ។​

​លោក​បណ្ឌិត ជា ប៊ុនហេង បាន​មានប្រសាសន៍ថាៈ សិក្ខាកាម​ចូលរួម សិក្សា​វគ្គប​ណ្តុះ បណ្តាល អាជ្ញាកណ្តាល និង​មន្ត្រី​បច្ចេកទេស​កម្រិត​អន្តរជាតិ​នេះ ត្រូវយក​ចំណេះដឹង ទទួលបាន ទៅ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ ជាពិសេស​ត្រៀម​ប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស ជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​៣ នៅ​កម្ពុជា ចុងឆ្នាំ​២០២២ នេះ និង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES លើក​ទី ៣២ ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ​៕/V​