ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​៖ បុរស​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​បុរស​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី យប់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នៅត្រង់ចំណុច​ខាងមុខ ក្លិប​អ៊ិ​ច​ហ្សូ​ម តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ បុរសរងគ្រោះ​ដល់​ស្លាប់ ឈ្មោះ យ​ន ចិន អាយុ ៣៩ ឆ្នាំ មុខរបរ នៅផ្ទះ​មើល​កូន ស្នាក់នៅ​បន្ទប់​ជួល​មួយកន្លែង ស្ថិតនៅ​ខាងក្រោយ​វត្ត​គោក​បញ្ជាន់ ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ស្រុក​អង្គរជ័យ ខេត្តកំពត​។ ចំណែក​ភាគី​ម្ខាង​ទៀត រងរបួស​ធ្ងន់ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថាៈ មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក SUZUKI AXELO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BI-4175 ធ្វើដំណើរ​ពី​ទិស ខាងលិច ទៅ​ទិសខាងកើត លុះ​មកដល់​ចំណុចកើតហេតុ ខាងលើ បាន​បត់​ឆ្វេង​ដៃ ត្រឡប់ក្រោយ​វិញ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ខណៈនោះ ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JG-2136 ជិះ​ដោយ​បុរស​ម្នាក់ បញ្ច្រាស​ទិសដៅ​គ្នា ពី​ខាងកើត ទៅខាង​លិច បុក​គ្នា​ពេញទំហឹង បណ្ដាលឱ្យ​បុរស ដែល​ជិះ​ម៉ូតូ SUZUKI ដួល​បោក​ក្បាល ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​ភាគី​ខាង​ម៉ូតូ​ហុងដា ឌ្រី​ម បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​បើតាម​សម្ដី​ប្រពន្ធ​របស់​ជនរងគ្រោះ បាន​ប្រាប់​ឱ្យដឹងថាៈ សព្វថ្ងៃ រូបគាត់ និង​ប្ដី រូ​ម​នឹង​កូនប្រុស​ស្រី តូចៗ ចំនួន​ពីរ​នាក់​ទៀត បានមក​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយគ្នា ដោយ​ប្តី​របស់គាត់ មិនទាន់​រក​ការងារ​ធ្វើបាន​នៅឡើយ ហេតុនេះ ទើប​រូបគាត់​ឱ្យ​ប្ដី នៅ​មើល​ថែកូន​សិន ទម្រាំ​រក​ការងារ​ធ្វើបាន​។ ចំណែក​រូបគាត់ ធ្វើការ​នៅ​រោងចក្រ ហើយ​មុន​កើតហេតុ រូបគាត់ បានឱ្យ​ប្តី​ជិះ​ម៉ូតូ ទៅ​ទិញ​ម្ហូប យកមក​ហូបបាយ ជាមួយ​ប្រពន្ធ​កូន​។ លុះ​ទៅ​បាត់​មួយសន្ទុះ ស្រាប់​តែមាន​គេ​ទូរស័ព្ទ​មក​ប្រាប់ថា ប្តី​របស់​នាង បាន​ស្លាប់​ទៅហើយ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ បន្ទាប់មក គាត់​ក៏បាន​ទៅ​មើលឃើញ ប្ដី​របស់គាត់ បាន​ស្លាប់​មែន ធ្វើឱ្យ​គាត់​មានការ​តក់ស្លុត និង​រន្ធត់ចិត្ត​យ៉ាងខ្លាំង មិនអាច​ទទួលយកបាន​នោះទេ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ ហើយ​បាន​ទំនាក់ទំនង ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង យក​ម៉ូតូ​ទាំង ២ គ្រឿង ទៅ​រក្សាទុក នៅ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​៕/V