ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត និង​ស្រុក បាន​ណែនាំ​មេឃុំ ចៅសង្កាត់ ជំទប់​ទី​១ ជំទប់​ទី​២ ចៅសង្កាត់រង​ទី​១ ចៅសង្កាត់រង​ទី​២ និង​សមាជិក​ក្រុមប្រឹក្សា ទោះជា​មន្ត្រី​គណបក្ស ណាក៏ដោយ ប៉ុន្តែ​ពេល​បម្រើ​ការងារ គឺជា​មន្ត្រី​សាធារណៈ​របស់​រាជការ របស់​រដ្ឋបាល ដូច្នេះ​សូម​រក្សា​គោលជំហរ​អព្យាក្រឹត មិន​លំអៀង មិន​រើសអើង​និន្នាការ នយោបាយ សាសនា ឋានៈ ពោលគឺ ត្រូវ​រួបរួមសាមគ្គី ឯកភាពគ្នា តម្រង់​ទិសដៅ​បម្រើ ប្រជា​ពល​រដ្ន និង​អភិវឌ្ឍន៍ ក៏ដូចជា ដោះស្រាយ​បញ្ហា​នានា​ដោយផ្ទាល់ ជាមួយ​ពលរដ្ឋ នៅ​មូលដ្ឋាន ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ថ្លែង​ដូច្នេះ នៅក្នុង​ពិធី​ប្រកាស​សុពលភាព សមាជិក​ក្រុមប្រឹក្សាឃុំ​ថ្មពួក អាណត្តិ​ទី​៥ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២​។​

​ដូចគ្នានេះដែរ លោក យឹម យឿន អភិបាលរង​ស្រុក​ព្រះនេត្រព្រះ នៅ​ថ្ងៃទី​៧ ខែកក្កដា បាន អះអាង​សុពលភាព​សមាជិក ក្រុមប្រឹក្សាឃុំ​ឈ្នួ​រ​មានជ័យ អាណត្តិ​ទី​៥ នៅ​ស្រុក​ព្រះនេត្រព្រះ ក៏​ដូច​លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី អភិបាលស្រុក ក្រុង​ដទៃទៀត ក៏​ថ្លែង​ស្រដៀង​គ្នា​នេះដែរ ។​

​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អភិបាលរង​ស្រុក​ព្រះនេត្រព្រះ បាន​ផ្តាំផ្ញើ​ដល់ មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សាឃុំ ត្រូវយក​ចិ​ត្ដ​ទុកដាក់​អនុវត្ដ​ឲ្យ​បានល្អ ត្រឹមត្រូវ​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​តាមរយ​:​ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត ស្រុក​ក្រុង តាមច្បាប់ ន​និង​លិខិតបទដ្ឋាន​គតិ​យុ​ត្ដិ​នានា​។ សូម​បំពេញការងារ ឲ្យ​បាន​ម៉ត់ចត់ រួមទាំង​ការធានាបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​ការយោគយល់​គ្នា នៅក្នុង​ការបំពេញ​ការងា​រ​របស់ខ្លួន​។

​សូមបញ្ជាក់ថា សម្រាប់​ឃុំ​ឈ្នួ​រ​មានជ័យ បេក្ខជន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ពលរដ្ឋ​បោះឆ្នោត​ជូន ហើយ​បាន​ទៅ​លោក ខុង ប៊ុន អតីត​ជំទប់​ទី​១ ជំនួស​លោក អ៊ុន ឈឿ អតីត​មេឃុំ ដែល​ឈរ​នៅ​លំដាប់​លេខ​រៀង​បន្ទាប់ ប៉ុន្តែ​លោក​បាន​លាលែង​ការងារ ។​

​ចំណែក​ឃុំ​ថ្មពួក បេក្ខជន​លំដាប់​លេខ​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អតីត​អធិការរង នគរបាល​ស្រុក​ថ្មពួក ហើយ​ផ្ទេរ​មក​ក្របខ័ណ្ឌ​ស៊ីវិល ក្រសួងមហាផ្ទៃ គឺ​ជំនួស​លោក ដា ឈាន មេឃុំ​មកពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​លាលែង​ពី​គណបក្ស ហើយ​ប្តូរ​ទៅ​រួមរស់​ជីវភាព នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មិន​ឈរឈ្មោះ ឱ្យគេ​បោះឆ្នោត​។​
​លោក​មេឃុំ និង​សហការី​ជាប់ឆ្នោត បាន​ឡើង​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​បំពេញការងារ ឱ្យ​អស់ពី លទ្ធភាព សមត្ថភាព​ឱ្យបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​មន្ត្រី​ថ្នាក់ដឹកនាំ បាន​ថ្លែងថាៈ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា នៅ​ថ្នាក់ឃុំ សង្កាត់ គឺជា​ការជំរុញ​កិច្ចដំណើរការ អនុវត្ត​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​កំណែទម្រង់​នេះ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​អភិបាលកិច្ច នៅ​ថ្នាក់ឃុំ សង្កាត់ តាម​គោលការណ៍​អភិវឌ្ឍន៍ តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់មូលដ្ឋាន​៕/V​