​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ម្ចាស់​ជើងឯក​កីឡា​លើក​អាល់​ទែរ​ក្នុង​ការប្រកួត Commonwealth Games និង Olympian មួយរូប​បាន​ក្លាយជា​អ្នកស្លាប់​ដំបូង​គេ​ដែល​ទាក់ទង​នឹង​កូវី​ដ​​នៅក្នុង​សាធារណរដ្ឋ​កោះ​ប៉ាស៊ីហ្វិក​ដ៏​តូច​ឈ្មោះ នូ​រូ (Nauru) ដែល​ជា​ប្រទេស​តូច​ជាងគេ​ទី​ពីរ​របស់​ពិភពលោក​។​

​សហព័ន្ធ​កីឡា​លើក​ទម្ងន់​តំបន់​អូ​សេ​អា​នី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កក្កដា​ថា “​នាង រី​ន​ណា សូ​ឡូ​ម៉ុន (Reanna Solomon) អាយុ​ទើបតែ​៤០​ឆ្នាំ​បាន​បាត់​​បង់ជីវិត​ដោយសារ​តែ​កូវី​ដ​១៩”​។​

​ប្រធានាធិបតី លី​អូ​នែ​ល អេន​ជី​មៀ (Lionel Aingimea) ធ្លាប់បាន​ប្រកាស​ពី​ការស្លាប់​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដោយ​និយាយថា មនុស្ស​ដំបូង​គេ​ដែល​បាន​ស្លាប់​ដោយ​កូ​វីដ​នៅ​នូរូ​បានទទួល​​មរណភាព​នៅ​ថ្ងៃទី ១ ខែកក្កដា​។​

​នាង​សូ​ឡូ​ម៉ុន​បានឈ្នះ​មេដាយ​មាស​ចំនួន​ពីរ​នៅក្នុង​ផ្នែក​លើក​ទម្ងន់​កម្រិត​ស្រាល​នៅឯ​ការប្រកួត Commonwealth Games ឆ្នាំ ២០០២ នៅ​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ (Manchester)​ហើយ​បាន​ជាប់​​ចំណាត់ថ្នាក់​ទី ១០ នៅ​កីឡា​អូឡាំពិក​នៅ​ទីក្រុង​អាថែន (Athens) នៅ​ពីរ​ឆ្នាំ​ក្រោយមក​។​

​លោក ផូល កូហ្វា (Paul Cofa) អគ្គលេខាធិការ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​របស់​ក្រុម​ប្រទេស Commonwealth បាន​និយាយថា “​ក្រៅ​ពី​ជា​អត្ត​ព​លិកដ៏​អស្ចារ្យ​នាង​រីន​ណា​គឺ​ជា​ម្តាយ​និង​ភរិយា​​ពោរពេញ​ដោយ​ការលះបង់ ហើយ​បាន​ចាកចោល​ស្វាមី តា​វី​តា (Tavita) និង​កូន​ទាំង​ប្រាំ​នាក់​យ៉ាង​សោកសៅ​”​។​

“​រី​ន​ណា​គឺ​ជា​អត្ត​ព​លិកដ៏​អស្ចារ្យ​និង​រឹងមាំ​បែប​ធម្មជាតិ ដែល​បាន​ចាប់ផ្តើម​ប្រកួត​លើក​ទម្ងន់​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០”​។​

​នូ​រូ ដែល​មាន​ប្រជាជន​តិចជាង ១១.០០០ នាក់ មាន​ករណី​កូ​វីដ​សកម្មជាង ៤.១០០ ។​

​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ រដ្ឋាភិបាល​បាន​ណែនាំ​ការផាកពិន័យ​នៅនឹងកន្លែង​រហូតដល់ ៦.៨០០ ដុល្លារ​សម្រាប់​ជន​ណា​ដែល​ដើរ​ត្រាច់ចរ​ដោយ​គ្មាន​ហេតុផល​សំខាន់ មិន​ពាក់​ម៉ាស់ និង សម្រាប់​ការប្រមូលផ្តុំ​គ្នា​លើស​ពី​បី​នាក់​៕

​នាង រី​ន​ណា សូ​ឡូ​ម៉ុន ម្ចាស់​ជើងឯក​កីឡា​លើក​អាល់​ទែរ​ក្នុង​ការប្រកួត Commonwealth Games ស្លាប់​កាលពី​ថ្ងៃទី​១​កក្កដា​នៅ​អាយុ​៤០​ឆ្នាំ