ដោយៈ ទូច វ​ណ្ណេ​ត បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​/​ភ្នំពេញ​៖​ខ្ញុំ​ឈ្មោះ ជា ខេង​ថៃ អាយុ​៧០​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

​ខ្ញុំ​គឺជា​គ្រូបង្រៀន​ចូលនិវត្តន៍​កាលពី​ឆ្នាំ​២០១១​។ ខ្ញុំ​រៀបការ​ប្រពន្ធ​ឈ្មោះ យា ឆេង​ស៊ន និង​មានកូន​ចំនួន​៤​នាក់ (​ស្រី​៣ និង​ប្រុស​១)​។ ខ្ញុំ​កើត​នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ជា ម៉េ​ត និង​ម្ដាយ​ឈ្មោះ គា ណៃ​គីម​។ ខ្ញុំ​គឺជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ទាំងអស់​ចំនួន​៣​នាក់​។ នៅ​វ័យ​កុមារ ខ្ញុំ​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​កំពង់ក្របី​រហូតដល់​ចប់​ថ្នាក់​ទី​៧​និង​បាន​ប្រឡង​ជាប់​ដើម្បី​បន្ត​ការរៀនសូត្រ​នៅ​វិទ្យាល័យ​ព្រះសីហនុ​។

ជា ខេងថៃ អាយុ៧០ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​ប្រហែលជា​បី​ខែ​បន្ទាប់ពី​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​សីហនុ​នៅ​ដើមឆ្នាំ​១៩៧០​ខ្ញុំ​ឃើញ​មាន​បាតុកម្ម​ដង្ហែរ​ចូលមក​ទី​រួម​ខេត្តកំពង់ចាម​រយៈពេល​៣​ថ្ងៃ​។ នៅពេលនោះ ខ្ញុំ​រៀន​ថ្នាក់​ទី​៦​។ បើទោះបីជា​មានការ​ធ្វើបាតុកម្ម​យ៉ាងណាក្ដី ខ្ញុំ​នៅតែ​បន្ត​ការសិក្សា និង​ស្នាក់អាស្រ័យ​ជាមួយ​ឪពុកមា​នៅ​ទី​រួម​ខេត្តកំពង់ចាម​។ បន្ទាប់ពី​បាតុកម្ម​បានបញ្ចប់ ការផ្ទុះអាវុធ​រវាង​ទាហាន លន់ នល់ និង​កងទ័ព​រំដោះ​ខ្មែរក្រហម​បានកើត​ឡើង​។​

​នៅ​ឆ្នាំ​១៩៧១ កងទ័ព​រំដោះ​ខ្មែរក្រហម​បាន​ចូល​មកដល់​ភូមិកំណើត​របស់ខ្ញុំ​ដើម្បី​ត្រៀម​វាយ​បន្ទាយ លន់ នល់ នៅ​ម្ដុំ​កោះ​រកា​។ ខ្ញុំ​តែងតែ​មកលេង​ផ្ទះ​ដោយ​ដើរ​តាមផ្លូវ​វាង​។ មូលហេតុ​ដែល​ខ្ញុំ​មិន​អាចមក​តាមផ្លូវ​ពី​ព្រែក​ដើម​ចាន់​មក​ភូមិ​ចំការ​សាមសិប​គឺមាន​ទាហាន លន់ នល់ ត្រូវ​បានដាក់​ឈរជើង​ដើម្បី​ទប់ទល់ និង​វាយប្រហារ​ទៅលើ កងទ័ព​រំដោះ​ខ្មែរក្រហម​នៅ​ភូមិ​ជិត​នោះ​។ ខ្ញុំ​បាន​បន្ត​រៀន​នៅ​វិទ្យាល័យ​ព្រះសីហនុ​រហូតដល់​ឆ្នាំ​១៩៧៣ ត្រឹម​ថ្នាក់​ទី​៣​។ ខ្ញុំ​បាន​ឈប់រៀន បន្ទាប់ពី​មកលេង​ផ្ទះ​នាពេល​ចុង​សប្ដាហ៍​។ នៅពេលនោះ លោកតា របស់ខ្ញុំ​បាន​និយាយប្រាប់​ខ្ញុំ​ថា​កុំ​វិល​ទៅ​រៀន​នៅ​ទី​រួម​ខេត្តកំពង់ចាម ព្រោះតែ​ស្ថានការណ៍​ច្របូកច្របល់​។​

​ចាប់តាំងពី​ឆ្នាំ​១៩៧៣ មក ខ្ញុំ​បាន​ចូល​បម្រើ​បដិវត្តន៍ និង​ត្រូវបាន​មិត្ត ជឿន ដែលជា​មេភូមិ​ក្នុង​តំបន់​រំដោះ​នាពេលនោះ ដាក់ចូល​ធ្វើការ​ងារ​នៅ​កង​ពាណិជ្ជកម្ម​ស្រុក​កំពង់សៀម​។ នៅក្នុង​កង​ពាណិជ្ជកម្ម​ស្រុក មាន​សម​មិត្ត​ប្រហែលជា​១០​នាក់ ដែលមាន​តួនាទី​ដឹកជញ្ជូន​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​។ នៅ​ឆ្នាំ​១៩៧៣ ដដែល ខ្ញុំ​ត្រូវបាន​ផ្លាស់​ទៅធ្វើ​ការ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​តំបន់​៤១ ដែលមាន​មិត្ត ងួន គឺជា​ប្រធាន​។ នៅពេលនោះ ខ្ញុំ​ទទួលបាន​មុខងារ​ជា​អ្នក​កត់ត្រា និង​ធ្វើបញ្ជី​ទំនិញ​សម្ភារ​ប្រើប្រាស់​។ នៅ​មន្ទីរ​ពាណិជ្ជកម្ម​តំបន់​៤១​នេះ មាន​សម​មិត្ត​ទាំងអស់​ចំនួន​១០​នាក់​ដែល​ត្រូវបានចាត់តាំង​ធ្វើ​ការងា​រ​ផ្សេងៗ​គ្នា​។ សមរភូមិ​រវាង​ទាហាន​លន់ នល់ និង​កងទ័ព​រំដោះ​ខ្មែរក្រហម ផ្ទុះ​កាន់តែខ្លាំង​ឡើង​។ កង​ពាណិជ្ជកម្ម​តំបន់​៤១​បាន​ជិះ​កង់​ទៅ​ដឹក​ឥ​វ៉ាន់​សម្ភារ​ប្រើប្រាស់​ពី​ព្រំប្រទល់​វៀតណាម ដើម្បី​យកមក​ចែកចាយ​នៅតាម​ស្រុក​នានា​ក្នុង​តំបន់​។​

​បន្ទាប់ពី​ទីក្រុង​ភ្នំពេញ​ត្រូវបាន​រំដោះ​នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​នៅ​បន្ត​ធ្វើជា​អ្នក​កត់​បញ្ជី​ឃ្លាំង​នៅ​មន្ទីរ​ពាណិជ​កម្ម​តំបន់​៤១​ដ​ដែរ ដែល​ស្ថិតនៅ​ទីប្រជុំជន​ថ្នល់ទទឹង ស្រុក​ព្រៃឈរ​។ ខ្ញុំ​មិនដែល​បានមក​លេង​ផ្ទះ​នោះឡើយ​។ តាម​អ្វីដែល​ខ្ញុំ​ដឹង​នោះ​គឺ​តំបន់​៤១ ស្ថិតនៅ​ភូមិភាគ​កណ្ដាល​ដែលមាន កែ ពក គឺជា​លេខា​ភូមិភាគ មានស្រុក​ចំនុះ​ចំនួន​៥ រួមមាន​៖ ស្រុក​កំពង់សៀម (​ហៅថា​ស្រុក​៨៨), ស្រុក​ព្រៃឈរ (​ហៅថា​ស្រុក​៧៧), ស្រុក​កងមាស (​ហៅថា​ស្រុក​១០១), ស្រុក​ជើងព្រៃ (​ហៅថា​ស្រុក​៤៤) និង ស្រុក​បាធាយ (​ហៅ​ស្រុក​៧៣)​។ នៅ​ឆ្នាំ​១៩៧៦ តំបន់​៤១ មាន​ប្រធាន​ឈ្មោះ​មិត្ត តាំង​។ ប្រធាន​មន្ទីរ​ពាណិជ​កម្ម​តំបន់​គឺ​មិត្ត សាន ដែល​បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​កត់ត្រា​បញ្ជី​សម្ភារៈប្រើប្រាស់​ក្នុង​ឃ្លាំង​។​

​នៅ​ឆ្នាំ​១៩៧៧ កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​ចូលមក​ដល់ និង​ចាប់ផ្ដើម​ចាប់ខ្លួន​កម្មាភិបាល​មូលដ្ឋាន​។ នៅពេលនោះ មិត្ត តាំង ប្រធាន​តំបន់ និង​មិត្ត សាន ត្រូវបាន​ចាប់ខ្លួន និង​សម្លាប់​។ មិត្ត ស៊ុប ប្រធាន​មន្ទីរ​សន្តិសុខ​តំបន់ គឺជា​អ្នកដើរ​ចាប់​។ ប៉ុន្តែ​ក្រោយមក មិត្ត ស៊ុប ត្រូវបាន​សម្លាប់​ដោយ​កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​វិញ​ម្ដង​។ នៅក្នុង​ឆ្នាំ​ដដែល សម​មិត្ត អោ អាន ត្រូវបាន​ផ្លាស់​មក​គ្រប់គ្រង​តំបន់​៤១​។ បន្ទាប់ពី​ការមកដល់​របស់ សម​មិត្ត អោ អាន មានការ​ចាប់​ប្រធាន​កង និង​កម្មាភិបាល​មូលដ្ឋាន​នៅតាម​ស្រុក​កាន់តែ​ច្រើនឡើង​។ ខ្ញុំ​ត្រូវបានចាត់តាំង​ធ្វើជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​។ ថ្នាក់លើ​ប្រាប់ថា ខ្ញុំ​មិនទាន់​ត្រូវបាន​ចាប់​យកទៅ​សម្លាប់​នៅពេលនេះ ពី​ព្រោះតែ​មិនទាន់មាន​អ្នក​ជំនួស​ចេះ​ធ្វើបញ្ជី​នៅ​ឃ្លាំង​។ ចាប់តាំងពី​ពេលនោះ​មក ខ្ញុំ​បាន​កិន​គ្រាប់​ស្លែង​និង​ដាក់​តាម​ខ្លួន​រហូត​។ នៅពេលដែល​ខ្ញុំ​ត្រូវបាន​ចាប់ខ្លួន​ធ្វើ​ទារុណកម្ម ខ្ញុំ​នឹង​សម្លាប់ខ្លួន​ដោយ​ការ​លេប​គ្រាប់​ស្លែង​ដែល​កិន​រួចជាស្រេច​នោះ​។ ខ្ញុំ​ខ្លាច​ការធ្វើ​ទារុណកម្ម​។ រាល់ពេល​ខ្ញុំ​ទៅ​មន្ទីរ​តំបន់​៤១ ខ្ញុំ​តែងតែ​ឮសូរ​ការសួរចម្លើយ និង​សម្រែក​ឈឺ​ចុកចាប់​ចេញពី​ការធ្វើ​ទារុណកម្ម​។ ខ្ញុំ​មិន​ចង់​ជួប​ភាព​ឈឺ​ចុកចាប់​បែបនេះ​ទេ​។ មិនយូរ​មិនឆាប់ ខ្ញុំ​នឹង​ត្រូវបាន​ចាប់ខ្លួន ដូច្នេះ​ខ្ញុំ​បាន​ត្រៀម​គ្រាប់​ស្លែង​កិន​ដាក់​តាម​ខ្លួន​។​

​ក្នុងអំឡុងពេល​ធ្វើជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខ្ញុំ​តែងតែ​ដឹកនាំ​កង​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ទៅយក​អំបិល សម្ភារ​ប្រើប្រាស់ និង​ក្រណាត់​ខ្មៅ​នៅ​មន្ទីរ​ភូមិភាគ​កណ្ដាល​នៅ​ម្ដុំ​ចំការលើ​។ បន្ទាប់ពី​ដឹក​អំបិល សម្ភារ​ប្រើប្រាស់ និង​ក្រណាត់​ចូល​ឃ្លាំង​វិញ​មក មិត្ត អោ អាន លេខា​តំបន់​៤១ មិន​អនុញ្ញាត​ឲ្យ​ដឹក​យកទៅ​ចែក​នៅតាម​បណ្ដា​ស្រុក​ក្នុង​តំបន់​នោះឡើយ​រហូតដល់​របស់​ទាំងអស់នេះ​នៅសល់​ពេញ​ឃ្លាំង​។ ខ្ញុំ​ដឹងថា មិត្ត កែ ពក លេខា​ភូមិភាគ បាន​បញ្ជា​ឲ្យ​លេខា​តំបន់​៤១ គឺ​មិត្ត អោ អាន ធ្វើការ​ចែកចាយ​សម្ភារៈ​ប្រើប្រាស់ ជាពិសេស​ក្រណាត់​ខ្មៅ​ទៅកាន់​ស្រុក​ផ្សេងៗ ប៉ុន្តែ​មិត្ត អាន មិន​ស្ដាប់​និង​អនុវត្តតាម​នោះឡើយ​។ នៅ​ថ្ងៃមួយ​ចុងឆ្នាំ​១៩៧៧ ខ្ញុំ​បាន​ឡើងទៅ​ដឹក​សម្ភារ​ប្រើប្រាស់​បន្ថែម​នៅ​មន្ទីរ​ភូមិភាគ និង​សរសេរ​សំបុត្រ​អនាមិក​មួយ​រាយការណ៍​ដល់​លេខា​ភូមិភាគ​អំពី​ការមិន​ចែកចាយ​សម្ភារ​ប្រើប្រាស់ ជាពិសេស​ក្រណាត់​ខ្មៅ​នៅ​តំបន់​៤១​។ ២​ទៅ​៣​ថ្ងៃ​បន្ទាប់មក នីរសារ​ភូមិភាគ​ចំនួន​២​នាក់​ត្រូវបាន​បញ្ជូនមក ដើម្បី​ពិនិត្យមើល​ឃ្លាំង​នៅ​មន្ទីរ​ពាណិជ្ជកម្ម​តំបន់​៤១​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក មិត្ត អាន បាន​ឡើងទៅ​ប្រជុំ​នៅ​មន្ទីរ​ភូមិភាគ​។ បន្ទាប់ពី​ការប្រជុំ​នៅ​មន្ទីរ​ភូមិភាគ មិត្ត អាន បាន​បញ្ជា​ឲ្យ​កង​ពាណិជ្ជកម្ម​តំបន់​ចាប់ផ្ដើម​ចែកចាយ​សម្ភារ និង​ក្រណាត់​ខ្មៅ​នៅតាម​ស្រុក និង​សហករណ៍​នៅក្នុង​តំបន់​៤១​។ ខ្ញុំ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ពី​ការដែល​អង្គការ​ដឹងថា ខ្ញុំ​គឺជា​អ្នកសរសេរ​សំបុត្រ​អនាមិក​ជូន​លេខា​ភូមិភាគ​។ នៅ​ឆ្នាំ​១៩៧៨ ខ្ញុំ​បន្ត​ធ្វើការ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​តំបន់​៤១​ដដែល​។​

​នៅពេលដែល​កងទ័ព​វៀតណាម​ខិតចូល​មកដល់​នៅ​ដើមឆ្នាំ​១៩៧៩ ខ្ញុំ​ត្រូវបាន​ជម្លៀស​ជាមួយ​អ្នកផ្សេង​ទៀត​ទៅ​ទិស​ខាងលិច​ប្រទេស​។ ដោយសារតែ​ភ័យខ្លាច​ការ​នាំទៅ​សម្លាប់ ខ្ញុំ និង​មិត្ត​៣​នាក់​ទៀត​បាន​លួច​ឡាន​ជិះ​រត់​ទៅខាង​ចំការលើ និង​បាន​ទុក​ឡាន​ចោល​ក្នុង​ចម្ការចេក​។ ខ្ញុំ​បាន​បន្ត​ដើរមក​កាន់​ភូមិកំណើត​វិញ និង​រួច​ផុតពី​សេចក្ដីស្លាប់​ក្នុង​របប​ខ្មែរក្រហម​។ នៅ​ឆ្នាំ​១៩៨១ ខ្ញុំ​ចូល​បង្រៀន​សិស្ស​នៅ​សាលាបឋមសិក្សា​កំពង់ក្របី និង​ចូលនិវត្តន៍​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ​៕សរន