ដោយៈ បូកគោ / កំពត: តួនាទី និងអំណាចមេឃុំ ចៅសង្កាត់ បានមកដោយសារប្រជាពលរដ្ឋ បោះឆ្នោតគាំទ្រ។ ដូច្នេះ គ្រប់មេឃុំ ចៅសង្កាត់ ត្រូវផ្តល់ក្តីសុខសាន្ត និងបម្រើប្រជាពលរដ្ឋ ឱ្យបានកក់ក្តៅបំផុត។ នេះជាការក្រើនរំលឹករបស់ អភិបាលខេត្តកំពត ក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ សម្រាប់ឃុំតេជោអភិវឌ្ឍន៍ និងឃុំត្រពាំងភ្លាំង ស្រុកឈូក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងក្នុងកម្មវិធីទាំងពីរ ខាងលើ លោក ម៉ៅ ធនិន បានមានប្រសាសន៍ថាៈ ដើម្បីជាកិច្ចឆ្លើយតបនឹងការផ្តល់ទំនុកចិត្ត តាមរយ:ការបោះឆ្នោតគាំទ្រថ្មីៗនេះ មេឃុំត្រូវផ្តល់ក្តីសុខសាន្ត ជាអចិន្ត្រៃយ៍ ជូនពលរដ្ឋមូលដ្ឋានរបស់ខ្លួន ឱ្យបានកក់ក្តៅបំផុត។ និយាយរួម អំណាចបានមកពីរដ្ឋ និងប្រជាជនចាំបាច់ត្រូវតែបម្រើរដ្ឋ បម្រើប្រជាជន ធ្វើយ៉ាងណា កុំឱ្យពលរដ្ឋក្នុងមូលដ្ឋាន រងទុក្ខ ព្រោះតែការប្រើអំណាចក្រៅច្បាប់។
លោកអភិបាលខេត្ត បានបន្តថាៈ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ដែលបានបន្តគាំទ្រគោលនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាល តាមរយ:លទ្ធផលនៃសំឡេងឆ្នោត ដ៏ច្រើនលើសលប់នោះ។ទាំងនេះជាឆន្ទ: ដើម្បីរក្សាការពារសុខសន្តិភាព និងរួមចំណែកក្នុងការបន្តនិរន្តរភាព នៃកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចម្រើនបន្ថែមទៀត៕/V