​ដោយៈ​វ៉ៃ​កូ / ស្វាយរៀងៈ លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មាធិការ ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ថោង សុគន្ធា អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន នា​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរ សាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ មិថុនា ២០២២ ក្រោម​ប្រធានបទ ” ដោះស្រាយ​បញ្ហា​គ្រឿងញៀន ក្នុង​វិបត្តិ​សុខភាព និង​មនុស្សធម៌ ” និង​ពិធី​ដុតបំផ្លាញ​វត្ថុតាង គ្រឿងញៀន តាម​អំណាច​សាលក្រម សាលដីកា និងសេចក្តីសម្រេច​រប​ស់​សាលាដំបូង ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង​។

​លោក ម៉ែន វិបុល បានដាក់​ចេញ​នូវ​គោលដៅ​មួយចំនួន ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព ការងារ​បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​ខេត្តស្វាយរៀង ដែលមាន​ចំណុច សំខាន់ៗ ដូចខាងក្រោមៈ​

១.​ត្រូវ​បន្ត​ផ្ដោត​ការយកចិត្តទុកដាក់ ចាត់តាំង​អនុវត្ត​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការពង្រឹង​វិធានការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព គោលនយោបាយ​ភូមិ ឃុំ សង្កាត់ “​ស​” គ្មាន​គ្រឿងញៀន ពិសេស​ការចាត់តាំង​អនុវត្ត​វិធានការ​ទាំង​៥ នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។​

២.​ត្រូវ​បន្តធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ ឲ្យ​កាន់តែ​ល្អប្រសើរ សកម្ម និង​ផុលផុស​ថែមទៀត ដោយ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ និង​ចលនា​ឲ្យ​មានការ​ចូលរួម និង​គាំទ្រ​ពី​គ្រប់ សមាសភាព​នៃ​សង្គម សំដៅ​ធ្វើយ៉ាងណា ឲ្យ​គ្រប់​ក្រុម​គោលដៅ​ទាំងអស់ បានទទួល​ការ ផ្សព្វផ្សាយ​អប់រំ និង​យល់ដឹង​កាន់តែច្បាស់​អំពី​ច្បាប់ និង​ផលប៉ះពាល់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។​

៣.​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន ពង្រឹង និង​យកចិត្តទុកដាក់ ជំរុញ​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​ការអនុវត្ត​វិធានការ​ច្បាប់ ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​គោលដៅ​ដែល​ងាយ ឬ​កើតមាន​បទល្មើស​គ្រឿងញៀន ជាពិសេស​នៅតាម​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លិប​រាត្រី ខារ៉ាអូខេ និង​តំបន់​ដែលមាន​លក្ខណៈ​ស្មុគស្មាញ ស្របតាម​អនុសាសន៍ និង​ប្រសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រ​ឡា​ហោម “ ត្រូវ​លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង នូវ​រាល់​បទល្មើស​ជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន នៅតាម​ក្លិប​កម្សាន្ត និង​ទី​សប្បាយដ្ឋាន​នានា ។​

៤.​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​បំផុស​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ម្ចាស់ផ្ទះ​សំណាក់ ផ្ទះជួល សណ្ឋាគារ ខារ៉ាអូខេ ក្លិប​រាត្រី និង​កាស៊ីណូ ជាដើម នៅពេល​បានដឹង ឬ​មានការ​សង្ស័យ ចំពោះមុខ​សញ្ញា​ជួញដូរ ចែកចាយ ឬ​ប្រើប្រាស់​គ្រឿងញៀន សូម​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ក្នុងការ​ផ្ដល់ព័ត៌មាន ពី​ក្រុម​ឧក្រិដ្ឋជន ដែល​មានបំណង​ប៉ុនប៉ង លួចលាក់ ផលិត កែច្នៃ និង​ចរាចរ​គ្រឿងញៀន​ក្នុង​ខេត្ត ។​

៥.​មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​បង្កើន​ការអនុវត្ត​ច្បាប់ ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​អប់រំ ណែនាំ និង​គ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ​របស់ខ្លួន ឲ្យ​បាន​តឹងរ៉ឹង​បំផុត ចៀសវាង​ឲ្យ​បានជា​ដាច់ខាត​នូវ “​កុំ​៤” គឺ​កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើ ជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍ ក្នុងករណី​បទល្មើស​គ្រឿងញៀន ។​

៦.​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់ ជាពិសេស នៅ​តំបន់​ព្រំដែន ត្រូវ​ពង្រឹង​យន្តការ​ត្រួតពិនិត្យ នៅតាម​ច្រកទ្វារព្រំដែន​នានា​ក្នុង​ខេត្ត ឲ្យ​បាន តឹងរ៉ឹង​បំផុត ជាពិសេស​យកចិត្តទុកដាក់ ចាត់តាំង​អនុវត្ត​នូវ​រាល់​វិធានការ ដែល​បានកំណត់​នៅ ក្នុង​ផែនការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន តាម​បណ្ដោយ​ព្រំដែន កម្ពុជា​-​វៀតណាម ដែល​បាន​ដាក់ចេញ កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ​។​

៧.​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង និង​ក្ដាប់​ឲ្យ​បាន ច្បាស់លាស់​នូវ មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន ជាពិសេស​អ្នក​ចំណូលស្រុក មក​ស្នាក់នៅ​បណ្ដោះ អាសន្ន ប្រកបមុខរបរ​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ត្រូវ​បង្ក្រាប ឲ្យ​បាន​ទាន់ពេលវេលា ពេល​មាន​បទល្មើស​កើតឡើង ។​

៨.​ដោយសារ​ខេត្តស្វាយរៀង​យើង ពុំទាន់​មាន​មណ្ឌល​បន្សាប​គ្រឿងញៀន ដូច្នេះ យើង ត្រូវ​បន្ត​ពង្រឹងសមត្ថភាព គុណភាព និង​ប្រសិទ្ធភាព នៃ​យន្តការ​បន្សាប​គ្រឿងញៀន នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដែលមាន​ស្រាប់ នៅក្នុង​ខេត្ត ឲ្យ​មានដំណើរ​ការល្អ និង​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​បន្សាប​ជនរងគ្រោះ ដោយសារ​សារធាតុ​ញៀន ។​

៩.​អាណាព្យាបាល មាតាបិតា​សិស្ស​ទាំងអស់ សូម​បង្កើន​ការពិនិត្យ និង​តាមដាន​ចំពោះ ការសិក្សា​របស់​កូនៗ ឲ្យ​បាន​ទៀងទាត់ និង​សហការ​ឲ្យ​បាន​ជិតស្និទ្ធ ជាមួយ​លោកគ្រូ អ្នកគ្រូ​ទទួលបន្ទុក​ថ្នាក់រៀន​នីមួយៗ ដើម្បី​ជា​យន្តការ​មួយ ដាស់តឿន ក្រើនរំលឹក​ដល់ កូនៗ​របស់ខ្លួន ឲ្យ​ពួកគេ​គេច​ផុតពី​ការប្រឈមមុខ​ខ្លាំង ដោយ​បញ្ហា​គ្រឿងញៀន ។​

​ជាមួយនេះ លោក​បាន​រំលឹក​ដល់​លោក​អភិបាលក្រុង ស្រុក​ទាំងអស់ ត្រូវ​បន្ត​ចាត់​កម្លាំង ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ណែនាំ​ជំរុញ​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ និង​ខារ៉ាអូខេ ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ឲ្យ​រៀបចំ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ឲ្យ​បាន​គ្រប់​ទីតាំង និង​ធ្វើ​របាយការណ៍ មក​រដ្ឋបាលខេត្ត អំពី​ចំនួន​ទីតាំង​ដែល​បាន​បំពាក់ និង​ទីតាំង ដែល​មិនទាន់បាន​បំពាក់ កាមេរ៉ា​សុវត្ថិភាព ដើម្បី​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ បំពាក់ កាមេរ៉ា​សុវត្ថិភាព ឲ្យ​បាន​គ្រប់​ទីតាំង ។

​លោក​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត រួមទាំង គណៈអធិបតី បាន​អញ្ជើញ​ពិនិត្យ និង​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន នៅ​ទីតាំង​ដែល​រៀបចំ ជិត​កន្លែង​ប្រារព្ធ​ពិធី​ខាងលើនេះ​ផងដែរ​៕/V​