ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពងឆ្នាំង បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់ប្អេរ ។
បើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាព ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ និង សមាជិកក្រុមប្រឹក្សាសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលអានដោយលោក លៀង ជុំសុបិន នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានសម្រេចទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់រងទី១ ចៅសង្កាត់ទី២ និងសមាជិកក្រុមប្រឹក្សាសង្កាត់ប្អេរ ចំនួន៨រូប ក្នុងនោះ បានទទួលស្គាល់ លោក ស៊ិន សូត ជាចៅសង្កាត់ប្អេរ លោកស្រី ឌុច មូលី ចៅសង្កាត់រងទី១ និងលោក នី វាសនា ចៅសង្កាត់រងទី២ ។
ក្នុងការប្រកាសសុពលភាព ចៅសង្កាត់នេះ លោកស្រី ប៊ន សុភី បានសំដែងនូវការចូលរួម អបអរសាទរចំពោះ សមាសភាពក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្ដិទី៥ ចៅសង្កាត់ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ ទាំងអស់ ដែលបានទទួលនូវទំនុកចិត្ត ពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ដែលបានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ គណនេយ្យភាព និងយុត្ដិធម៌ ។
លោកស្រី ប៊ន សុភី បានមានប្រសាសន៍ថាៈ ក្រុមប្រឹក្សាសង្កាត់ថ្មី អាណត្តិទី៥ ឆ្នាំ២០២២ នេះ ត្រូវបន្តអនុវត្តលិខិតបទដ្ឋាននានា ដែលនៅជាធរមាន និងបន្តការងារដែលនៅសេសសល់ ពីអាណត្តិមុន ដោយក្រុមប្រឹក្សាថ្មី ត្រូវរក្សាឲ្យបាននូវវប្បធម៌ សាមគ្គីភាព សម្របសម្រួល កុំបែងចែកនិន្នាការនយោបាយ ហើយបំរើប្រជាពលរដ្ឋ ឲ្យបានប្រសើរឡើង បង្កើនទំនាក់ទំនង រវាងមន្ត្រី-មេឃុំ ឲ្យបានល្អ និងស្គាល់ពីសុខទុក្ខប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការចូលរួមបំពេញការងារជាក្រុម របស់ក្រុមប្រឹក្សាទាំងអស់ តាមរយៈការដកពិសោធន៍ ពីគ្នាទៅវិញទៅមក។ ត្រូវបន្ដអនុវត្ដការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាព ក្នុងកិច្ចការរដ្ឋបាល និងការផ្ដល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ លើសេវាសារធារណៈ ឱ្យបានកាន់តែរហ័ស និងធ្វើការសម្របសម្រួល លើបញ្ហាផ្សេងៗ ឱ្យមានតម្លាភាពត្រឹមត្រូវ តាមលទ្ធិប្រជាធិបតេយ្យ អភិក្រមទាំង៥ ។ ត្រូវខិតខំលុបបំបាត់ នូវល្បែងស៊ីសង គ្រប់ប្រភេទ និងបទ ល្មើសផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាព នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៕/V