ដោយៈ ពៅនិមល / ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ បានដឹកនាំក្រុមការងារអន្តរក្រសួង – ស្ថាប័ន ប្រជុំពិភាក្សា និងអនុម័តឯកសារ ផែនការយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោជន៍ ជាអតិបរមា ពីការអនុវត្ត កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូនទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំនួន១៥ និងមន្ត្រីជំនាញជាច្រើនរូប សរុបចំនួនជិត ៦០ នាក់។
ក្នុងអង្គប្រជុំ លោករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែង របស់ក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការសិក្សា និងចងក្រងឯកសារ ដ៏មានសារសំខាន់នេះ សម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្តផែនការ សកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារនិងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកបានលើកឡើង អំពីគោលបំណងសំខាន់ នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះថា គឺដើម្បីជ្រើសរើសទំនិញនាំចេញ សក្ដានុពលរបស់កម្ពុជា ដោយប្រើប្រាស់ទីផ្សារ ដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទាំងនោះ។ ក្នុងន័យនេះ ការសិក្សា នឹងបង្ហាញថា កម្ពុជាមានឧត្តមភាព ប្រកួតប្រជែង ខាងផលិតផលអ្វី សម្រាប់ធ្វើការនាំចេញ? តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជា ក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគ សម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថាៈ ក្រុមការងារបានផ្ដោតទៅលើការសិក្សា លើមុខទំនិញអាទិភាព ចំនួន ១០ មុខមុនគេ រួមមាន ស្រូវអង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់ កៅស៊ូធម្មជាតិ ម្នាស់ និងម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគ ធ្វើជាមូលដ្ឋាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី ទ្វេភាគីផ្សេងទៀត។
ជាមួយគ្នានេះ លោកបានសំណូមពរ ឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយផ្តល់ធាតុចូល ឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមការងារលេខាធិការដ្ឋាន អាចបញ្ចប់ឯកសាររៀបចំផែនការ យុទ្ធសាស្ត្រ ទាញយកអត្ថប្រយោជន៍ ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនេះ ក្នុងពេលឆាប់ៗនេះ ព្រោះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ក៏នឹងត្រូវចូលជាធរមាន ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការធ្វើបទបង្ហាញពី លោក ស៊ាង ថៃ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អំពីវឌ្ឍនភាពការងារ ជូនដល់អង្គប្រជុំ ដើម្បីផ្តល់ជាយោបល់ និងធាតុចូលសំខាន់ៗ ក្នុងការកែសម្រួល ផែនការយុទ្ធសាស្ត្រនេះ ឱ្យកាន់តែល្អប្រសើ និងឈានដល់ការបញ្ចប់ ឱ្យកាន់តែឆាប់ផងដែរ៕/V