ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីធ្វើសកម្មភាពផ្សព្វផ្សាយ កម្មវិធីអប់រំគុណតម្លៃ អូឡាំពិក នៅវិទ្យាល័យបាក់ទូកនោះ នៅថ្ងៃទី៧ កក្កដា នេះ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានបន្តរៀបចំសកម្មភាពនេះ នៅវិទ្យាល័យទួលស្វាយព្រៃ បន្ថែមទៀត។
សកម្មភាពនេះ មិនត្រឹមតែផ្សព្វផ្សាយ ពីគុណតម្លៃអូឡាំពិកប៉ុណ្ណោះទេ តែក៏ផ្សព្វផ្សាយពី ដំណើរឆ្ពោះទៅស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
សិស្សានុសិស្សចំនួន ៥០ នាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទទួលយកនូវចំណេះដឹង ពីការបញ្ជ្រាបពីគ្រូឧទ្ទេសប្រចាំកម្មវិធី ស្តីពីការអប់រំគុណតម្លៃអូឡាំពិក និងឈ្វេងយល់ពីយុទ្ធនាការផ្សព្វផ្សាយរបស់កម្ពុជា បាញ់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថាៈ នេះជាកម្មវិធីប្រចាំឆ្នាំ ដើម្បីបញ្ជ្រាបចំណេះដឹង ដល់សិស្សានុសិស្សនានា ឱ្យបានឈ្វេងយល់ ពីគុណតម្លៃអូឡាំពិក រួមទាំងការជំរុញបន្ថែម ដល់ផ្សព្វផ្សាយឱ្យមានការចូលរួមគាំទ្រ ដល់ដំណើរការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
យុទ្ធនាការផ្សព្វផ្សាយគោលដៅស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជានេះ មានដូចជា យុទ្ធនាការកម្ពុជាស្អាត, ប្រជាជនម្នាក់លេងកីឡា១មុខ, កាត់បន្ថយការគ្រោះថ្នាក់ចរាចរ -កម្ពុជាគ្មានគ្រឿងញៀន ជាដើម។
លោកទីប្រឹក្សារូបនេះ សង្កេតឃើញថា សិស្សានុសិស្ស ដែលចូលរួម បានឈ្វេងយល់ ពីគុណតម្លៃអូឡាំពិក ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងជីវប្រវត្តិកីឡាអូឡាំពិក សម័យបុរាណ និងសម័យទំនើប។
ជាមួយគ្នានេះ សិស្សានុសិស្ស ក៏បានយល់ដឹងយ៉ាងច្រើន ពីដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខណៈក្រុមការងារ NOCC ប្តេជ្ញាបន្តការផ្សព្វផ្សាយនូវយុទ្ធនាការ ឱ្យកាន់តែទូលំទូលាយជូន ដល់យុវជន ប្រជាជន ទូទាំងប្រទេស រហូតដល់កៀកនឹងព្រឹត្តិការណ៍កីឡា ជាប្រវត្តិសាស្ត្រនេះតែម្តង។
ដោយសារតែកម្ពុជា ទទួលរៀបចំព្រឹត្តិការណ៍កីឡា ដ៏ធំប្រចាំតំបន់នេះ ជាលើកដំបូង ទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែជំរុញការផ្សព្វផ្សាយ នូវយុទ្ធនាការ សំខាន់ៗទាំងនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិ រៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជូនដល់សិស្សានុសិស្ស ព្រមទាំងលើកទឹកចិត្តពួកគាត់ ផ្សព្វផ្សាយបន្តទៅកាន់ញាតិមិត្ត និងក្រុមគ្រួសាររបស់គាត់៕/V