ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​៧​ខែកក្កដា​នេះ​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ រីឯ​បណ្តា​ខេត្ត​ផ្សេងទៀត​ក៏មាន​បរិមាណ​ទឹកភ្លៀង​ធ្លាក់​កើនឡើង ដែរ​រាប់ទាំង​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​ផង ដោយសារ​ខ្យល់មូសុង​និរតី​បង្កើន​ឥទ្ធិពល​ជាមួយ​ប្រព័ន្ធ​សម្ពាធ​ទាប​កើតមាន​ឡើងវិញ​នៅលើ​តំបន់​អាង​ទន្លេមេគង្គ​លើ​និង​បាតុភូត​ថ្មី​មួយ ទៀត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន​ដើរ​ស្រប​នឹង​ឆ្នេរ​ប្រទេស​វៀតណាម​ឡើងទៅ​ភាគ​ខាងជើង​។


លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២២​ថា នៅ​រសៀល​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​លើ រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​មួយចំនួន​ទៀតហើយ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​១៣​ខែកក្កដា​បរិមាណ​ទឹក​ភ្លៀង​ធ្លា​ក់មាន ការកើនឡើង​ច្រើន ជាពិសេស​អំឡុង​ពីថ្ងៃ​ទី​១០​ដល់​ថ្ងៃទី​១៣​ខែកក្កដា​។​
អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​និយាយ​ឱ្យដឹងទៀតថា ការធ្លាក់​ភ្លៀង​មាន​បរិមាណ​កើនឡើង​នេះ​មិន​មែនមាន​នៅតែ​ក្នុងប្រទេស​កម្ពុជា​ទេ តំបន់​អាង​ទន្លេមេគង្គ លើ​ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែរ ចាប់តាំងពី​ពីរ​ថ្ងៃមុន​នេះ​និង​នៅមាន​ភ្លៀង​ធ្លាក់​ច្រើន​ថែមទៀត​នៅពេល​ខាងមុខ​ដោយសារ​បាតុភូត​មួយ​ដែល​បានកើត​មាននៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ដើរ​ស្រប​នឹង​ឆ្នេរ​ប្រទេស​វៀតណាម​ឡើងទៅ​ភាគ​ខាងជើង​។ ទោះជា​យ៉ាងណា​ទឹកទន្លេ​មេគង្គ​នៅ​មិនទាន់មាន​សញ្ញា​ហក់​ឡើង​ខ្លាំង​នៅឡើយ​ទេ​។

​​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២៨​ខែមិថុនា​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​ធាតុអាកាស​ធាតុ សម្រាប់​ពីថ្ងៃ​ទី​២៩​ដល់​ថ្ងៃទី​៥​ខែ​កក្ក ដា ឆ្នាំ​២០២២​ថា​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូសបន្លាយ​លើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ​និង​វៀតណាម​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយទៀត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​នឹង​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា​ព្យុះ​ទី​៣​ដោយមាន​ដំណើរ​ឆ្ពោះទៅកាន់​កោះ​ហៃណាំ​។​
សេចក្តីជូនដំណឹង​សរសេរ​ទៀតថា ស្ថានភាព​បែប​ខាងលើនេះ​នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤​ទៅ​៣៦​អ​អ្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​ក៏​នឹង​អាចមាន​ភ្លៀង​ច្រើន​ដោយ​អន្លើ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង ខ្យល់​កន្ត្រាក់ នៅ​វាលទំនាប​ភាគ​កណ្តាល​និង​ភាគ​ពាយ័ព្យ​។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​
​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤​ទៅ​៣៦​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀងខ្យល់​បក់​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់ៗ​៕​.mara