ដោយ: សុវណ្ណកុម្ភៈ / ភ្នំពេញ: កំពូលព្រឹត្តិការណ៍ប្រដាល់សង្វៀនគុនខ្មែរជើងឯកពិភពលោក (World Fight) នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ អ្នកប្រដាល់គុនខ្មែរកម្ពុជា ឈ្នះគូប្រកួតទាំង ៣ នាក់ ដោយពិន្ទុទាំងអស់គ្នា ខណៈដែលកំពូលអ្នកប្រដាល់ថៃ អ្នកប្រដាល់ បួខាវបានចាមេឃ ក៏ឈ្នះដោយពិន្ទុដែរនោះ ធ្វើឲ្យពួកគេ ទទួលបានមេដាយមាស នៃការប្រកួតនេះ។
ព្រឹត្តិការណ៍នេះ បានបង្កើតឡើង ក្រោមកិច្ចសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មការរៀបចំការប្រកួតកីឡា SEAGAMES ២០២៣ និងក្រុមហ៊ុនភេសជ្ជៈ ប៉ូវកម្លាំងគោជល់ ក្រោមគោលគំនិត “ កីឡារស់ក្នុងសន្តិភាព ” ដោយមានការផ្សាយផ្សាយ ផ្ទាល់ពី ស្ថានីយ៍ទូរទស្សន៍បាយ័ន នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ។
ក្នុងឱកាសប្រកាសជាផ្លូវការ ខាងលើនេះ ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មការរៀបចំការប្រកួតកីឡា SEA GAMES ២០២៣ និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មាន សំអុល អ្នកតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំង។
លោក ថោង ខុន បានមានប្រសាសន៍ថាៈ វិស័យកីឡា ត្រូវការវិស័យឯកជនគាំទ្រ ព្រោះវិស័យកីឡា គឺជាសកម្មភាពសង្គម មិនមែនធ្វើឡើង ដើម្បីប្រយោជន៍មនុស្សម្នាក់ គឺធ្វើដើម្បីប្រយោជន៍រួម សម្រាប់កីឡាករ កីឡាការិនី អ្វីដែលជាការចូលរួម វិស័យឯកជន ជាគន្លឹះសម្ព័ន្ធមិត្តថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី។ សកម្មភាពមួយនេះ ជាការបើកទំព័រដ៏ សំខាន់មួយ បង្ហាញនិងផ្ញើសារវិស័យឯកជនធំ សូមចូលរួមគាំទ្រ ដំណើរឆ្ពោះទៅកាន់ ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ២០២៣ ។
លោក មាន សំអុល អ្នកតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ បានឲ្យដឹងថាៈ គោជល់ រីករាយក្រៃលែង បានក្លាយជាផ្នែកមួយ នៃកំពូលព្រឹត្តិការណ៍ប្រដាល់សង្វៀនគុនខ្មែរ ជើងឯកពិភពលោកនេះ។ យើងយល់ឃើញថា គោជល់ និង World Fight មានទិសដៅ ស្របគ្នា ពោលគឺ ចង់ផ្សព្វផ្សាយគុនខ្មែរ និងលើកទឹកចិត្តកីឡាករប្រដាល់គុនខ្មែរ ឲ្យត្រៀមខ្លួនបានល្អ សម្រាប់ព្រឹត្តិការណ៍កីឡា SEA GAMES ២០២៣ ខាងមុខនេះ។
ក្នុងព្រឹត្តិការណ៍លើកទី១ នឹងមានការប្រកួត Super Fight ដ៏ពិសេស រវាងកំពូលកីឡាករថៃ បួខាវ ទល់នឹង វ៉ារ៉ាត ជាកីឡាករជើងខ្លាំង មកពីប្រទេស បេឡារុស រួមជាមួយគូពិសេសៗ ជាច្រើនទៀត រវាងកំពូលកីឡាករគុនខ្មែរកម្ពុជា ដែលទើបឈ្នះមេដាយ ពីព្រឹត្តិការណ៍ SEA GAMES ជាមួយនឹងកីឡាករជើងខ្លាំងអន្តរជាតិ។
លោក តែម ម៉ឺន បានមានប្រសាសន៍ថាៈ យុទ្ធនាការប្រដាល់កំពូលព្រឹត្តិការណ៍ ប្រដាល់សង្វៀនគុនខ្មែរ ជើងឯកពិភពលោក ក្នុងគោលបំណងពង្រីកសក្តានុពល និងធនធានគុនខ្មែរ ព្រមទាំងស្វែងរកជើងខ្លាំង សម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរ ព្រមទាំងផ្សព្វផ្សាយគុនខ្មែរ ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ៕/V