ប្រែសម្រួលៈបំណង(BLOOMBERG,ST)៖ យោងតាមអង្គការសុខភាពពិភពលោក(WHO) អឺរ៉ុបកំពុងក្លាយជាមជ្ឈមណ្ឌលនៃការផ្ទុះកូវីដ១៩ជាថ្មីនៅពេលមនុស្សកាន់តែច្រើនចូលរួមព្រឹត្តិការណ៍ធំៗនិងការធ្វើដំណើរ។
បណ្ឌិត មីសែល រ៉ាយអ៊ឹន ( Michael Ryan)នាយកប្រតិបត្តិកម្មវិធីគ្រាអាសន្នសុខភាពរបស់WHOបាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធថា « យើងកំពុងជួបរលកនៃការផ្ទុះជំងឺដ៏ខ្លាំងកាត់អឺរ៉ុបជាថ្មី។ហើយយើងនឹងជួបវាជាថ្មីនៅកន្លែងផ្សេងទៀត យើងបានឃើញវារួចហើយនៅអាស៊ីអាគ្នេយ៍និងតំបន់ម៉េឌីទែរ៉ាណេខាងកើតផងដែរ»។
ជាសរុប ចំនួនឆ្លងកូវីដ១៩បានកើនឡើង៣០ភាគរយនៅទូទាំងសកលលោកនៅពីរសប្តាហ៍មកនេះ ដោយវីរុសអូមីក្រុងបំប្លែងខ្លួនBA.4និងBA.5រុញអោយចំនួនឆ្លងនៅអឺរ៉ុបនិងអាម៉េរិកកើនឡើង។
ទីភ្នាក់ងារនេះបាននិយាយថាខ្លួនក៏តាមដានវីរុសបំប្លែងខ្លួនថ្មីBA2.75 ដែលត្រូវបានរកឃើញនៅឥណ្ឌា។
កាលពីសប្តាហ៍មុន អង់គ្លេសបានរាយការណ៍កំណើននៃការឆ្លងកូវីដ១៩ដល់ទៅ៣២ភាគរយ
WHOបាននិយាយថា បណ្តាប្រទេសក្នុងលោកគួរធានា”របងការពារមេរោគ”របស់ខ្លួននៅរឹងមាំ ដោយផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញដល់ក្រុមមនុស្សងាយរងគ្រោះ រក្សាវិធានការឃ្លាំមើលការវិវត្តជំងឺ និងដាក់ចេញវិធានការប្រឆាំងវីរុសដើម្បីកាត់បន្ថយឳកាសឆ្លង។
ចំណែកអគ្គនាយកWHO លោក អាដហាណូម ហ្គេប្រេយេស៊ូស បាននិយាយថា ខណៈការផ្ទុះកូវីដ១៩ឡើងវិញណាមួយត្រូវយកចិត្តទុកដាក់ខ្លាំង ពិភពលោកឥឡូវស្ថិតក្នុងស្ថានការណ៍ល្អប្រសើរជាងកាលពីឆ្នាំ២០២០ នៅពេលមេរោគនេះចាប់ផ្តើមវាយលុកពេញពិភពលោក៕