ដោយៈ គង់ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវ ដល់ប្រជាពលរដ្ឋ នាំគ្នាដាំដើមឈើ ដោយអាចយកយន្តការ «មនុស្សម្នាក់ ឈើមួយដើម» គឺធានានិរន្តរភាព នៃការប្រើប្រាស់ឈើ តាំងពីការចាប់កំណើតមនុស្សម្នាក់ៗ ដល់ថ្ងៃទទួលមរណភាពទៅវិញ។
លោកអភិបាលខេត្តកំពង់ចាម ធ្វើការអំពាវនាវបែបនេះ នៅក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ទិវាពលកម្មដាំដើមឈើ ជាប្រពៃណីជាតិ ហៅថារុក្ខទិវា នៅក្នុងបរិវេណវត្តគគរ ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី ៧ កក្កដា នេះ។
លោកអភិបាលខេត្តរូបនេះ បានថ្លែងថាៈ ការដែលយើងនៅតែបន្តអំពាវនាវ ឱ្យប្រជាពលរដ្ឋ បន្តដើមឈើ គឺដើមឈើ មានប្រយោជន៍ច្រើនណាស់។ ដោយជីវិតមនុស្សម្នាក់ៗ តាំងពីចាប់កំណើត ដល់ថ្ងៃទទួលមរណភាពទៅវិញ គឺត្រូវការឈើ ព្រោះម្តាយយើងម្នាក់ៗ ត្រូវការកម្តៅខ្លួនពីធ្យូង ហើយធ្យូងនេះ ផលិតពីចេញពីឈើ។ គ្រាន់តែបច្ចុប្បន្ន ប្រទេសមានការវិវត្តន៍ ពីមុនប្រើធ្យូង ឥឡូវ ប្រើថ្នាំពេទ្យ ក្នុងការសម្រាលកូន។ ប៉ុន្តែនៅតាមជនបទ ប្រទេសយើង នៅរក្សាប្រពៃណីកម្តៅខ្លួន ដោយធ្យូងដដែល។
លោកបានបន្ថែមថាៈ តម្រូវការឈើបន្ទាប់មកមានកន្លែងដេកត្រូវការឈើធ្វើគ្រែ កន្លែងស្នាក់នៅ ផ្ទះសម្បែង គឺត្រូវការឈើទាំងអស់ រហូតដល់ថ្ងៃទទួលមរណភាព ធ្វើមឈូស ផលិតអំពីឈើ គឺផលប្រយោជន៍ឈើ បម្រើសេចក្តីត្រូវការរបស់មនុស្សគ្រប់គ្នាទាំងអស់។ អីចឹងយើងត្រូវបញ្ជ្រាបយល់ដឹង ពីព្រៃឈើដល់យុវជន បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ដើម្បីចូលរួមធនធានធម្មជាតិ ក៏ដូចជាការនាំគ្នាដាំដើមឈើ។ ជាពិសេស ដើមឈើមាន ប្រយោជន៍ច្រើនណាស់ តម្រូវការរបស់មនុស្សម្នាក់ៗ តម្រូវការសកល ចូលរួមការការពារ និងការចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ហើយជាការចូលរួមលើកកម្ពស់ភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ លើកកម្ពស់សហគមន៍ផងដែរ និងបង្កើតឱ្យមាននូវ អេកូទេសចរណ៍។
លោកបានបន្តថាៈ ការបាត់បង់ព្រៃឈើ មិនមែនតែនៅប្រទេសយើងទេ គឺគ្រប់ប្រទេស ទាំងអស់ កំពុងអភិវឌ្ឍន៍ ចាំបាច់យកមកកែច្នៃ ធ្វើការអភិវឌ្ឍន៍ ប្រទេសរបស់ខ្លួន។ ប៉ុន្តែបើយើងមិនមាន ការដាំដុះដើមឈើឡើងវិញទេ គឺធ្វើឱ្យកាន់តែបាត់បង់ទៅៗ នៃដើមឈើ។ ដូច្នេះដើម្បីទប់ទល់នឹងតម្រូវការឈើ គឺត្រូវតែដាំដុះបន្ថែម ឱ្យការប្រើប្រាស់ មាននិរន្តភាព ដូចប្រទេសមួយចំនួន ក្លាយជាវាលខ្សាច់ ដីបាត់បង់គុណភាព បាត់ជីជាតិ មិនអាចដាំដំណាំបាន។ បញ្ហានេះ ចាំបាច់ត្រូវបណ្តុះប្រជាពលរដ្ឋ ឱ្យចូលរួមស្រឡាញ់ ដើមឈើ ការពារបរិស្ថាន ការពារធនធានធម្មជាតិ និងនាំគ្នាដាំដើមឈើ ដោយផ្តើមចេញពី ខ្លួនយើងនេះតែម្តង អាចយកយន្តការ « មនុស្សម្នាក់ ឬយុវជនម្នាក់ ដើមឈើមួយដើម»។
សូមបញ្ជាក់ថាៈ ដើម្បីចូលរួមអបអរសាទរ ទិវាពលកម្មដាំដើមឈើ ជាប្រពៃណី ឬហៅថា «រុក្ខទិវា ៩ កក្កដា» នៅក្នុងបរិវេណវត្តគគរ ស្ថិតក្នុងឃុំគគរ ស្រុកកំពង់សៀម ខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បាននាំយកកូនឈើជាង ១.៣០០ ដើមមាន កូនឈើបេង គ្រញូង ធ្នង់ និងកូនក្ងោក ៕/V.mara