ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ បើយោងតាមសេចក្តីសម្រេចលេខ ២៥៥/ ០៧២២ គក ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា
បានសម្រេចបញ្ចប់ភារកិច្ច លោក សួន សេរីរដ្ឋា ពីសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងពីអនុប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ការចេញសេចក្ដីសម្រេច ខាងលើនេះ បន្ទាប់ពីអ្នកនាំពាក្យរដ្ឋបាល ខេត្តកំពង់ឆ្នាំង បានចេញសេចក្តីបញ្ជាក់ព័ត៌មាន ក្រោយពីបានពិនិត្យឃើញថា មានហ្វេសប៊ុក (Facebook) ឈ្មោះ សួន សេរីរដ្ឋា បានចុះផ្សាយព័ត៌មាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ផ្សាយថាៈ “សកម្មភាពបទល្មើសនេសាទ នៅក្នុងរដូវបិទនេសាទ ចាប់ពី ៥០០ ម៉ែត្រ ទៅ ១.០០០ ម៉ែត្រ ដែលកំពុងកើតមានយ៉ាងពេញទំហឹង នៅក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ហើយដែលជនល្មើសប្រើប្រាស់សម្ភារៈហាមឃាត់មួយចំនួន រួមមាន – របាំងសាច់សារ៉ូខៀវ – របាំងលូស្បៃមុង – របាំងបរណរ៉ាវក្រឡាញឹក – ទូកមងគ្រប ៣ជាន់ – សកម្មភាពហ៊ុមព័ទ្ធសម្រាស់ និងបានចុះផ្សាយ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ម្ដងទៀត ដោយលើកឡើងថា “ បទល្មើសនេសាទ ក្នុងទន្លេសាប៖ ការបង្ក្រាបដែលមិនដែល ចាប់ជនល្មើសជាថៅកែ ឬម្ចាស់សំណាញ់អូនធំៗ ទាំងនេះ យកមកកាត់ទោស និងផ្តន្ទាទោស តាមច្បាប់ម្ដងណា! នេះគឺគ្រាន់លើកកម្លាំងទៅកាប់ តែបង្គោលមងខ្លះ បណ្ដែតចោលក្នុងទន្លេ រួចជាន់ស្បៃមងខ្លះពន្លិចចូលក្នុងទឹកដីរួចស្រេច (?) ហៅថាបង្ក្រាបហើយ… ។
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមប្រកាសបដិសេធចោលទាំងស្រុង និងសូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបថា ការផ្សព្វផ្សាយព័ត៌មាន ខាងលើនេះ គឺជាការលើកឡើង ដោយគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ដោយមិនបានសិក្សា ឱ្យស៊ីជម្រៅ លើការអនុវត្តន៍ គោលការណ៍ នីតិវិធីច្បាប់ និងបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ ន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជាទេ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររបស់ រដ្ឋបាលខេត្ត ធ្វើឱ្យសាធារណជន នៅក្នុងនិងក្រៅប្រទេសមានការភាន់ច្រឡំ ។
ក្រុមការងាររបស់រដ្ឋបាលខេត្ត បាននឹងកំពុងខិតខំទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងការអនុវត្តន៍ ភារកិច្ចដ៏ម៉ឹងម៉ាត់ និងយ៉ាងសកម្ម ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន។
គឺព្រោះតែហេតុនេះហើយ ទើបគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចប់ ភារកិច្ចរបស់លោក សួន សេរីរដ្ឋា ពីសមាជិកក្រុម ការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ៕/V.mara