ដោយ: ពៅនិមល / ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសជាថ្មីទៀតថា ផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ក្រសួងនៅតែបន្តទទួល ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ទៅតាមនីតិវិធី បានដាក់ចេញ។
ក្រសួងពាណិជ្ជកម្ម នៅក្នុងសេចក្តីជូនដំណឹងស្តីពី ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលរស្មីកម្ពុជាទទួលបាន នៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ បានលើកឡើងថាៈ ដោយមើលឃើញថា មានរូបវន្តបុគ្គល និងនីតិបុគ្គល ជាច្រើនពាន់នាក់ បានមកដាក់ពាក្យស្នើសុំ ដើម្បីក្លាយជាអ្នកប្រកបអាជីវកម្ម ស្របច្បាប់ ក្រសួងនៅតែបន្តទទួលពាក្យ ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក តាមនីតិវិធី ដូចខាងក្រោម៖
– នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលបានធ្វើប្រតិបត្តិការ ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាត ពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ តែត្រូវរងការផាកពិន័យ តាមច្បាប់ជាធរមាន។
– នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលទើបចាប់ផ្តើមធ្វើ ប្រតិបត្តការ ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនរងការផាកពិន័យឡើយ។
– រូបវន្តបុគ្គលដែលមានផលរបរ នៅក្រោមកម្រិតផលរបរ ជាអ្នកជាប់ពន្ធតូច អាចបន្ត ជូនដំណឹង មកក្រសួងពាណិជ្ជកម្ម ដើម្បីអាចទទួលបាន ការលើកលែង មិនតម្រូវឱ្យដាក់ ពាក្យស្នើសុំ ឬក៏បើរូបវន្តបុគ្គលនោះ នៅចង់ទទួលបានលិខិតអនុញ្ញាត អាចអញ្ជើញមកដាក់ ពាក្យស្នើសុំលិខិតអនុញ្ញាតពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនរងការផាក ពិន័យឡើយ។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានប្រកាសពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ក្រសួងបានពន្យារពេល ជាបន្តបន្ទាប់ ក្នុងការដាក់ពាក្យស្នើសុំ ដោយមិនជាប់ពិន័យចំនួន ៤ លើកហើយ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២៕/V