ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO)បាននិយាយកាលពីថ្ងៃពុធទី៦ កក្កដាថា WHOនឹងកោះប្រជុំអ្នកជំនាញជំងឺអុតស្វារបស់ខ្លួនឡើងវិញដើម្បីសម្រេចថាតើការផ្ទុះឡើងកាន់តែអាក្រក់ឥឡូវនេះក្លាយជាគ្រាអាសន្នសុខភាពសាធារណៈជាសាកលឬយ៉ាងណា។
អគ្គនាយក WHO លោក តេត្រូស អាដហាណូម ហ្គេប្រេយេស៊ូស បាននិយាយថា លោកនឹងរៀបចំកិច្ចប្រជុំលើកទីពីរនៃគណៈកម្មាធិការគ្រាអាសន្នស្តីពីជំងឺអុតស្វា ខណៈករណីជាង ៦.០០០ឥឡូវនេះត្រូវបានបញ្ជាក់នៅក្នុងប្រទេសចំនួន ៥៨។
ការកើនឡើងនៃការឆ្លងអុតស្វាត្រូវបានរាយការណ៍តាំងពីដើមខែឧសភានៅខាងក្រៅបណ្តាប្រទេសនៅអាហ្វ្រិកខាងលិចនិងកណ្តាល ទីដែលជំងឺនេះបានបញ្ចប់ជាយូរមកហើយ។
លោកវេជ្ជបណ្ឌិតតេត្រូសបានប្រាប់សន្និសីទសារព័ត៌មានពីទីស្នាក់ការកណ្តាលរបស់ WHOនៅទីក្រុងហ្សឺណែវថា “ខ្ញុំបន្តមានការព្រួយបារម្ភចំពោះទំហំនិងការរីករាលដាលនៃមេរោគនេះ”។
“ការធ្វើតេស្តិ៍នៅតែជាបញ្ហាប្រឈម ហើយវាមានលទ្ធភាពខ្ពស់ដែលថាមានករណីជាច្រើនមិនទាន់ត្រូវបានរកឃើញ។ អឺរ៉ុបគឺជាចំណុចកណ្តាលនៃការផ្ទុះឡើងមេរោគនេះនាពេលបច្ចុប្បន្នដោយកត់ត្រាករណីជំងឺអុតស្វាជាង៨០ភាគរយនៅទូទាំងពិភពលោក”។
យោងតាម WHO បានឱ្យដឹងថា ការឆ្លងជំងឺអុតស្វាភាគច្រើនរហូតមកទល់ពេលនេះត្រូវបានសង្កេតឃើញចំពោះបុរសដែលរួមភេទជាមួយបុរស ដែលមានអាយុក្មេងនិងភាគច្រើនរស់នៅតាមទីក្រុង។
នៅថ្ងៃទី ២៣ ខែមិថុនា WHOបានកោះប្រជុំគណៈកម្មាធិការគ្រាអាសន្ននៃអ្នកជំនាញមួយក្រុមដើម្បីសម្រេចថាតើជំងឺអុតស្វាអាចហៅថាជាភាពអាសន្នសុខភាពសាធារណៈគួរឱ្យព្រួយបារម្ភជាអន្តរជាតិ (PHEIC) ឬអត់ ដែលនេះជាការប្រកាសអាសន្នខ្ពស់បំផុតដែល WHO អាចធ្វើឡើង។
ប៉ុន្តែអ្នកជំនាញភាគច្រើនបានរកឃើញថា ស្ថានភាពនេះមិនទាន់ឆ្លងផុតកម្រិតអាសន្នបែបនេះនៅឡើយទេ៕
ជំងឺអុតស្វារកឃើញរាលដាលនៅ ៥៨ ប្រទេសហើយ