ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សចំនួន ៧១លាននាក់បន្ថែមទៀតនៅជុំវិញពិភពលោកកំពុងជួបប្រទះនឹងភាពក្រីក្រដោយសារតែការកើនឡើងតម្លៃអាហារនិងថាមពលដែលបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន។
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)បានប៉ាន់ប្រមាណថា មនុស្សចំនួន ៥១,៦ លាននាក់ទៀតបានធ្លាក់ក្នុងភាពក្រីក្រក្នុងរយៈពេលបីខែដំបូងបន្ទាប់ពីសង្គ្រាមដោយពួកគេរស់នៅពឹងលើលុយត្រឹមតែ ១,៩០ ដុល្លារក្នុងមួយថ្ងៃ ឬតិចជាងនេះ។
ការណ៍នេះបានរុញឱ្យចំនួនសរុបនៃអ្នកក្រទូទាំងពិភពលោកឈានដល់កម្រិត ៩ ភាគរយនៃចំនួនប្រជាជនលើពិភពលោក។
មនុស្ស២០លាននាក់បន្ថែមទៀតបានធ្លាក់ក្រោមបន្ទាត់ភាពក្រីក្រ ឬរកចំណូលបានចំនួន៣,២០ដុល្លារចុះក្នុងមួយថ្ងៃ។
នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប គ្រួសារនានាចំណាយ ៤២ ភាគរយនៃប្រាក់ចំណូលគ្រួសាររបស់ពួកគេលើម្ហូបអាហារ ប៉ុន្តែនៅពេលដែលប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ីតម្លៃនៃប្រេងឥន្ធនៈនិងអាហារសំខាន់ៗដូចជាស្រូវសាលី ស្ករ និងប្រេងចម្អិនអាហារបានកើនឡើង។
កំពង់ផែជាប់គាំងរបស់អ៊ុយក្រែននិងអសមត្ថភាពក្នុងការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាបបានរុញតម្លៃកើនឡើងខ្ពស់ដោយរុញមនុស្សរាប់សិបលាននាក់ចូលទៅក្នុងភាពក្រីក្រយ៉ាងឆាប់រហ័ស។
ប្រទេសមួយចំនួនដែលរងគ្រោះខ្លាំងដោយអតិផរណាគឺស្រីលង្កា ហៃទី អាហ្សង់ទីន អេហ្ស៊ីប អ៊ីរ៉ាក់ តួកគី ហ្វីលីពីន រ៉វាន់ដា ស៊ូដង់ កេនយ៉ា ស្រីលង្កា និងអ៊ូសបេគីស្ថាន។
នៅក្នុងប្រទេសមួយចំនួនដូចជា អាហ្វហ្គានីស្ថាន អេត្យូពី ម៉ាលី នីហ្សេរីយ៉ា និងយេម៉ែន ផលប៉ះពាល់នៃអតិផរណាគឺកាន់តែធ្ងន់ធ្ងរសម្រាប់អ្នកដែលមានកម្រិតភាពក្រីក្រទាបបំផុតរួចទៅហើយ៕
ប្រជាជនអាហ្វហ្គានីស្ថានទទួលជំនួយនៅជំរំមួយ