​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាឡិកា​ឆ្លាត ដែល​នឹង​មក​ដល់​ឆាប់ៗ​របស់ Apple នឹង​មាន​អេក្រង់​ធំ​ជាង​មុន ៥ ភាគរយ​និង​អាច​តាមដាន​សីតុណ្ហភាព​រាងកាយ​របស់អ្នក​ដើម្បី​រក​មើល​​ថា​តើ​អ្នក​កើត​គ្រុនក្តៅ​ឬ​អត់ នេះ​បើ​យោង​តាម​ដំណឹង​បែកធ្លាយ​។​

​យោង​តាម​អ្នក​បង្ហើប​តម្រុយ​អំពី​ផលិតផល Apple​ដ៏​ល្បី លោក ម៉ាក ហ្គួ​មែន (Mark Gurman) នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​បានឱ្យដឹងថា ក្រុមហ៊ុន Apple​នឹង​បន្ថែម​កម្មវិធី​ស្ទង់កម្តៅ​រាង​​កាយ​ទៅលើ​ម៉ូ​ដែល Series 8 របស់ខ្លួន ដែល​រំពឹង​ចេញលក់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ​។​

​ទន្ទឹមនឹងនេះ​ដែរ អ្នក​ទម្លាយ​ដំណឹង​ម្នាក់​ទៀត​គឺ​លោក រ៉ូ​ស យ៉ាំង (Ross Young) នៅ​ទីក្រុង​អូ​ស្ទីន (Austin) រដ្ឋ​តិច​សាស អះអាងថា ទំហំ​អេក្រង់​របស់​នាឡិកា Series 8​នឹង​មាន​អង្កត់ទ្រូង​​ទំហំ ១,៩៩ អ៊ី​ញ​។​

​នេះ​នឹង​ធ្វើឱ្យ​នាឡិកា Series 8 ក្លាយ​ជា​អេក្រង់ Apple Watch ធំ​បំផុត បើទោះបីជា​នាឡិកា​អេក្រង់​ធំ​បំផុត​នៅលើ​ទីផ្សារ​ទាំងមូល​គឺ Domiwear DM100 មាន​អេក្រង់ ២,៨៦​អ៊ី​ញ​ដ៏​អស្ចារ្យ​​ក៏ដោយ​។​

​បើ​ប្រៀបធៀប នាឡិកា Apple Watch Series 7 ដែល​ចេញលក់​កាលពី​ឆ្នាំមុន គឺ អាច​រក​ទិញ​បាន​ជាមួយនឹង​អេក្រង់ ១,៦៩១ អ៊ី​ញ ឬ ១,៩០១ អ៊ី​ញ​។​

​ក្រុមហ៊ុន Apple ត្រូវ​គេ​រំពឹងថា​នឹង​បញ្ចេញ​នាឡិកា​ឆ្លាត​សរុប​ចំនួន​បី​ប្រភេទ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ រួម​ទាំង​នាឡិកា Series 8 ដែល​តាម​ពាក្យ​ចចាមអារ៉ាម​គឺមាន​អេក្រង់​រាបស្មើ​៕

នាឡិកា​ឆ្លាត Apple Watch Series 8 រំពឹង​ចេញលក់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ