ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្នុងឱកាសបំពេញបេសកកម្មការងារនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ សមាគមផ្គត់ផ្គង់ការលក់រាយម៉ាឡេស៊ី (Malaysia Retail Chain Association-MRCA) និងសាជីវកម្មសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SME Corporation Malaysia) ដោយមានវត្តមានចូលរួមរបស់ លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី លោក សារ៉ាន វ៉ាលីរ៉ាម( Sharan Valiram ) ប្រធានសមាគម MRCA លោក ដាទុ ស្រ៊ី រីគី យ៉ ( Dato Sri Ricky Yaw) អនុប្រធានសាជីវកម្ម SME Malaysia និងលោក លោកស្រីជាប្រធាន និងអ្នកគ្រប់គ្រងក្រុមហ៊ុនម៉ាឡេស៊ីចំនួន ១៥។
នាឱកាសនោះ លោក សុខ ចិន្តាសោភា បានសម្តែងនូវអំណរគុណចំពោះតំណាងក្រុមហ៊ុនទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ លោកបានលើកឡើងថា ការអភិវឌ្ឍ និងកត្តាជោគជ័យទាំងឡាយរបស់កម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងដោយពុំគិតពីការនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ដែលបានទទួលជ័យជម្នះក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានផ្តល់លទ្ធភាពឱ្យកម្ពុជាអាចបើកដំណើរការសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។
លោកបានថ្លែងបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាស្ថាប័នជំរុញវិនិយោគ ត្រៀមចខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាថែទាំ និងសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ ហើយច្បាប់ស្តីពីវិនិយោគថ្មីដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២១ ទៀតសោត ក៏ជាក្របខណ្ឌគតិយុត្តិមួយដ៏រឹងមាំដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងប្រទេសកម្ពុជា៕