ដោយៈប.ខុន/ភ្នំពេញៈទឹកទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ នៅថ្ងៃទី៧ខែកក្កដានេះចាប់ផ្តើមងើបឡើងនៅគ្រប់ស្ថានីយជលសាស្ត្រ ដោយកម្រិត ទឹកអាចនឹងឡើងដល់កម្រិតកម្ពស់៣,៧០ម៉ែត្រនៅចតុមុខថ្ងៃទី១២ខែកក្កដា បន្ទាប់ពីមានភ្លៀងធ្លាក់បន្តបន្ទាប់ទាំងនៅក្នុងប្រទេសកម្ពុជានិងតំបន់អាងទន្លេមេគង្គលើ។
គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានៅថ្ងៃទី៧ខែកក្កដាជូនដំណឹងស្តីពីស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ សម្រាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែកក្កដានិងរបាយទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី៧ខែកក្កដា ដោយបង្ហាញឱ្យឃើញថានៅគ្រប់ស្ថានីយជលសាស្ត្រក្នុងប្រទេសថៃ ឡាវ កម្ពុជា បានងើបឡើងជាលំដាប់បន្ទាប់ពីមានភ្លៀងធ្លាក់រាយប៉ាយច្រើន សម្រាប់នៅរាជធានីភ្នំពេញដល់ថ្ងៃទី១២ខែកក្កដាទឹកអាចឡើងដល់កម្រិតកម្ពស់៣,៧០ម៉ែត្រ ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៧ខែកក្កដាថា នៅតំបន់អាងទន្លេមេគង្គលើ មានភ្លៀងធ្លាក់រាយប៉ាយជាប់គ្នាពីរបីថ្ងៃមកហើយក្នុងកម្រិតពីតិចទៅបង្គួរនិងពីពេលនេះរហូតដល់ថ្ងៃទី១៣ខែកក្កដាឃើញមានភ្លៀងធ្លាក់រាយប៉ាយច្រើនថែមមកទៀតដោយសារ ប្រព័ន្ធសម្ពាធទាបនិងរបបខ្យល់មូសុងនិរតីព្រមពេលជាមួយគ្នាមានសម្ពាធទាបមួយកើតមាននៅក្នុងសមុទ្រចិនខាងត្បូងដើរស្របនឹងឆ្នេរប្រទេសវៀតណាមឡើងទៅភាគខាងជើង ធ្វើឱ្យមានភ្លៀងធ្លាក់កាន់តែច្រើនថែមទៀតនៅតំបន់អាងទន្លេមេគង្គលើនាំឱ្យទឹកទន្លេមេគង្គចាប់ផ្តើមងើបឡើងជាបន្តបន្ទាប់៕