ដោយៈ ជា សីហៈ/ភ្នំពេញៈ តបតាមការអញ្ជើញរបស់ក្រុមហ៊ុនផ្តល់សេវាប្រឹក្សា The European House-Ambrosetti នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី ” លើកទី៦ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Mandarin Oriental ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
វេទិកាកិច្ចសន្ទនានេះមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទទួលបន្ទុកសេដ្ឋកិច្ច, លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី, តំណាងក្រុមហ៊ុនអ៊ីតាលី និងក្រុមហ៊ុននៅក្នុងតំបន់អាស៊ាន ដែលមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបប្រមាណ ៣០០នាក់។
នាឱកាសនោះ លោក សុខ ចិន្តាសោភា បានលើកឡើងថា បន្ទាប់ពីមានការចាប់កំណើតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល បានធ្វើឱ្យការធ្វើពាណិជ្ជកម្ម និងធុរកិច្ចនាពេលបច្ចុប្បន្នមានការផ្លាស់ប្តូរបើធៀបនឹងអំឡុងពេលមុន។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំបានខិតខំស្តារសេដ្ឋកិច្ចឡើងវិញ ដោយធ្វើការដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួន ដូចជា ច្បាប់ស្តីពីវិនិយោគថ្មី និងក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ ស្របតាមគន្លងប្រក្រតីភាពថ្មី។
លោកបានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជនដែលមានវត្តមានក្នុងវេទិកានេះស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ ២០២២នេះ។
សូមជម្រាបថា “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី ” បានរៀបចំជាលើកដំបូងនៅឆ្នាំ២០១៧ នៅប្រទេសឥណ្ឌូនេស៊ី លើកទី២ នៅប្រទេសសិង្ហបុរី (ឆ្នាំ២០១៨) លើកទី៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម (ឆ្នាំ២០១៩) និងធ្វើឡើងតាមប្រព័ន្ធវីដេអូសម្រាប់ឆ្នាំ ២០២០ និង ២០២១ និងលើកទី៦នេះ នៅទីក្រុងគូឡាឡាំពួ ដែលបានប្រមូលផ្តុំប្រធាន, នាយកប្រតិបត្តិ និងអ្នកដឹកនាំស្ថាប័នផ្សេងៗទាំងនៅបណ្តាប្រទេសអាស៊ាន និងប្រទេសអ៊ីតាលី ប្រមាណជាង ២.៥០០នាក់៕