ដោយៈ ជា សីហៈ​/​ភ្នំពេញ​: លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro)​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ជួប លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃទី ០៦ ខែ កក្កដា ហើយ​ក៏បាន​ជំរាប​ថា អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជប៉ុន​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅពេល​ខាងមុខ ។

​បើតាម​លោក​ឯកអគ្គរាជទូត លោក​អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជប៉ុន នឹង​អញ្ជើញ​មក​កម្ពុជា​នៅ​ថ្ងៃទី ១៩ ខែ កក្កដា ខាងមុខនេះ ហើយ​នៅពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នោះ​ជា​ឱកាស​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​ប្រទេស​យើង​ទាំងពីរ មានឱកាស​ធ្វើការ​ពិភាក្សា ផ្លាស់ប្តូរ​បទពិសោធន៍ និង​លើក​ជា​សំណើ​ជួយ​គាំទ្រ​លើ​ការងារ​បច្ចេកទេស​សំខាន់ៗ​ជាអាទិ៍​៖ ការកែច្នៃ​អាហារ គ្រាប់​ស្វា​ចន្ទី ចេក ស្វាយ គ្រាប់ពូជ ការកសាង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​គាំទ្រ ការលើកកម្ពស់​សមត្ថ​ភាព​ផលិត កែច្នៃ ទាំង​ធនធានមនុស្ស និង​ឧបករណ៍​សម្ភារ​កែច្នៃ​… ដោយឡែក ចំពោះ​សំណើ​ឲ្យ​ពិនិត្យ​លើ លក្ខ​ណ្ឌ​នៃ​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​ជប៉ុន ដូចជា​ផ្លែស្វាយ​ក៏​អាច​លើក​យកមក​ពិភាក្សា នាឱកាស​នោះ​ផងដែរ​។​

​ដោយឡែក លោក រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​ថា ការកសាង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ការពង្រឹង​លើ​ការផលិត កែច្នៃ​វត្ថុធាតុដើម ក្រោយ​ការប្រមូល​ផល រួមជាមួយ​នឹង​ការ​ផ្តល់ទុន និង​ការលើកកម្ពស់​សមត្ថភាព គុណភាព​ផលិត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​ការ​ចំ​បាច់​នាពេល​បច្ចុប្បន្ន ដើម្បី​ប្រជាជន​កម្ពុជា​ទទួលបាន​តម្លៃបន្ថែម​និង​ទីផ្សារការងារ​ផងដែរ ។
​លោក​បាន​បន្តថា រីឯ​ការត្រួតពិនិត្យ​គុណភាព​គ្រាប់ពូជ​ដំណាំ​ស្រូវ ការគ្រប់គ្រង និង​ការប្រើប្រាស់​ថ្នាំ​កសិកម្ម ក៏​ជា​តម្រូវការ​ចាំបាច់​រប​ស់​កម្ពុជា ក្នុងការ​ពង្រឹង​ផលិត​នាំចេញ ប្រកបដោយ​គុណភាព​និង​សុវត្ថិភាព ជាពិសេស​ការ កែច្នៃ​គ្រាប់ស្វាយចន្ទី ក៏​ជា​អាទិភាព​ខ្ពស់​ដែល​ក្រសួង​បាននិងកំពុង​សហការ​ជាមួយ​ដៃ​គួ​អភិវឌ្ឍ​និង​វិស័យ​ឯកជន ធ្វើការ​គិតគូ និង​យកចិត្តទុកដាក់​ខ្ពស់ ធ្វើយ៉ាងណា​ឆ្លើយតប​តាម​ស្តង់ដា​ជប៉ុន ដែលមាន​គុណភាព​កម្រិត​ពិភពលោក ហើយ​ពិតណាស់​បើ​កម្ពុជា​អាចធ្វើ​បាន នោះ​ផលិតផល​កសិកម្ម​កម្ពុ​ជា​នឹង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​យ៉ាង​ទូលំទូលាយ​៕​