​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្តកំពង់ធំ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ មន្ត្រីរាជការ ត្រូវអនុវត្ត​ការពារ តំបន់​ព្រៃ​លិច​ទឹក តំបន់​អភិរក្ស តំបន់ការពារធម្មជាតិ អភិរ​ក្យ​សត្វ​ខ្សឹប ដែលជា​តំបន់ហាមឃាត់ ក្នុង​បឹង​ទន្លេសាប ដើម្បី​ថែរក្សា​ដែន​ជម្រក​មច្ឆជាតិ​។​

​លោក​បណ្ឌិត ថោង ខុន បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆមាស​ទី​១ និង លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០២២ អមដោយ​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ និង​អ្នកមុខអ្នកការ ប្រធាន អនុប្រធាន​មន្ទីរ មន្ត្រីរាជការ​ជុំវិញ​ខេត្តកំពង់ធំ ចូលរួម​នៅ​ព្រឹក ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២​។​

​លោក​បណ្ឌិត ថោង ខុន បានផ្ដល់​អនុសាសន៍ ដល់​កិច្ចប្រជុំ ចំនួន​១១​ចំណុច ក្នុងនោះ តម្រូវ​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ រួមគ្នា​ដោះស្រាយ និង​អនុវត្ត​ឲ្យ​ខាន​តែ​បាន ព្រមទាំង​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទៅ​ចាក់​វ៉ាកសាំង​ការពារ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ ១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ រួមទាំង​ដូ​ស​បន្តបន្ទាប់ ការចុះអនុវត្ត​ការពារ តំបន់​ព្រៃ​លិច​ទឹក តំបន់​អភិរក្ស តំបន់ការពារធម្មជាតិ អភិរ​ក្យ​សត្វ​ខ្សឹប ដែលជា​តំបន់ហាមឃាត់ ក្នុង​បឹង​ទន្លេសាប ដើម្បី​ថែរក្សា​ដែន​ជម្រក​មច្ឆជាតិ​។​

​លោក​បណ្ឌិត ថោង ខុន បាន​មានប្រសាសន៍ថាៈ អាជ្ញាធរ និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​សិក្សា ស្រាវជ្រាវ ពី​ផលប៉ះពាល់ និង​កែសម្រួល​ដី​តំបន់​៣ មក​តំបន់​២ ក្នុង​បឹង​ទន្លេសាប ដើម្បី​ប្រគល់ ជូន​ប្រជាពលរដ្ឋ បាន​អាស្រ័យ​ផល តាម​ការ​សំណូមពរ​របស់ ប្រជាពលរដ្ឋ តាម ស​.​ជ​.​ណ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​អនុវត្ត ស​.​ជ​.​ណ លេខ ៤៣៧ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ របស់​ក្រសួងបរិស្ថាន ស្តីពី​ការការពារ​ធម្មជាតិ អភិរ​ក្យ​សត្វ​ខ្សឹប​កំណត់ដោយ​ចុះ​ធ្វើ​អត្តសញ្ញាណ​គ្រួសារ ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​កាត់​ឆ្វៀល​ដី ដែល​ប្រជាពលរដ្ឋ ធ្លាប់​អាស្រ័យ​ផល ប្រគល់ជូន​វិញ ។​

​លោក​បណ្ឌិត ថោង ខុន បានបញ្ជាក់​ថាៈ អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់ ការពារ​ឲ្យ​បាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ផ្ទះ ឬ​សំណង់​ផ្សេងៗ ចាប់ពី​អ័ក្ស​ផ្លូវ ២៥ ម៉ែត្រ ព្រោះ​ទុក​លទ្ធភាព​សាងសង់​ផ្លូវ នា​ថ្ងៃ​អនាគត ដោយ​ត្រូវ​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ ឲ្យ​បាន​យល់​ចៀសវាង មាន​ផលប៉ះពាល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ ចំណែក​យន្តការ​គ្រប់គ្រង​ដីព្រៃ​លិច​ទឹក ពី​តំបន់​៣ មក​តំបន់​២ ដែល ជា​ដី​អាស្រ័យ​ផល និង​ត្រូវ​កាត់​ឆ្វៀល ជូន​ប្រជាពលរដ្ឋ និង​យោងតាម​យោបល់​របស់​អង្គរ​ប្រជុំ បូកសរុប​លទ្ធផល​ការងារ ឆមាស​ទី​១ ឆ្នាំ​២០២២ សម្រេច​កាយ​ព្រំ រវាង​ដី​អាស្រ័យ​ផល របស់​ប្រជាពលរដ្ឋ និង​ដី​តំបន់ហាមឃាត់ ក្នុង​បឹង​ទន្លេសាប​។​

​នៅក្នុង​ឱកាស​នេះ លោក​បណ្ឌិត ថោង ខុន បាន​ជំរុញ​ឲ្យ​មាន​វេទិកាសាធារណៈ ដោយមាន​វិធានការ​ច្បាស់លាស់ ការថែរក្សា​បរិស្ថាន និង​ផលប៉ះពាល់​ការរស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ជុំវិញ​បរិវេណ​ប្រាសាទ សំបូរ​ព្រៃ​គុក ទប់ស្កាត់​ការ​ការ​រុករាន​ដី ព្រៃ​លិច​ទឹក និង​ត្រៀមលក្ខណៈ​បុណ្យ​ទន្លេ ក្នុង​ខេត្តកំពង់ធំ នាពេល​ខាងមុខនេះ​៕/V​