ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ លោកស្រី ទត គឹម​សុភា​រិន្ទ អភិបាលរង​ស្រុក​កំពង់ស្វាយ បាន​អញ្ជើញ​ប្រកាស​សុពលភាព មេឃុំ ជំទប់ និង​ក្រុមប្រឹក្សាឃុំ អាណត្តិ​ទី​៥ របស់​ឃុំ​ព្រៃ​គុយ ដែល​ប្រព្រឹត្តទៅ​សាលាឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២​។​

​ជាមួយនេះ លោក ជឿន សុខុន មេឃុំ​ព្រៃ​គុយ ត្រូវបាន​ប្រកាស​ជា​មេឃុំ ឡើង​រាយ​កាណ៍​ពី​ផែនការអភិវឌ្ឍន៍ រយៈពេល ៥ ឆ្នាំ និង​បាន​ប្តេជ្ញាចិត្ត​ពង្រឹងពង្រីក​សមិទ្ធផល​ការងារ​ថ្មីៗ បន្ថែមទៀត ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។ លើកកម្ពស់​ការផ្តល់សេវា សាធារណៈ ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព ការជឿទុកចិត្ត និង​ឆាប់រហ័ស សមភាព​យេនឌ័រ​។ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម នៅក្នុង​មូលដ្ឋាន ដើម្បីឱ្យ​បងប្អូន ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ ប្រកបដោយ​សុវត្ថិភាព​។​

​ថ្លែង​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោកស្រី បាន​ជំរុញ​ដល់​រដ្ឋបាល​ឃុំ ត្រូវ​រក្សា សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ផ្តល់​សេវា ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព និង​ឆាប់រហ័ស​។​

​លោកស្រី ក៏បាន​បន្ថែមថាៈ រដ្ឋបាល​ឃុំ ត្រូវបង្កើត​បទបញ្ជាផ្ទៃក្នុង​របស់ខ្លួន ការអនុវត្ត​ការងារ ប្រកបដោយ​គណនេយ្យភាព ព្រមទាំង​មាន​ឥរិយាបទ​សមរម្យ មិន​រើសអើង និន្នាការ​នយោបាយ ត្រូវធ្វើ​អ្វីៗ ទៅតាម​ការណែនាំ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ដែល​រាជរដ្ឋាភិបាល បានដាក់​ជូន ជាពិសេស គឺ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ទាំងមូល​។​

​លើសពីនេះ លោកស្រី អភិបាលរង​ស្រុក បាន​សង្កត់ធ្ងន់ថាៈ សាមគ្គីភាព​ផ្ទៃក្នុង​នេះ ពិតជា​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន ក្នុងនាម​យើង​មាន​ឈាមជ័រ​ខ្មែរ​តែមួយ ត្រូវ​សហការគ្នា ដើម្បី​បន្ត​កិច្ច​ការដែល​រដ្ឋបាល​ឃុំ​ចាស់​ដែល​នៅ​សេសសល់ ហើយ​ត្រូវ​នាំគ្នា​បន្ត​អភិវឌ្ឍន៍ មូលដ្ឋាន​របស់ខ្លួន បានល្អ​ប្រសើរឡើង​។​

​ប្រសាសន៍​ជា​ចុងក្រោយ​របស់លោក​ស្រី អភិបាលរង​ស្រុក បាន​ជំរុញ​ដល់​លោក​មេឃុំ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​មកពី​គណបក្ស​ផ្សេងៗ​គ្នា ត្រូវខិតខំ​សាមគ្គី សហការ ធ្វើការ​ជាមួយគ្នា ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ សង្កាត់​របស់ខ្លួន ដោយ​មិន​ត្រូវមាន​ការរើសអើង បែងចែក​ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ ឡើយ​។ មេត្តា​យកចិត្តទុកដាក់ អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​គោលនយោបាយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់ រាជរដ្ឋាភិបាល បំពេញការងារ​ចំពោះមុខ​៕/V​