ដោយៈ​សុផល​/ភ្នំពេញ​៖លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​មានប្រសាសន៍ថា​៖​តម្រូវការ​ឈាម ប្រចាំថ្ងៃ​ត្រូវការជាង​២៥០ ទៅ ៣០០ ប្លោក​នៅ​រាជធានី​ភ្នំពេញ​។ តម្រូវការ​ទូទាំងប្រទេស​មាន ប្រមាណ​ជិត​១០ ម៉ឺន​ប្លោក ដែល​លើសពី​ឆ្នាំមុនៗ​ជិត​២០% ហើយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​គ្របដណ្តប់​ជាង​៧០%​នៃ​ការផ្គត់ផ្គង់​ឈាម​ទូទាំងប្រទេស​។

​ចំណែក​ការទទួល​ឈាម​តាម រយៈ​សប្បុរសជន​ដោយ​មិន​គិត​កម្រៃ​និង​ដោយ​ស្ម័គ្រចិត្ត​ឆ្លើយតបបាន​ប្រហែល ១០%​នៃ​តម្រូវការ​ក្នុងប្រទេស​យើង​តែប៉ុណ្ណោះ ក្នុង​ខណៈ​ដែល​ប្រទេសជិតខាង ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ ចិត្ត​អាច​ផ្គត់ផ្គង់​រហូតដល់​លើសពី​៩០%​នៃ​តម្រូវការ នេះ​បើ​យោងតាម​ទិន្នន័យ​របស់ អង្គការ​សុខ ភាព​ពិភពលោក​។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្តថា​៖​ក្រោយ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​បាន​ធូរស្រាល​សកម្មភាព​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​របស់​ក្រសួង​ស្ថាប័ន​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​បាន​ចាប់​ផ្តើម​ផុលផុស​បណ្តើរៗ​ឡើងវិញ​ហើយ ។​ប៉ុន្តែ​នៅ​មិនទាន់​មានការ​ផុលផុស​ដូច​ឆ្នាំ​២០១៩​ដែល​មិនមាន​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩​នោះទេ​។

​​នៅក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្រោម​ប្រធានបទ​“​សាមគ្គីភាព​នៃ​វីរជន​បរិច្ចាគ​ឈាម​”​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន​វី​តា​ល់​និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០៧​ខែកក្កដា​នេះ​លោក​វេជ្ជបណ្ឌិត​បាន​ឱ្យដឹងទៀតថា៖​ប្រជាពលរដ្ឋ​យើង​ទើបតែ​ចាក​ចេញពី​ការភ័យខ្លាច​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​ដូច្នេះ​ប្រជា​ពលរដ្ឋ​មិនទាន់​ចូលរួម​បរិ​ច្ឆា​គ​ឈាម​ឱ្យបាន​ផុលផុស​ដូច​មុន​កូ​វីដ​ទេ​ម្យ៉ាងទៀត​រាជរដ្ឋាភិបាល​នៅតែ​អនុវត្ត​នូវ​វិធានការ​៣​កុំ​និង​៣​ការពារ​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​ដដែល​។

​យ៉ាងណាក៏ដោយ​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បាន​បន្ថែមថា នៅក្នុង​សប្តាហ៍​នេះ​សកម្មភាព​ការចូលរួម​បរិ​ច្ឆា​គ​ឈាម​ពី​សំណាក់​បុគ្គលិក យុវជន​នៅតាម​ស្ថាប័ន​វិទ្យាស្ថាន​និង​ក្រុមហ៊ុន​នានា​មានការ​ផុលផុស​ច្រើន​។​លោក​បាន​បញ្ជាក់ថា​ជាក់ស្តែង​ម្សិលមិញ​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​នៅ​កាកបាទក្រហមកម្ពុជា​ហើយ​នៅ​ថ្ងៃ​៧​កក្កដា​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​និង​ក្រុមហ៊ុន​វី​តា​ល់​បានរៀបចំ​មហា​ព្រឹត្តិការណ៍​បរិច្ចាក​ឈាម​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ក្រោយ​ខកខាន​ដោយ​កូ​វីដ​១៩​ដោយមាន​ការចូលរួម​ពី​និស្សិត​​និង​បុគ្គលិក​ក្រុមហ៊ុន​រាប់​រាយ​នាក់​។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ទៀតថា ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បំផុស​ចលនា​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដើម្បី​ចូលរួមចំណែក​បំពេញតម្រូវកា​រ​ស្តុក​ឈាម​ដល់​អ្នកជំងឺ​ដែល​កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់​នៅតាម​មន្ទីរពេទ្យ​នានា និង​ស្រប​ជាមួយ​ចំនួន​អ្នកបរិច្ចាគឈាម​មានកា​រ​ធ្លាក់ចុះ និង​តម្រូវការ​ឈាម​កើន​ឡើងជា​លំដាប់ ។​

​លោក​វេជ្ជបណ្ឌិត បានឱ្យដឹង​ទៀតថា ការបន្ត​រួមសហការ​ជាមួយ វី​តា​ល់ និង​ពង្រីក​ដៃគូ​ថ្មី​មួយទៀត​គឺ​​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេស​កម្ពុជា​នឹងចូលរួម​ក្នុងការ​លើកកម្ពស់​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ព្រមជាមួយ​គោលបំណង​ធានាបាន​នូវ​ការផ្គត់ផ្គង់​ឈាម​ដោយ​សុវត្ថិភាព​ក្នុង​បរិមាណ​គ្រប់គ្រាន់​ទាន់ពេលវេលា​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ និង​អ្នកជំងឺ​ទាំងអស់ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ និង​ក្នុងពេល​បន្ទាន់​បំផុត ។​

​លោកស្រី ជឹ​ង សុគន្ធា​វី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​សម្តែង​នូវ​ការ​អំណរគុណ ជូន​ចំពោះ ថ្នាក់ដឹកនាំ និង​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេ​ស​​កម្ពុជា ដែល​បាន​ចូលរួម​ជា​ដៃគូ​សហការ​រៀបចំ​ព្រឹត្តិការណ៍ សម្រាប់​ឆ្នាំនេះ និង​ចូលរួម​គាំទ្រ​គ្រប់​សកម្មភាព​របស់​វី​តា​ល់​ជា​ដរាប​។ លោកស្រី​បាន​បន្ថែមថា ទោះបីជា​កម្មវិធី​នេះ​​ត្រូវបាន​ធ្វើឡើង​ក្នុងខណៈដែល​ស្ថានភាព​ក្នុងស្រុក សហគម​ក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​កំពុងមាន​ចរន្ត​នៃ​ការវិល​ត្រលប់​មកវិញ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្តី​, វី​តា​ល់ និង វិទ្យាស្ថានNPICបានធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការរៀបចំ​ឲ្យ​មាន​ឡើងវិញនូវ​ការបរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត​របស់​ថ្នាក់​ដឹក​នាំ​​មន្ត្រីរាជការ​-​បុគ្គលិក និង​សប្បុរសជន តាម​គន្លង​ប្រក្រតីភាព​ថ្មី ។​

​លោក មួង ផាស៊ី នាយករង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុ​ជាមាន​ប្រសាសន៍ថា នេះ​ជា​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​ទ្រង់ទ្រាយ​ធំ​លើក​ទី​១ ដែល​វិទ្យាស្ថាន​បានរៀបចំ​សហការ​ជាមួយ​វី​តា​ល់​។​លោក​បាន​បន្តថា​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ដោយ​មើលឃើញ​ពី​តម្រូវការ​ស្តុក​ឈាមមាន​ការកើនឡើង​ជា​លំដាប់​គួបផ្សំ​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង​គឺ​វី​តា​ល់​ផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍​នេះ​វិទ្យាស្ថាន​បានធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការចូល​រួមសហកា​រ​រៀបចំ​ផ្សព្វផ្សាយ និង​ប្រមែ​ល​ប្រមូល​សាស្ត្រាចារ្យ និង​និស្សិត​ចូលរួម​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត​ជាមួយ​បុព្វហេតុ​រួម​៕Ph