ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្នុងឱកាសពិធីបុណ្យជាតិ និងបុណ្យសាសនាធំៗ ក្នុងឆ្នាំ២០២២ រួមមាន បុណ្យចូលឆ្នាំខ្មែរ បុណ្យ៧មករា និងបុណ្យវិសាខបូជា ទណ្ឌិតចំនួន ៥៩ នាក់ ជាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទាន តាមសំណើរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស ពី ៣ខែ ៦ខែ និង ៩ខែ និងដោះលែងស្ត្រី ១នាក់ ឬឱ្យផុតកំណត់ទោស ។
ក្នុងពិធីប្រកាសព្រះរាជក្រឹត្យនោះ នាល្ងាចថ្ងៃទី៦ កក្កដា ២០២២ នៅសាលប្រជុំពន្ធនាគារ ខេត្តបន្ទាយមានជ័យ មានលោក គឹង វណ្ណៈ អភិបាលរងខេត្ត លោក ប៉ង់ ចាន់សុទ្ធារា ព្រះរាជអាជ្ញារង លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ អ៊ុង សុីផាន បានមានប្រសាសន៍ ក្នុងពិធីប្រកាស ព្រះរាជក្រឹត្យនោះ នារសៀលថ្ងៃទី៦ កក្កដា ២០២២ នៅសាលប្រជុំពន្ធនាគារខេត្តថា : បច្ចុប្បន្ន ក្នុងពន្ធគារ ខេត្តបន្ទាយមានជ័យ មានមន្ត្រីពន្ធនាគារ ចំនួន ១១៦ នាក់ / ស្រី ២០ នាក់ ។ មានជនជាប់ឃុំជាក់ស្តែង សរុបមានចំនួន ១.៧០១ នាក់ / ស្រី ១១៧ នាក់ លើជនជាប់ឃុំ សរុប ១.៧១៨ នាក់ / ស្រី ១២៤ នាក់ ក្នុងនោះមានជនជាប់ឃុំ ដែលទៅសម្រាកព្យបាលជំងឺ ហើយគេចខ្លួន និងផ្ញើនៅពន្ធនាគារដទៃ។ក្នុងនោះ ជនជាប់ឃុំ ព្រោះបទល្មើសគ្រឿងញៀន មាន ៨២០ នាក់ ឬច្រើនលើសលប់ និងជនបរទេស ចំនួន ៦៤ នាក់ / ស្រី ១២ នាក់ ។
ក្នុងចំណោមទណ្ឌិត ចំនួន ៥៩ នាក់នោះ មានជនជាប់ឃុំ ដែលត្រូវបន្ធូរបន្ថយទោស ពី ៣ខែ មានចំនួន ៤៤នាក់ / ស្រី៥នាក់ ។ ពី៦ខែ មានចំនួន ១១នាក់ ។ ៩ខែ មានចំនួន៤នាក់ ក្នុងនោះ មានការដោះលែង ១នាក់ (ស្រី) ផុតកំណត់ទោស ។
លោក ប៉ង់ ចាន់សុទ្ធារា ព្រះរាជអាជ្ញារង និងអយ្យការអមសាលាដំបូងខេត្ត និងលោក គឹង វណ្ណៈ អភិបាលរងខេត្ត បានចាប់អារម្មណ៍ថាៈ ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ នៃពន្ធនាគារ ខេត្តបន្ទាយមានជ័យ បានអនុវត្តនូវតួនាទីភារកិច្ច របស់ខ្លួន បានល្អប្រសើរ ដូចជាលើការអប់រំ កែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ការងារកសិកម្ម សិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
លោកបានបន្តថាៈ ក្រៅពីនេះ អង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នង ដែលគ្រប់គ្រងដោយ អង្គភាពផ្ទាល់ និងមានផ្នែកសុខាភិបាល ជាអ្នកទទួលខុសត្រូវផងដែរ។ ហេតុនេះ អង្គភាព ត្រូវតែបានយកចិត្តទុកដាក់ លើគោលនយោបាយកំណែទម្រង់ពន្ធនាគារ គឺការអប់រំកែប្រែ និងស្ដារនីតិសម្បទា សុខុមាលភាព ដល់ជនជាប់ឃុំ ដែលមានអប់រំផ្លូវចិត្ត រៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ជំនាញ ។ ត្រូវយកចិត្តទុកដាក់ធ្វើការបែងចែកចំណាត់ថ្នាក់សន្តិសុខ ដែលជាមូលដ្ឋាន សម្រាប់ស្មើសុំបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិត ស្របតាមនីតិវិធីច្បាប់។
លោកក៏កោតសរសើរដល់អង្គភាពនេះ ដែលបានយកចិត្តទុកដាក់ បណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់ទណ្ឌិត មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិចត្រួនិក រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម ក្នុងនោះ ជនជាប់ឃុំ ត្រូវបានបន្ធូរបន្ថយ ទោស លើកលែងទោស ក្នុង១ឆ្នាំ មានចំនួន ៣ លើក។ លោកក៏បានផ្តាំផ្ញើឱ្យបងប្អូន ជាអ្នកធ្លាប់ជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រសជាតិ ក្លិនគុក ហើយចេញមកវិញ ត្រូវមានឥស្សរភាព ហើយសូមកុំវិលមកជាថ្មី។ ពោលគឺ ត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ រស់នៅមានសេរីភាព សេចក្តីថ្លៃថ្នូរ ក្នុងសង្គមគ្រួសារ និងសង្គមជាតិ ៕/V