ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ សមិទ្ធផល​នានា​ជាច្រើន ក្នុង​បរិវេណ​វត្ត​រត្ត​នៈ សុខសាន្ត ” អូរ​ខៃ​ដន ” ស្ថិតនៅ​ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមមាន កុដិ ដងទង់ ថ្នល់​បេតុង របង​វត្ត ព្រមទាំង​ផ្លូវ​ក្រាល​ក្រួស​ក្រហម ប្រវែង ៥០០ ម៉ែត្រ ត្រូវបានធ្វើ ពិធីបុណ្យ​ឆ្លង​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និង​ជា​អគ្គ​មេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ កាលពី​ដើមឡើយ នៅ​តំបន់​ក្បែរ​វត្ត​អូរ​ខៃ​ដន​នេះ គឺជា​តំបន់​សង្គ្រាម​បង្ហូរឈាម រវាង​ខ្មែរ និង​ខ្មែរ ដោយសារ​មាន ការបែកបាក់ ខ្វះ​ភាព​សាមគ្គី តែ​បច្ចុប្បន្ននេះ ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្ដេច​តេ​ជោ តំបន់​នេះ ក្លាយជា​តំបន់​អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ មិន​ថា​ពុទ្ធចក្រ ឬ​អាណាចក្រ​។​ដូច​យើង​មើលឃើញ​ស្រាប់ នូវ​សមិទ្ធផល​នានា ដែល​កំពុង​ធ្វើ​ពិធីបុណ្យ​ឆ្លង​ក៏ដូចជា សមិទ្ធផល ដែល​កំពុង​សាងសង់​។

​ថ្លែង​ក្នុង​ពិធីបុណ្យ​ឆ្លង​សមិទ្ធផល​ផ្សេងៗ នាឱកាស​នេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្ដេច​ទាំងពីរ តែងតែ​នឹករលឹក​ខ្វាយខ្វល់​ពី​សុខ ទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ ។ ជាពិសេស​សម្ដេច តែងតែ​ព្រួយបារម្ភ​ពី បញ្ហា​សុខុមាលភាព នៃ​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​រយៈពេល​កន្លងមក បានសម្លាប់​មនុស្សជាតិ​ខ្មែរ យើង ទូទាំងប្រទេស ប្រមាណ​ជាង ៣.០០០ នាក់ តែ​នៅ​បច្ចុប្បន្ននេះ កម្ពុជា​បាន​ធូរស្រាល​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ ដោយសារ​ប្រជាពលរដ្ឋ​យើង បាន​ចាក់​វ៉ាក់សាំង​ការពារ​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ សំដែង​នូវ​ការកោតសរសើរ និង​អរគុណ អរ​ព្រះ​គុណ ចំពោះ​ព្រះ​តេជគុណ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី សប្បុរសជន​ទាំងអស់ រួម​សាមគ្គី​គ្នា ផ្ដើម​កសាងបាន​រួចរាល់ នូវ​សមិទ្ធផល​ជាច្រើន ក្នុង​បរិវេណ​វត្ត​អូរ​ខៃ​ដន​នេះ សម្រាប់​ព្រះសង្ឃ បាន​ប្រើប្រាស់ និង​ជា​កន្លែង​គោរពបូជា ជាទី​សក្ការៈ ហើយក៏​ជា​ចំណែក​បុណ្យ​ដ៏​ធំ មិនអាច​កាត់ថ្លៃ​បាន​។​

​ជា​ចុងក្រោយ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺឆ្លង​កូ​វីដ ១៩ ឱ្យបាន​គ្រប់​ដូ​ស ចាប់ពី​អាយុ ៣ ឆ្នាំ​ឡើងទៅ ព្រោះថា កូ​វីដ ១៩ នៅ​មិនទាន់​ផុតរលត់ ទៅណា​ឆ្ងាយ​ពី​យើង​នៅឡើយ​៕/V