ដោយៈ បូកគោ / កំពត: បួនអាណត្តិកន្លងផុតទៅ រដ្ឋបាលសង្កាត់ព្រែកត្នោត ក្រុងបូកគោ សម្រេចបាននូវ លទ្ធផលការងារ សំខាន់ៗជាច្រើន ពិសេសការបម្រើសេវា ជូនប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរ។ បន្ថែមលើនោះ ផ្លែផ្កានៃកិច្ចអភិវឌ្ឍមូលដ្ឋាន បានធ្វើឱ្យសង្កាត់នេះ ប្រែមុខមាត់ថ្មី ជាមួយតំបន់ឧស្សាហកម្មធំៗ សម្រាប់ជាមុខមាត់របស់ខេត្តកំពត។ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ ឱ្យកាន់តែល្អថែមទៀត ថ្នាក់ដឹកនាំ នៃរដ្ឋបាលសង្កាត់ព្រែកត្នោត បានប្តេជ្ញានឹងខិតខំបំពេញចំណុចខ្វះខាតនានា ដែលនៅសេសសល់។
ក្រោយពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្តិតទី៥ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត បានបញ្ជាក់ថាៈ ប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កាត់ព្រែកត្នោត មានការរីកចម្រើន គួរឱ្យកត់សម្គាល់ ពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវ ទឹក ភ្លើង ដែលអាចឆ្លើយតបបាន តាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯការបម្រើសេវា សាធារណៈ និងសេវារដ្ឋបាលផ្សេងៗ ក៏មានដំណើរការល្អ ខណៈដែលការអភិវឌ្ឍ ក្នុងមូលដ្ឋាន មានការចូលរួម ពីវិស័យឯកជនច្រើន។
លោកចៅសង្កាត់ បានបន្តថាៈ ផ្តើមចេញពីការយកចិត្តទុក ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋបានល្អ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន បានឆាប់រហ័ស ធ្វើឱ្យប្រជាពលរដ្ឋ ផ្តល់ការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈការបោះឆ្នោត ជូនក្រុមប្រឹក្សាសង្កាត់ អាណត្តិមុន បានដឹកនាំមូលដ្ឋានបន្តទៀត។
លោក គង់ ប៊ុនរា បានបញ្ជាក់ថាៈ ឆ្លងតាមបទពិសោធជាក់ស្តែង ឃើញថា រដ្ឋបាលសង្កាត់ ព្រែកត្នោត ក៏នៅមានចំណុចខ្សោយមួយចំនួន ទាំងការងារបម្រើសេវា និងការងារអភិវឌ្ឍន៍ នានា។ ម្ល៉ោះហើយ ក្នុងអាណត្តិថ្មីនេះ រដ្ឋបាលសង្កាត់ នឹងខិតខំលុបបំបាត់រាល់ចំណុច ខ្វះខាតទាំងនោះ ដើម្បីបំពេញបំណងប្រជាពលរដ្ឋ ព្រមទាំងបង្កើនកិច្ចអភិវឌ្ឍមូលដ្ឋាន បន្ថែមទៀត។
សូមបញ្ជាក់ថា សង្កាត់ព្រែកត្នោត ចំណុះក្រុងបូកគោ មានភូមិសាស្ត្រអំណោយផលល្អ ដោយមានផ្លូវដែក ផ្លូវគោក និងមានផ្លូវទឹក ដែលបង្កភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញ សព្វសារពើ។ សង្កាត់នេះ មានតំបន់ទេសចរណ៍ជាច្រើន ដូចជារមណីយដ្ឋានទេសចរណ៍ ធម្មជាតិ ត្រពាំងរពៅ រមណីយដ្ឋានធម្មជាតិអន្លង់ធំ និងមណ្ឌលរីស៊ត មួយចំនួនទៀត៕/V