ដោយៈវ៉ៃកូ / ស្វាយរៀង: លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានកិត្តិយស សមាគមនារីខេត្ត និងប្រតិភូវៀតណាម ដឹកនាំដោយលោកស្រី ផាន ធិធ្វីវឹន ប្រធានសមាគមសហព័ន្ធនារីខេត្តតៃនិញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ បានប្រារព្ធពិធីទទួល និងរៀបចំកម្មវិធី ស្តីពីចំណងមេត្រីភាព ជួយឧបត្ថម្ភស្ត្រី និងកុមារ មានជីវភាពខ្វះខាត ចំនួន ៤០០ គ្រួសារ ក្នុងខេត្តស្វាយរៀង ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៥៥ ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម ។
លោកស្រី ពៅ សុភាព ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានមានប្រសាសន៍ថាៈ ថ្ងៃនេះ គណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ ខេត្តស្វាយរៀង បានទទួល និងរៀបចំកម្មវិធី ស្តីពីចំណងមេត្រីភាព ជួយឧបត្ថម្ភដល់ស្ត្រី និង កុមារមានជីវភាពខ្វះខាត ក្នុងខេត្តស្វាយរៀង ចំនួន ៤០០ គ្រួសារ ក្នុងស្រុកស្វាយទាប ១៥០ គ្រួសារ ស្រុករំដួល ១៥០ គ្រួសារ និងស្រុករមាសហែក ១០០ គ្រួសារ និងត្រៀមផែនការ រៀបចំពិធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិការ រវាងសមាគមសហព័ន្ធនារីខេត្តតៃនិញ ប្រទេសវៀតណាម និងសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តស្វាយរៀង ។
នៅក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស គណៈកម្មាធិការប្រជាជនខេត្តតៃនិញ សមាគមសហព័ន្ធនារីខេត្ត និងបងប្អូនប្រជាជនវៀតណាម ដែលជានិច្ចកាល តែងតែជួយ ឧបត្ថម្ភគាំទ្រ ដល់ប្រជាជនកម្ពុជា តាំងពីដើមរៀងមក ក្នុងន័យជាអ្នកជិតខាងល្អរបស់កម្ពុជា ជាក់ស្តែងថ្ងៃនេះ គណៈប្រតិភូរបស់សមាគមសហព័ន្ធនារីខេត្ត បាននាំយកអំណោយ មនុស្សធម៌ ជាគ្រឿងបរិភោគ ចំនួន ៤០០ កញ្ចប់ ដើម្បីចែកជូនដល់ស្ត្រី និងកុមារមាន ជីវភាពខ្វះខាត ក្នុងស្រុក ៣ នៃខេត្តស្វាយរៀង ដែលជាខេត្តជាប់ព្រំដែន ។
លោកស្រី បានបន្តទៀតថាៈ ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងទៅនេះ ការរីករាលដាល នៃជំងឺកូវីដ-១៩ បានប៉ះពាល់ យ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ ដោយឡែក នៅកម្ពុជា ក៍មិនខុសពីប្រទេសនានា លើពិភពលោកដែរ ភាពបាត់បង់ការងាររបស់ស្ត្រី ការមិនបានចូលរៀនរបស់កុមារ គឺជាបញ្ហាយ៉ាងស្រួចស្រាលបំផុតរបស់ពួកគេ ។
លោកស្រី ដួង វណ្ណា បានបញ្ជាក់ទៀតថាៈ កម្ពុជាបានធូរស្រាលពីជំងឺកូវីដ-១៩ ដោយសារ ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូន ប្រជាជនកម្ពុជា ដែលមកដល់ពេលនេះ ជិត ២ ខែហើយ ដែលប្រទេសយើង ពុំមានការឆ្លងថ្មី ច្រើន ដូចពីមុន ។ តែទោះជាយ៉ាងនេះក្តី ការស្តារឡើងវិញ នៃសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិ កូវីដ-១៩ នៅតែជា បញ្ហា សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ ក្នុងគ្រួសារស្ត្រីមេម៉ាយ ខ្វះកម្លាំងពលកម្ម ពិការ ចាស់ជរា កុមារកំព្រា ទាំងនេះទាមទារឲ្យ គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់គិតគូរ ដោះស្រាយបញ្ហាជីវភាព របស់បងប្អូននារី និងកុមារនៅកម្ពុជា៕/V