​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​: គិត​ចាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឲ្យ​មានការ​ប្រមូល​ពន្ធអាក​រលើ​រថយន្ត​គ្មាន​ពន្ធ ជ្រក​ក្រោម​ផ្លាកលេខ​ផ្សេងៗ និង​តម្រូវ​ឲ្យ​រថយន្ត​ចង្កូត​ស្តាំ​កែ​ទៅ​ឆ្វេង ពី​ដើមខែ​កញ្ញា ឆ្នាំ​២០២១ រហូត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​នេះ ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចំនួន​សរុប ៧៦,៣៣​លាន​ដុល្លារ​អាម៉េរិក​។​

​លោក​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា​ថា គិត​ត្រឹម​បំណាច​ខែមិថុនា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន បានទទួល​ប្រាក់​បង់ពន្ធ​ពន្ធអាករ និង​កក់​ប្រាក់​សម្រាប់​រថយន្ត​ចង្កូត​ស្តាំ​ទៅ​ចង្កូត​ឆ្វេង សុ​រប​ចំនួន ៩.៧៥៣​គ្រឿង​។ ក្នុងនោះ រថយន្ត​ចង្កូត​ឆ្វេង​នាំចូល​អត់​បង់ពន្ធ​មាន​ចំនួន ២.៧១៣​គ្រឿង ដែល​បាន​បង់​ពន្ធអាករ​ប្រមាណ ៣៥​លាន​ដុល្លារ​។​ដោយឡែក រថយន្ត​ចង្កូត​ស្តាំ​កក់​ប្រាក់​សម្រាប់​កែ​ចង្កូត​ឆ្វេង មាន​ចំនួន​សរុប ៧.០៤០​គ្រឿង ដែលមាន​ទឹកប្រាក់ ៤១,៥៦​លាន​ដុល្លារ​។​


លោក​បាន​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ពេលនេះ ក្នុងចំណោម​រថយន្ត​សរុប​ចំនួន ៩.៧៥៣​គ្រឿង ដែល​តម្រូវ​ប្រកា​សបង់​ពន្ធអាករ និង​កែ​ចង្កូត​ពីស្តាំ​ទៅ​ឆ្វេង នៅសល់​ចំនួន ២.៥៤៧​គ្រឿង​។ ក្នុងនោះ រថយន្ត​ចង្កូត​ស្តាំ​ដែល​ចូលមក​កក់​ប្រាក់ មាន​ចំនួន ៧.០៤០​គ្រឿង ជា​ប្រភេទ​រថយន្ត​ចង្កូត​ស្តាំ​ចូលមក​កក់​ប្រាក់ ហើយ​ត្រូវ​កែ​ចង្កូត ទំហំ​ប្រាក់​កក់​ចំនួន ៤១,៥៦​លាន​ដុល្លារ ។ ចំណែក រថយន្ត​ចង្កូត​ឆ្វេង ដែល​ម្ចាស់​នាំ​ចូលមក​បង់ពន្ធ និង​អាករ មាន​ចំនួន ២.២១៣​គ្រឿង បាន​ប្រាក់​ពន្ធអាករ​ប្រមាណ​ជិត ៣៥​លាន​ដុល្លារ​។​

នៅក្នុង​អង្គពិធី​នេះ លោក​បណ្ឌិត បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ នៅតែមាន​ជនខិលខូច​មួយចំនួន ដែល​គេចវេស​ការបង់ពន្ធ និង​បន្លំ​នាំ​រថយន្ត​ចូល​ដោយ​ខុសច្បាប់ ទោះបីជា​យើង​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ក្នុងការ​កាត់បន្ថយ​យ៉ាងណាក៏ដោយ​។ លោក​បាន​បន្តថា “​ដូច​ដឹង​ហើយ​ថា ព្រំដែន​វា​ទូលាយ វា​វែង​អន្លាយ ជនខិលខូច​នៅតែមាន បើសិន​ថា​ឲ្យ​អស់ ១០០​ភាគរយ ប្រហែលជា​លំបាក តែ​យើង​ប្រឹងប្រែង​អនុវត្ត​តួនាទី​របស់​យើង​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​។ ដូច​ជម្រាបជូន​ខាងលើ បើ​ថា​ក្នុងប្រទេស​របស់​យើង កាត់បន្ថយ​ឲ្យ​បាន​ច្រើន​ភាគរយ នឹង​ទទួលយកបាន ហើយ​នឹងមាន​បរិយាកាស​មួយ​សម្រាប់ធ្វើ​ធុរកិច្ច​ល្អ ចំណូល​ជាតិ​ក៏បាន ប៉ុន្តែ​ការបន្លំ ការ​គេចវេស​ពន្ធ គឺជា​ភារកិច្ច​ត្រូវអនុវត្ត​បង្ក្រាប​រយៈពេល​យូរអង្វែង​តទៅទៀត ព្រោះ​ជនខិលខូច​នៅតែមាន​”​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ០៦ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​អត់​ពន្ធ ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស អាច​ចូល​បង់ពន្ធ​បាន​ដោយ​មិនចាំបាច់​ប្ដូរ​ចង្កូត​ពីស្តាំ​ទៅ​ឆ្វេង​នោះទេ​។ សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់ថា ការអនុញ្ញាត​ឲ្យ​រថយន្ត​ចង្កូត​ស្តាំ​ចូល​បង់ពន្ធ ដោយ​មិនបាច់​កែ​ចង្កូត​នេះ សម្រាប់តែ​រថយន្ត​កំពុង​មាន​វត្ត​មាននៅ​កម្ពុជា ត្រឹម​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ តែ​រថយន្ត​នាំចូល​ថ្មី មិន​អនុញ្ញាតឱ្យ​បង់ពន្ធ​នោះទេ គឺ​ចាប់យក​តែម្តង​៕​