ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចាប់ខ្លួនជនសង្ស័យ ពីរនាក់ តាមដីកាតុលាការ រួចបញ្ជូនមកការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ ក្នុងរឿងចាស់ កាលពី ខែមុន គឺពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្តាលឲ្យស្លាប់មួយនាក់។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានរំលឹកថាៈ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨និង៤០ នាទីព្រឹក ឈ្មោះ ជឹម នឿន ភេទប្រុស អាយុ ៦២ ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល អំពីករណីមានជនសង្ស័យ មួយក្រុម មានគ្នា ពីរនាក់ ឈ្មោះ លី ប៊ុនណារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ ឈូ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិជាមួយគ្នា មុខរបរ កម្មកររោងចក្រ បានយកដុំថ្ម ទៅគប់លើកូនប្រុសរបស់គាត់ បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចមុខរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ។
នៅក្នុងបណ្តឹង បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨យប់ កូនប្រុសរបស់គាត់ ឈ្មោះ ជឹម នុយ (ជនរងគ្រោះ) បានចេញពីផ្ទះពីរនាក់ពួកម៉ាករបស់គេ ទៅដើរលេង ។ លុះវេលាម៉ោង ៦ ព្រឹកឡើង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ប្រពន្ធរបស់គាត់ (ជឹម នឿន) បានដើរមកបើកទ្វារផ្ទះ ស្រាប់តែឃើញកូនប្រុសរបស់គាត់ បែកក្បាល ហើយគាត់ បានសួរទៅកូនថា ” មានរឿងអី បានបែកក្បាល ” ។ កូនរបស់គាត់ បានឆ្លើយថា ” ខ្ញុំអង្គុយលេងហូបអីជាមួយពួកម៉ាក នៅដីឡូតិ៍នៅរោងចក្រអូរនាង ត្រូវបានគេយកដុំថ្មគប់ មកចំបែកក្បាល ” ។ មកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០ នាទី ល្ងាច កូនប្រុសរបស់គាត់ ចាប់ផ្ដើមមានអាការ: ស្រែកថ្ងូរ រឹងថ្គាម និយាយមិនច្បាស់ ហើយបាននិយាយថាៈ ” ខ្ញុំពិបាកក្នុងខ្លួនណាស់ មើលទៅ ខ្ញុំមិនរស់ទេ” តែពេលនោះ ឪពុកម្ដាយ មិនទាន់បានយកកូនគាត់ មកពេទ្យទេ ហើយគាត់បានឱ្យកូនរបស់គាត់ ដេកក្បែរម្តាយ ។
មួយយប់ទល់ភ្លឺ កូនរបស់គាត់ បានដេកស្រែកថ្ងូររហូត ពេលដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៨ព្រឹក គាត់បាននាំកូនរបស់គាត់ ជិះម៉ូតូឌុប ទៅមន្ទីរពេទ្យបង្អែកដីថ្មី (មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត) តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក ក៏គ្រូពេទ្យ នៅទីនោះ បញ្ជួនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបូរី ។ ប៉ុន្តែលុះវេលាម៉ោង ៧និង៥០ នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កូនប្រុសរបស់គាត់ ឈ្មោះ ជឹម នុយ បានស្លាប់ ។
លោកវរសេនីយ៍ សៅ សារឿន បានបន្តថាៈ ជនសង្ស័យ ឈ្មោះ លី ប៊ុនណារ័ត្ន និងឈ្មោះ ឈូ ពៅ ត្រូវបានកំលាំងប៉ុស្តិ៍ផ្សារកណ្តាល ស្រាវជ្រាវឃាត់ខ្លួនបាន នៅវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២២ ។ ពោលគឺ បន្ទាប់ពីសកម្មភាព គប់ជនរងគ្រោះ កាលពីចុងខែមិថុនា កន្លងនោះមក ។
ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកខ្លួនពិតជាបានយកដុំថ្ម ទៅគប់លើ ឈ្មោះ ជឹម នុយ ពិតប្រាកដមែន ។ ពួកគេសោកស្តាយ ដ្បិតរឿងនេះ មកពីការឌឺដងពាក្សសំដីដាក់គ្នា បន្តិចបន្តួចប៉ុណ្ណោះ ៕/V