ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ផល​តបស្នង​នៃ​អំពើ​បុណ្យ​កុសល ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សាង គឺជា​ការទទួល​បានមក​វិញ​នូវ​ការគោរព​ស្រឡាញ់​ពេញចិត្ត​និង​ការបន្ត​ផ្តល់​ទំនុកចិត្ត​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដូចដែល​ស្តែងឡើង​តាមរយៈ​លទ្ធផល​ជោគជ័យ​ដ៏​លើសលប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​៥ ខែមិថុនាឆ្នាំ​២០២២​ថ្មីៗ​កន្លង ទៅនេះ​។​នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវសមិទ្ធផល​នានា ក្នុង​វត្ត​រតនៈ​សុខសាន្ត ហៅ​វត្ត​អូរ​ខៃ​ដន ស្ថិតក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា ក្រោយ​ឆ្នាំ​១៩៧៩ សម្តេច​តេ​ជោ ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ដោយ​ដៃ​ម្ខាង​ប្រឹង​ទប់ស្កាត់​សង្គ្រាម ជាពិសេស​ការវិល​មក​វិញ​នៃ​របប​ខ្មែរក្រហម និង​ដៃ​ម្ខាង​ទៀត​ប្រឹង​ស្តារ​កសាង​អភិវឌ្ឍ​ជាតិ​។​ដំបូល​នៃ​សន្តិភាព​ពិតជា​បានផ្តល់​ឱកាស​ឱ្យ​យើង​អាច​កសាង​ឡើងវិញ​នូវ​ទី​អារាម​ថ្មីៗ​បន្ថែមទៀត​ជំនួស​វត្ត​ចាស់ៗ​ដែល​ត្រូវបាន​បំផ្លាញចោល​អស់​ក្នុងកំឡុងពេល​សង្គ្រាម​បង្ហូរឈាម​។ ការរីកចម្រើន​លូតលាស់​នៃ​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​និង​មរតក​វប្បធម៌​ដែល បុព្វបុរស​បាន​បន្សល់​ទុក​គឺ​បាន​បម្រើ​ជា​ផលប្រយោជន៍​យ៉ាងច្រើន​លើសលប់​ដល់​ប្រជាពលរដ្ឋ​យើង​ជា​ពុទ្ធបរិស័ទ​ដែល​តែងតែមាន​ជំនឿ និង​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​។

​លោក​បាន​បន្តថា ការកសាង​សមិទ្ធផល​ក្នុង​ផ្នែក​ពុទ្ធចក្រ​ក៏​មិនមែន​ត្រឹមតែ​ផ្តល់​ផល​ក្នុង​មជ្ឈដ្ឋាន​ពុទ្ធចក្រ ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏បាន​រីកសាយ​ភាយ​ដល់​ពិភព​អាណាចក្រ​ផងដែរ​ជាពិសេស​ផល​នៃ​ការអប់រំ​ប្រៀនប្រដៅ​ផ្នែក​សីលធម៌ គុណធម៌ និង​មនុស្សធម៌ ដែលជា​ភាវៈ​នៃ​សេចក្តី​ល្អ​សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​។

​ពុទ្ធសាសនា​បាន​ចូលរួម​ជា​ចំណែក​មួយ​យ៉ាង​សំខាន់បំផុត​នៅក្នុង​ការបណ្តុះ​ផ្នត់គំនិត​និង​អប់រំ​បង្រៀន​ប្រៀនប្រដៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​វ័យ​គ្រប់​ស្រទាប់វណ្ណៈ​ជាពិសេស​សិស្សានុសិស្ស​ចាប់​តាំង​ក្មេង​តូចៗ​ឱ្យ​ស្គាល់​អំពី​ផល​នៃ​ការប្រព្រឹត្ត​អំពើ​ល្អ និង​តម្លៃ​នៃ​សីលធម៌​-​គុណធម៌​ក្នុង​ការរស់នៅ​ប្រាស្រ័យ​ទាក់ទង​នៅក្នុង​សង្គម​ប្រសើរ​ថ្លៃថ្នូរ ដូច​សុភាសិត​ពោលថា “​ដំ​ដែក​ទាន់​នៅ​ក្តៅ ប្រដៅ​មនុស្ស​ទាន់​នៅ​ក្មេង​”​។

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា អាណាចក្រ និង​ពុទ្ធចក្រ​ត្រូវ​ដើរ​ទន្ទឹមគ្នា​ដោយ​វិស័យ​អាណាចក្រ ផ្តល់នូវ​ឱកាស​អភិវឌ្ឍ​សមត្ថភាព​និង​លទ្ធភាព​ដល់​មនុស្សលោក​ជាមួយគ្នានេះ​វិស័យ​ពុទ្ធចក្រ​ផ្តល់នូវ​ការអប់រំ​ផ្នែក​ចិត្តគំនិត​ឱ្យមាន​សីលធម៌ គុណធម៌ និង​សេចក្តីថ្លៃថ្នូរ​។ ដូច្នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពង្រឹង​ផ្នែក​ទាំងពីរ ទន្ទឹមគ្នា​ដើម្បី​ឈានដល់​ការបញ្ចូល​ជា​កម្មវិធីសិក្សា​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដោយសារ​កត្តា​នេះ គឺជា​ចំណុចប្រសព្វ​និង​ខ្លឹមសារ​ស្នូល​រួម​នៃ​ការអប់រំ​ដែល​ផ្តល់​ផលប្រយោជន៍​រួម​ជូន​សង្គមជាតិ​តាមរយៈ​ការទទួលបាន​នូវ​ធនធានមនុស្ស​ជា​ពលរដ្ឋ​ប្រកបដោយ​សមត្ថភាព អត្តចរិត និង​វិន័យ​ល្អ​ថ្លៃថ្នូរ មានការ​គោរព​ចំពោះ​គ្នា ស្អប់ខ្ពើម​អំពើហិង្សា​និង​ចេះ​អត់អោន​យោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក​ដោយ​ទាំងអស់​នេះហើយ​គឺជា​មូលដ្ឋាន​នៃ​សន្តិភាព និង​ភាព​សុដុមរ​មនា​ក្នុងសង្គម​រស់នៅ​ប្រកបដោយ​អារ្យធម៌​៕​