ដោយៈមុនីរ័ត្ន / ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្ស នយោបាយ បង្កើតនៅក្រសួងមហាផ្ទៃ តាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្តីពីគណបក្ស នយោបាយ។ នេះបើយោងតាមប្រកាស ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ដែលរស្មីកម្ពុជា ទទួទលបាន។
អគ្គនាយករង និងជាប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ លោក ឈឹម កាន បានបញ្ជាក់ប្រាប់រស្មីកម្ពុជា នៅរសៀលថ្ងៃទី៧ ខែកក្កដានេះថាៈ “ នៅក្រោយ ពេលបង្កើតគណបក្សនយោបាយ ត្រូវបានកំណត់រយៈពេលយ៉ាងយូរ ១៨០ថ្ងៃ ដើម្បីរៀបចំបែបបទសំណុំលិខិតសុំចុះបញ្ជី។ ដូច្នេះ ការលុបឈ្មោះ គណបក្សអនាគតជាតិ គឺអនុវត្តតាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ”។
មាត្រា ១៩ថ្មី ៖ ក្នុងរយៈពេលយ៉ាងយូរ ១៨០ថ្ងៃ បន្ទាប់ពីគណបក្សនយោបាយ ត្រូវបានបង្កើតឡើង ស្របតាមមាត្រា ៩ នៃច្បាប់នេះ គណបក្សនយោបាយនោះ ត្រូវស្នើសុំចុះបញ្ជី នៅក្រសួងមហាផ្ទៃ ដើម្បីទទួលបានសុពលភាព និងជាធ្វើសកម្មភាព បានដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល ដោយត្រូវបានសមាជិកយ៉ាងតិច ៤.០០០ នាក់ និងត្រូវបំពេញបែបបទ និងលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ២០ នៃច្បាប់នេះ។
សូមជម្រាបថា លោក ឃីម ឡាគី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងបានដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មី ដែលមានឈ្មោះ “គណបក្សអនាគតជាតិ” ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យបង្កើតគណបក្សអនាគតជាតិ៕/V