ដោយ​:​ពៅ​និមល​/​ភ្នំពេញ​: លោក​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹងថា គិត​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២២ បាន​ប្រមូល​ចំណូល​ពន្ធ និង​អាករ​សរុប​ចំនួន ១.២៩៣​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង​ជាង ៥០​ភាគរយ នៃ​ផែនការ​ច្បាប់​ថវិកាជាតិ​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​ការប្រមូល​ពន្ធ​លើ​យានយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល​ដែលមាន​ស្រាប់​ក្នុងប្រទេស កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅ លោក​បណ្ឌិត គុណ ញឹម បាន​មានប្រសាសន៍ថា បន្ទាប់ពី​កម្ពុជា​សម្រេច​បើក​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សង្គមកិច្ច​ឡើងវិញ ធ្វើ​ឲ្យ​ការលក់ដូរ​អាជីវកម្ម និង​កម្មវិធី​ផ្សេងៗ​ក៏​រស់​រវើក​ឡើងវិញ ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ក៏មាន​ការកើនឡើង​ដូចគ្នា ដែល​ធ្វើ​ឲ្យ​ការប្រមូល​ចំណូល​ពន្ធ និង​អាករ​បាន​គ្រប់​ផែនការ​។

​លោក​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ចំណូល​ពី​ការនាំ​ចូល​ពី​ពាណិជ្ជកម្ម​អន្តរជាតិ គឺមាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ នៅពេលដែល​កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ ដោយសារ​កត្តា​គន្លឹះ​សំខាន់​មួយ​ជាងគេ គឺ​គោលនយោបាយ ឬ​យុទ្ធនាការ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការចាក់​ស្រោច​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​មាន​ភាពស៊ាំ​ក្នុង​សហគមន៍ ដែល​អាច​បើក​ដំណើរការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​សង្គមកិច្ច​ឡើងវិញ​។ លោក​សង្ឃឹមថា ការប្រមូល​ចំណូល​នៅ​ឆ្នាំ​២០២២​នេះ នឹង​កើនឡើង ខណៈ​អគ្គនាយកដ្ឋាន​គយ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច រិះរក​ប្រភព​ចំណូល​។

​សូម​ជម្រាបជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​សម្រេច​ឲ្យ​មានការ​ប្រមូល​ពន្ធអាក​រលើ​រថយន្ត​គ្មាន​ពន្ធ ជ្រក​ក្រោម​ផ្លាកលេខ​ផ្សេងៗ និង​តម្រូវ​ឲ្យ​រថយន្ត​ចង្កូត​ស្តាំ​កែ​ទៅ​ឆ្វេង គិត​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២១ រហូត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ (១០​ខែ​) ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចំនួន​សរុប ៧៦,៣៣​លាន​ដុល្លារ​អាម៉េរិក​៕​