ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ប្រពន្ធរបស់លោកមេភូមិ បានចាប់ខ្សែភ្លើងដោយដៃសើម ដើម្បីដាំបាយនឹងឆ្នាំងអគ្គិសនី ក៏បង្កឱ្យឆក់ស្លាប់ នៅវេលាម៉ោង ៨និង៣០ នាទី ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
មន្ត្រីនរបាលព្រហ្មទ័ណ្ឌ នៃអធិការដ្ឋានស្រុកភ្នំស្រុក បានឲ្យដឹងថ្ងៃទី៧ ខែកក្កដានេះថាៈ ស្ត្រីរងគ្រោះ ឈ្មោះ ថាត់ ហួច អាយុ ៥៦ ឆ្នាំ ជាប្រពន្ធលោកមេភូមិបុស្បូវ រស់នៅភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាល បានបញ្ជាក់ថាៈ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ បានដាំបាយដោយឆ្នាំង អគ្គិសនី ហើយនៅពេលដោតខ្សែភ្លើងនឹងព្រីនោះ ទំនងជាដៃសើម ទើបឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ដួលផ្ងាក្រោយ បោកក្បាលនឹងកៅអីថ្ម បង្ករឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង តែម្ដង។
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី និងនគរបាលផ្នែកជំនាញ បានចុះពិនិត្យ និងបានធ្វើ កោសល្យវិច័យ នៅកន្លែងកើតហេតុ ដោយមានការចូលរួម ពីក្រុមប្រឹក្សាឃុំភ្នំដី ឃើញថា ស្ត្រីរងគ្រោះ ពិតជាស្លាប់ដោយឆក់ខ្សែភ្លើងមែន ។
សូមបញ្ជាក់ថា ប្រពន្ធលោកមេភូមិ បានស្លាប់ចំថ្ងៃដែលប្តី បានទៅចូលរួមក្នុងកម្មវិធីប្រកាស សុពលភាពមេឃុំ និងក្រុមប្រឹក្សាឃុំ ដូចខាងលើ៕/V