ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រាយការណ៍​ពី​ការស្លាប់​ថ្មី​ចំនួន​ពីរ​ដោយសារ​ជំងឺ​អុត​ស្វា ចាប់តាំងពី​ការធ្វើ​បច្ចុប្បន្នភាព​អំពី​ជំងឺ​នេះ​កាលពី​ថ្ងៃទី ២៧ ខែមិថុនា ដោយ​នាំ​ឱ្យ​ចំនួន​ស្លាប់​សរុប​កើនឡើង​ដល់​បី​នាក់​ចាប់តាំងពី​ដើមឆ្នាំ​នេះ​។​

​ស្ថាប័ន​សុខភាព​សកល​មួយ​នេះ​ក៏​បាន​និយាយ​ដែរ​ថា ជំងឺ​អុត​ស្វា​បាន​រីក​រាលដាល​ទៅ​កាន់​តំបន់​ថ្មីៗ​ជាច្រើន​។​

WHO បាន​និយាយថា ករណី​បាន​កើនឡើង ៧៧ ភាគរយ​ចាប់តាំងពី​របាយការណ៍​ចុង​ក្រោយ​ចំនួន ៦.០២៧ ករណី ដោយ​ភាគច្រើន​នៃ​ករណី​ឆ្លង​គឺ​រាយការណ៍​នៅក្នុង​តំបន់​អឺរ៉ុប​។​

​ទោះយ៉ាងណា របាយការណ៍​បានបង្ហាញ​ថា ការស្លាប់​ទាំងបី​ត្រូវបាន​រាយការណ៍​នៅ​ទ្វីប​អាហ្វ្រិក​។​

​ការ​ធ្វើ​បច្ចុប្បន្នភាព​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ជាង ៩៩ ភាគរយ​នៃ​ករណី​ឆ្លង​គឺ​ស្ថិត​ក្នុងចំណោម​បុរស​។​

​ការ​ធ្វើ​បច្ចុប្បន្នភាព​បង្ហាញថា “​ការ​ផ្ទុះ​ឡើង​ជា​បន្ត​នេះ​ជះ​ឥទ្ធិពល​ជា​ចម្បង​លើ​បុរស​ដែល​រួមភេទ​ជាមួយ​បុរស ដែល​បាន​រាយការណ៍​អំពី​ការ​រួមភេទ​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​ដៃគូ​បុរស​មួយ​ឬ​ច្រើន​ដោយ​នេះ​​បង្ហាញថា​មិន​មាន​សញ្ញា​នៃ​ការចម្លង​បន្ត​លើសពី​បណ្តាញ​ទាំងនេះ​សម្រាប់​ពេល​បច្ចុប្បន្ន​នោះទេ​”​។​

​អគ្គនាយក WHO បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា WHO ដែល​មាន​ស្នាក់ការ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ នឹង​កោះ​ប្រជុំ​គណៈកម្មាធិការ​មួយ​ដែល​នឹង​ផ្តល់​យោបល់​លើ​ការប្រកាស​ថា​ការផ្ទុះ​ជំងឺ​នេះ​ជា​គ្រាអាសន្ន​​ផ្នែក​សុខភាព​សកល ក្នុង​សប្តាហ៍​ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី ១៨ ខែកក្កដា ឬ ឆាប់​ជា​ង​នេះ​៕

​ជំងឺ​អុត​ស្វា​សម្លាប់​មនុស្ស​៣​នាក់​ហើយ​គិត​ចាប់តាំងពី​ដើមឆ្នាំ​មក​