ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ អន្តរជាតិ និង​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​អញ្ជើញ​ធ្វើជា​សហប្រធាន ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី (14th JCBC) កម្ពុជា និង​ឡាវ នៅ​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ អន្តរជាតិ(ខាងស្តាំ) និង​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​អញ្ជើញ​ធ្វើជា​សហប្រធាន ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី (14th JCBC) កម្ពុជា និង​ឡាវ នៅ​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ (រូបថតក្រសួងការបរទេស)

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២២​បាន ឱ្យដឹងថា នៅក្នុង​កិច្ចប្រជុំ JCBC លើក​ទី ១៤ លោក ប្រាក់ សុខុន និង​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត បាន​ពិនិត្យ មើល​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​កំណត់ហេតុ​នៃ​កិច្ចប្រជុំ JCBC លើក​ទី​១៣​ក៏ដូចជា​សេចក្តីសម្រេច នានា​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ដោយ​ផ្ទៀងផ្ទាត់​លើ​គ្រប់​ទិដ្ឋភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមមាន នយោបាយ​-​សន្តិសុខ សេដ្ឋកិច្ច សង្គម កិច្ចសហប្រតិបត្តិការ​អនុតំបន់ និង​តំបន់​ក៏ដូចជា​ការស្វែងរក វិស័យ​សក្តានុពល​សម្រាប់ កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត​។​

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ការលើកកម្ពស់​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ឡាវ ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង កាលពី​ឆ្នាំ ២០១៩ និង​បានលើកឡើង​ពី​លទ្ធផល​ដោយ​ជោគជ័យ​នៃ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​នាពេល​ថ្មីៗ​នេះ​រវាង​ប្រទេស​ទាំងពីរ​។​ភាគី​ទាំងពីរ​បានបញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ជាតិ និង​សុខុមាលភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​ដើម្បី​ដោះស្រាយ បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​សកលលោក​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នាពេល​បច្ចុប្បន្ន ជាពិសេស​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត និង​ការ​រួមគ្នា​លើកកម្ពស់​សន្តិភាព ស្ថិរភាព វិបុលភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង និង​ក្រៅ​សហគមន៍​អាស៊ាន​។​


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ អន្តរជាតិ(ខាងស្តាំ) និង​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​អញ្ជើញ​ធ្វើជា​សហប្រធាន ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី (14th JCBC) កម្ពុជា និង​ឡាវ នៅ​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ (រូបថតក្រសួងការបរទេស)

​សម្រាប់​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ ភាគី​ទាំងពីរ​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ការបញ្ចប់ «​សេចក្តីព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង ឆ្នាំ ២០២៣-២០២៧» រវាង​ប្រទេស​ទាំងពីរ ដែល​នឹងត្រូវ​ចុះហត្ថលេខា ក្នុងឱកាស​គម្រោង​ដំណើរ​ទស្សនកិច្ច របស់ សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស ឡាវ នា​ដើមឆ្នាំ​២០២៣ ខាងមុខនេះ​។ អង្គប្រជុំ​បាន​ឯកភាព​បន្ត​រក្សា​ដំណើរ ទស្សនកិច្ច និង​កិច្ចប្រជុំ​ជាប្រចាំ រវាង​ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន និង ទំនាក់ទំនង រវាង ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា ក៏ដូចជា​ដើម្បី​ពង្រឹង ទំនាក់ ទំនង​មិត្ត​ភាពជា​ប្រពៃណី​កម្ពុជា​-​ឡាវ​ផងដែរ ។​

​សម្រាប់​វិស័យ​ការពារជាតិ និង​សន្តិសុខ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា បង្កើន​ការត្រួតពិនិត្យ ព្រំដែន​នៅក្នុង​ដែនដី​រៀងៗ​ខ្លួន និង​ចាត់វិធានការ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ទប់ស្កាត់​នូវ​រាល់​បទល្មើស ព្រហ្មទណ្ឌ គ្រប់ ប្រភេទ តាមរយៈ​សកម្មភាព​យាម​ល្បាត ដើម្បី​ទប់ស្កាត់ ត្រួតពិនិត្យ និង​បង្ក្រាប​បទ ល្មើស ធនធានធម្មជាតិ ការកាប់​ឈើ និង​បរបាញ់​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​ទៀត​នៅ តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំង​ពីរបាន​ពិភាក្សា និង​ឯកភាពគ្នា​លើ​ចំណុច​សកម្ម​ភាពជា ច្រើន ពាក់ព័ន្ធ​នឹង​កិច្ចការ​ព្រំដែន ជាពិសេស​ការជំរុញ​ឲ្យ​ភាគី​ទាំងពីរ ព​ន្លឿ​ន​ការបញ្ចប់​ការចរចា​ពាក់ព័ន្ធ​នឹង​ផ្នែក​មួយ​នៃ​ខ្សែ​ព្រំដែន​ដែល​មិនទាន់​បោះបង្គោល​ចំនួន​១៤% ដើម្បី​ធ្វើការ​កសាង​ខ្សែបន្ទាត់​ព្រំដែន​រវាង ប្រទេស ទាំងពីរ​។​

​សម្រាប់​វិស័យសេដ្ឋកិច្ច ភាគី​ទាំងពីរ​បានកត់សម្គាល់​ដោយ​ការពេញចិត្ត​ចំពោះ​ការកើនឡើង​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទោះបី​ជាមាន​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក៏ដោយ​។ អង្គប្រជុំ​បាន​ឯកភាព​លើ​សារសំខាន់​នៃ​ការធ្វើការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ នេះ រួមទាំង​ការរៀបចំ​សកម្មភាព​រួមគ្នា ដូចជា ការផ្គូផ្គង​ធុរកិច្ច ការតាំង​ពិ​ពណ៌ និង​សិក្ខាសាលា ដើម្បី​លើកកម្ពស់​កាលានុវត្តភាព​ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​ឡាវ ទន្ទឹមនឹង​ការជំរុញ​សកម្មភាព​វិនិយោគ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​។​

​សម្រាប់​វិស័យ​អប់រំ ភាគី​ទាំងពីរ​បានកត់សម្គាល់​អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដែលមាន​ស្រាប់ និង​បាន​លើកទឹកចិត្ត​ឲ្យ​ព​ន្លឿ​ន​ការអនុវត្ត​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ ២០១៩-២០២៣ និង​ការបន្ត​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ច​សហប្រតិបត្តិ​-​ការ​ក្នុង​វិស័យ​កីឡា​។​
​សម្រាប់​វិស័យ​ទេសចរណ៍ ភាគី​ទាំង​ពីរបាន​ស្វាគមន៍​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ កាលពី​ខែមករា ឆ្នាំ​២០២២ កន្លងទៅ និង​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​ចម្រុះ​លើក​ទី​១ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២២ នេះ​។​

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ អន្តរជាតិ(ខាងស្តាំ) និង​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​អញ្ជើញ​ធ្វើជា​សហប្រធាន ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី (14th JCBC) កម្ពុជា និង​ឡាវ នៅ​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ (រូបថតក្រសួងការបរទេស)

​អង្គប្រជុំ​ក៏បាន​ពិភាក្សា​និង​រិះរក​មធ្យោបាយ​នានា​ក្នុងការ​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ផ្សេងទៀត​ផងដែរ រួមមាន​៖ វិស័យ​ហិរញ្ញវត្ថុ វប្បធម៌ ការងារ សុខាភិបាល ឧស្សាហកម្ម ថាមពល កសិកម្ម បរិស្ថាន ដឹកជញ្ជូន ព័ត៌មាន ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​។​

​សម្រាប់​កិច្ចសហប្រតិបត្តិការ​អនុតំបន់ និង​តំបន់ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ឯកភាព​ពង្រឹង​កិច្ចសហការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​អង្គការ​អន្តរជាតិ តំបន់ និង​អនុតំបន់​នានា ដែល​ប្រទេស​ទាំងពីរ​ជា​សមាជិក​។ លោក​ឧបនាយករដ្ឋមន្ត្រី សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត បាន​គូសបញ្ជាក់​ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់លោក និង​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទី​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​ក៏ដូចជា​លទ្ធផល​ជា​ផ្លែផ្កា​ដែល​ទទួលបាន​កន្លងមក​។

​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី (JCBC) ត្រូវបាន​បញ្ចប់​ដោយ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ ដែល​នឹង​ក្លាយជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ប្រទេស​ទាំងពីរ ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​លើកស្ទួយ​ភាពជា​ដៃគូ​ដែលមាន​ស្រាប់​ឲ្យ​កើន​ឡើងទៅ​កម្រិត​ថ្មី​មួយទៀត​។

​ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ JCBC លើក​ទី​១៥ នៅ​ឆ្នាំ ២០២៤ នៅ​ប្រទេស​ឡាវ ៕​សរន​