​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្នុង​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ចិន​ថា​ធ្វើ​ចារកម្ម​សេដ្ឋកិច្ច​និង​គំរាម​ដល់​សណ្តាប់ធ្នាប់​ពិភពលោក អ្នកនាំពាក្យ​រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា គឺ​«​អាម៉េរិក​ជាការ​គំរាម​ធំ​បំផុត​ចំពោះ​សន្តិភាព​និង​ការអភិវឌ្ឍ​នៅ​លើ​ពិភពលោក​»​។​

​ចម្លើយ​តប​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ជៀន កើត​ឡើង​មួយ​ថ្ងៃក្រោយ​ប្រមុខ​FBI​អាម៉េរិក​និង​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​អង់គ្លេស​ហៅ​MI5​បាន​ក្រើនរំលឹក​ជា​ថ្មី​អំពី​រដ្ឋា​ភិ​​បាល​ចិន ដោយ​បាន​ព្រមាន​ក្រុម​មេដឹកនាំ​ធុរកិច្ច​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​តាំងចិត្ត​លួច​បច្ចេកវិទ្យា​របស់គេ​សំរាប់​ប្រៀប​ប្រកួតប្រជែង​។​

​ការ​ឆ្លើយឆ្លង​សម្តី​នេះ​កើតឡើង​នៅ​មុន​ជំនួប​មួយ​នៅ​ថ្ងៃ​សៅរ៍ រវាង​រដ្ឋមន្ត្រី​ការបរទេស​ចិន​វ៉ាង យី និង​សម​ភាគី​អាម៉េរិក អ៊ែន​ថូ​នី ប្លីង​កិន នៅ​ជំ​នួន​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​មាន​ឧស្សាហកម្ម​​ជឿនលឿន​ទាំង​ម្ភៃ​នៅ​កោះ​បាលី​។​

​នៅពេល​ត្រូវ​បាន​គេ​សួរ​ពាក់ព័ន្ធ​នឹង​ការ​ព្រួយបារម្ភ​របស់​នា​យក​FBI​អំពី​ចារកម្ម​សេដ្ឋកិច្ច​និង​ប្រតិបត្តិការ​លបលួច​ចូល​មើល​ព័ត៌មាន​(​ហ៊ែ​ក​)​ពី​សំណាក់​ចារកម្ម​ចិន លោក​ចាវ​បាន​ប្រាប់​អ្នក​យក​ព័ត៌​​មាន​ថា « អ្នកនយោបាយ​អាម៉េរិក​ពាក់ព័ន្ធ​បាននិងកំពុង​លេង​សម្លឹក​បៀ​”​ការ​គំរាម​ពី​ចិន​”​ដើម្បី​មួលបង្កាច់​និង​វាយប្រហារ​ចិន​»​។​

«​ការពិត​បានបង្ហាញ​ពេញលេញ​ហើយ​ថា គឺ​អាម៉េរិក​ហ្នឹងឯង​ជាការ​គំរាម​ធំ​បំផុត​ចំពោះ​សន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ​ពិភពលោក ។​យើង​ស្នើ​សុំ​អោយ​មន្ត្រី​អាម៉េរិក​នេះ​មាន​ទស្សនវិស័យ​ត្រឹមត្រូវ មើល​​ឃើញ​ការអភិវឌ្ឍ​របស់​ចិន​ក្នុង​លក្ខណៈ​មិន​លំអៀង​និង​ដោយ​ហេតុផល ព្រមទាំង​ឈប់​សាប​ព្រួស​ការ​កុហក ឈប់​ប្រើ​សម្តី​មិន​ទទួលខុសត្រូវ​»​។​

​ការចោទប្រកាន់​របស់​នាយក​FBI​ធ្វើឡើង​នៅ​ស្នាក់ការ​ផ្នែក​ស៊ើបការណ៍​អង់គ្លេស​ហៅ MI5​នៅ​ទីក្រុង​ឡុង​ដ៍​និង​នៅ​ចំពោះមុខ​ប្រធាន MI5​ក្នុង​បំណង​បង្ហាញ​សាមគ្គីភាព​របស់​លោក​ខាងលិច​។​

​នាយក FBI លោក គ្រីស្តូហ្វើ រ៉ា​យ (Christopher Wray) បាន​និយាយថា ចិន​គឺ​ជា «​ការគំរាមកំហែង​រយៈ​ពេល​វែង​ដ៏​ធំ​បំផុត​ចំពោះ​សេដ្ឋកិច្ច​និង​សន្តិសុខ​ជាតិ​របស់​យើង​»​ហើយ​បាន​ជ្រៀតជ្រែក​ក្នុង​នយោបាយ រួម​ទាំង​ការបោះឆ្នោត​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ​។​

​ចំណែក​ប្រធាន MI5 លោក កេ​ន ម៉ាក​ខាល់​លុម (Ken McCallum)​បាន​និយាយថា​ទីភ្នាក់ងារ​របស់​គាត់​បា​ន​បង្កើន​ការងារ​របស់​ខ្លួន​ទ្វេ​ដង​ប្រឆាំងនឹង​សកម្មភាព​របស់​ចិន​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​នឹង​បង្កើន​ការងារ​របស់​ខ្លួន​ទ្វេ​ដង​ជាថ្មី​ម្តងទៀត​។​លោក​បាន​បន្ថែមថា MI5​ឥឡូវនេះ​កំពុង​ដំណើរការ​ការស៊ើបអង្កេត​ចំនួន​៧​ដង​ដែល​ទាក់ទង​នឹង​សកម្មភាព​របស់​បក្ស​កុម្មុយនីស្ត​ចិន​បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ។​

​លោក​រ៉ា​យ​របស់ FBI បាន​ព្រមាន​ថា ប្រសិនបើ​ចិន​វាយ​យក​តៃវ៉ាន់​ដោយ​កម្លាំង​មែន​នោះ វា​នឹង “​តំណាង​ឱ្យ​ការរំខាន​អាជីវកម្ម​ដ៏​គួរឱ្យ​រន្ធត់​បំផុត​ដែល​ពិភពលោក​មិន​ធ្លាប់​បានឃើញ​”​។​

​លោក​ម៉ាក​ខាល់​លុម​ក៏​បាន​និយាយ​ដែរ​ថា បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​បក្ស​កុម្មុយនីស្ត​ចិន​គឺ​ជា “​ការផ្លាស់ប្តូរ​ស្ថានការណ៍​” ខណៈ​លោក​រ៉ា​យ​បាន​ហៅ​វា​ថា “​ធំ​សម្បើម​” និង “​អស្ចារ្យ​សម្បើម​”​។​

​ជា​ការឆ្លើយតប លោក​ចាវ បាន​និយាយថា​« ផ្នែក​ស៊ើបការណ៍​អង់គ្លេស​ទំនង​មាន​បំណង​ប្រព្រឹត្ត​ទុច្ចរិត​ខ្លួនឯង​មក​លើ​ចិន​។​ប្រធាន​ផ្នែក​ស៊ើបការណ៍​អង់គ្លេស​គួរ​កំចាត់​ចោល​គំនិតអាក្រក់ ចេញពី​បន្ទប់​​ងងឹត​និង​មើល​ព្រះអាទិត្យ​រះ កុំ​គិតតែ​គិត​អវិជ្ជមាន​ឬ​ប្រឌិត​សត្រូវ​ក្នុង​ការ​ស្រមើ​ប្រម៉ៃ​»៕

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ជៀន ក្នុងអំឡុង​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​៦​កក្កដា ។​លោក​ហ្សា​វ​កាលពី​ថ្ងៃ​ពុធ​ក៏​បាន​ពន្លះ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ដែល​បាន​​ចោទប្រកាន់​ចិន​ថា​បំផ្លាញ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់​