​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ពួក​រដ្ឋអាជ្ញា​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កក្កដា​បាន​អំពាវនាវ​ឱ្យមាន​ការកាត់ទោស​ដាក់​ពន្ធនាគារ​សម្រាប់​សកម្មជន​ប្រឆាំងដ៏​លេចធ្លោ​មួយរូប​និង​សម្រាប់​​សមាជិក​ក្រុមប្រឹក្សា​ក្រុង​មូ​ស្គូ​មួយរូប ដែល​ប្រឆាំង​នឹង​ការ​លុកលុយ​អ៊ុ​យក្រែន ជា​សញ្ញា​មួយ​បង្ហាញថា ការបង្ក្រាប​របស់​វិមាន​ក្រឹម​ឡាំង​លើ​ការប្រឆាំង​នៅតែ​បន្ត​បង្កើនល្បឿន​។​

​ពួក​រដ្ឋអាជ្ញា​បានស្នើ​ដាក់ទោស​ជាប់គុក​ប្រាំ​ឆ្នាំ​សម្រាប់​លោក អង់​ដ្រេ ភី​វ៉ូ​វ៉ា​រ៉ូវ (Andrei Pivovarov) អតីត​ប្រធាន​អង្គការ Open Russia ពីបទ “​ដឹកនាំ​អង្គការ​មិន​គប្បី​”​ដែល​ជា​បទល្មើស​​ព្រហ្មទណ្ឌ​មួយ​នៅក្រោម​ច្បាប់​ឆ្នាំ ២០១៥ នេះ​បើ​យោងតាម​មេធាវី​របស់​គាត់​គឺ​លោក សឺ​ហ្គេ បា​ដាម​ស៊ីន (Sergei Badamshin)​។​

​លោក​ភី​វ៉ូ​វ៉ា​រ៉ូវ​បាន​ច្រានចោល​ការចោទ​ប្រកាន់នេះ ហើយ​បាន​ចង្អុលបង្ហាញ​ក្នុងអំឡុងពេល​សវនាកា​រថា សំណុំរឿង​ព្រហ្មទណ្ឌ​ត្រូវបាន​បើក​ពីរ​ថ្ងៃ​បន្ទាប់​ពី​អង្គការ Open Russia បាន​បិទ​។ អង្គការ​នេះ​បាន​រំសាយ​ដើម្បី​ការពារ​សមាជិក​របស់​ខ្លួន​ពី​ការកាត់ទោស​បន្ទាប់​ពី​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អង្គការ “​មិន​គប្បី​”​។​

​លោក​ភី​វ៉ូ​វ៉ា​រ៉ូវ​ត្រូវ​បាន​ទាញ​ចេញពី​យន្តហោះ​ឆ្ពោះទៅ​ទីក្រុង​វ៉ា​សូវី​មួយគ្រឿង​នៅ​អាកាសយានដ្ឋាន​ក្រុង​សេន​ភី​ត​ធឺ​ស្បឺក (St. Petersburg) មុនពេល​ចេញដំណើរ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០២១​។​គាត់​ត្រូវ​​បាន​គេ​នាំ​ទៅ​កាន់​ទីក្រុង​ក្រា​ស្នូ​ដា (Krasnodar) ភាគខាងត្បូង ទី​ដែល​គាត់​ត្រូវបាន​ចោទប្រកាន់ថា​បាន​គាំទ្រ​បេក្ខជន​ក្នុងស្រុក​ម្នាក់​ក្នុងនាម​អង្គការ “​មិន​គប្បី​”​។ ​ការចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​គឺ​ផ្អែក​លើ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​មួយ​របស់​គាត់​ដែល​គាំទ្រ​បេក្ខជន​ឯករាជ្យ​មួយរូប​នៅក្នុង​ការបោះឆ្នោត​នៅ​ទីក្រុង​ក្រា​ស្នូ​ដា​។​

​លោក​មេធាវី បា​ដាម​ស៊ីន បាន​និយាយថា ពួក​រដ្ឋអាជ្ញា​ក៏​បាន​ស្នើ​ឱ្យ​រារាំង​កូនក្តី​របស់​គាត់​កុំឱ្យ​កាន់តំណែង​សាធារណៈ​រយៈពេល​ប្រាំបី​ឆ្នាំ​ផងដែរ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផងដែរ រដ្ឋអាជ្ញា​រុស្ស៊ី​ម្នាក់​បាន​ស្នើ​ឱ្យ​កាត់ទោស​ដាក់គុក​ប្រាំពីរ​ឆ្នាំ​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​ក្រុង​មូ​ស្គូ​មួយរូប ដែល​និយាយ​ប្រឆាំងនឹង​សកម្មភាព​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​លោក អា​ឡិច​សី ហ្គូរី​នូវ (Alexei Gorinov) ដែល​ត្រូវបាន​ឃុំខ្លួន​កាលពី​ខែ​មេសា គឺជា​អ្នកតំណាង​ជាប់ឆ្នោត​រុស្សី​ដំបូង​គេ​ដែល​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធនាគារ​ពី​បទ​ផ្សព្វផ្សាយ​”​ព័ត៌មាន​មិន​​ពិត​” អំពី​កងទ័ព​រុស្ស៊ី ដែល​ជា​ការចោទប្រកាន់​មួយ​អាច​ជាប់ពន្ធនាគារ​អតិបរមា ១៥ ឆ្នាំ​៕

​លោកពូ​ទីន​ត្រូវ​គេ​ចោទប្រកាន់​ថា​បន្ត​បង្ក្រាប​អ្នក​ប្រឆាំង​នឹង​សង្គ្រាម​