ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ថ្ងៃនេះ​ថ្ងៃ​សុក្រ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ កម្ពុជា​កំពុង​ស្វាគមន៍​ពេលវេលា​រាប់​ថយក្រោយ​រយៈពេល​៣០០​ថ្ងៃ​នៃ​ដំណើរ​ឆ្ពោះទៅ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ដែលជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​សម្រាប់​ព្រះរាជាណាចក្រ​អច្ឆរិយៈ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​មានប្រសាសន៍​ស្វាគមន៍​ជាមួយ​ខ្លឹមសារ​ទាំងស្រុង​ថា​៖ «​ក្នុងនាម​អ្នក​
​រៀបចំ​នូវ​ការងារ​ផ្ទាល់​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបទៅដោយ​គតិបណ្ឌិត និង​គុណធម៌​ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC ថ្មីៗ​នេះ​លោក​បណ្ឌិត ថោង ខុន និង​លោក ខៀវ កាញារីទ្ធ បានរៀបចំ​នូវ​កិច្ចប្រជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​នៅក្នុង​ពេលនោះ​ហើយ ដែល​លោក​បណ្ឌិត ថោង ខុន ក៏ដូចជា​លោក ខៀវ កាញារីទ្ធ​បានស្នើ​សុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រៀមលក្ខណៈ​ជួយ​បំផ្ទុះ​ព័ត៌មាន​ផ្លូវការ​ឲ្យ​បាន​គ្រប់គ្នា​ទូទាំងប្រទេស​នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ នេះ ដែល​ធៀប​ទៅនឹង​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ គឺ​នៅសល់ ៣០០​ថ្ងៃ​»​។​

៣០០​ថ្ងៃ​នេះហើយ ដែល​យើង​ចាត់ទុកថា​ជា​ពេលវេលា ដែល​បា​នព​ន្លឿ​ន និង​បានដាក់​សម្ពាធ​ទៅដល់​ការរៀបចំ​របស់​យើង​ឲ្យ​ធ្វើយ៉ាងណា​ឲ្យ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ត្រៀមលក្ខណៈ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ស៊ី​ហ្គេម​នេះ​។​

«​ព្រឹត្តិការណ៍ ៣០០​ថ្ងៃ​ឆ្ពោះទៅ​ស៊ី​ហ្គេម​២០២៣ អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ គឺមាន​សារសំខាន់​ណាស់​សម្រាប់​ពញ្ញាក់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ពញ្ញាក់​អា​
​រ​ម្មណ៍​កីឡាករ កីឡាការិនី​មន្ត្រី​កីឡា​ស្ថាប័ន​ក្រសួង​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ការ​
​គ្រប់គ្រង​របស់​គណៈកម្មាធិកា​រ​ជាតិ CAMSOC ទាំង​អាជ្ញាធរ​ដែនដី​ទាំងអស់​ថា យើង​នៅសល់តែ​៣០០​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​ដែល​យើង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​។ ដល់​ថ្ងៃ​ដែល​យើង​ទទួល​បដិសណ្ឋារកិច្ច ប្រតិភូ​កីឡា​ជិត ១​ម៉ឺន​នាក់​ដែល​មក​ចូលរួម​អបអរសាទរ មក​គាំទ្រ​ដល់​កម្ពុជា និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ​។ ហើយ​នេះ​មិនមែន​ដើម្បី​ចូលរួម​តែ​ការប្រកួត​ទេ គឺ​ចូលរួម​នៅក្នុង​ការផ្លាស់ប្ដូរ​បទ​ពិសោធ មតិយោបល់ វប្បធម៌​គ្នា​ទៅវិញទៅមក ទស្សនាទាន​គ្នា​ទៅវិញទៅមក គំនិត​ជឿនលឿន​ទាំងឡាយ ដែល​កើត​នៅក្នុង​តំបន់​របស់​យើង ធ្វើ​ឲ្យ​តំបន់​របស់​យើង​ក្លាយទៅជា​តំបន់​មាន​សាមគ្គីភាព មាន​សន្តិភាព មានការ​អភិវឌ្ឍ​»​។​

​នេះ​ជា​ពេលវេលា​ដែល​ជម្រុញ​ទឹកចិត្ត​ដល់​យុវជន​ពីព្រោះ​យុវជន​យើង​នឹង​ទទួលបាន​ការរីករាយ ហើយនឹង​ការធ្វើទំនាក់ទំនង​គ្នា ធ្វើ​សុខដុម​នីយកម្ម​រវាង​យុវជន រវាង​កីឡាករ រវាង​អ្នកចូលរួម​ទាំងអស់​ឲ្យ​មើលឃើញថា​ព្រឹត្តិការណ៍​កីឡា​នៅ​កម្ពុជា​ពិតជា​ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​មោទកភាព​សម្រាប់​ក្នុង​តំបន់ មិនមែន​សម្រាប់តែ​កម្ពុជា​ទេ​។​

​យើង​នាំគ្នា​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​គណៈកម្មាធិការ​ជាតិ CAMSOC បានរៀបចំ​នូវ​ឧបករណ៍​សម្រាប់​ធ្វើការ​ផ្សព្វផ្សាយ មាន​ទាំង​ផ្ទាំង​ផ្សព្វផ្សាយ មាន​ទាំង​វីដេអូ​ខ្លី​ពី​ការផ្សព្វផ្សាយ​ស៊ី​ហ្គេម​នេះ សូមជួយ​គាំទ្រ​ទាំងអស់គ្នា​។​

​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៥-១៧ ខែឧសភា ឆ្នាំ​២០២៣ ដោយ​គ្រោង​ដាក់​កីឡា ៤០​ប្រភេទ​ក្នុង​កម្មវិធី​ប្រកួត​។ រីឯ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ គ្រោង​នឹងធ្វើ​ចាប់ពី​ថ្ងៃទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ ដដែល​៕​