ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: ព្រឹត្តិការណ៍នៃការប្រកួតក្នុងការប្រកួ AFF U19 championship រវាងក្រុមកម្ពុជាជាមួយឡាវនៅប្រទេសឥណ្ឌូនេស៊ីយប់មិញនេះកម្ពុជាចាញ់ក្រុមឡាវ ១ទល់២ ។នេះជាការប្រកួតលើកទី៣របស់ខ្លួនដែលទាំង៣ប្រកួតនេះក្រុមកម្ពុជារកបានតែ៣ពិន្ទុប៉ុណ្ណោះគឺឈ្នះសឹង្ហបូរី ១ទល់០ ចាញ់ម៉ាឡេស៊ី១ទល់២ និងយប់មិញនេះចាញ់ឡាវ ១ទល់២ ដែរ។
ទោះបីក្រុមកម្ពុជានៅសល់មួយប្រកួតទៀតជាមួយទីម័រខាងកើតនៅថ្ងៃទី១១ កក្កដាក៏ដោយ តែការប្រកួតជាមួយក្រុមឡាវយប់មិញនេះពិតជាសំខាន់ព្រោះនេះជាការប្រកួតមួយដែលកម្ពុជាត្រូវការឈ្នះដាច់ខាតដើម្បីទទួលបានកៅអីឡើងលេងនៅវគ្គបន្ត។ ចំពោះឡាវលេងបាន២ប្រកួតឈ្នះទាំង២ប្រកួតមាន៦ពិន្ទុក្នុងដៃហើយបានកក់កៅអីសម្រាប់វគ្គបន្តក៏ថាបានព្រោះឡាវនៅសល់២ប្រកួតក្នុងដៃទៀត ។
មានការបន្ទោសថាក្រុមកម្ពុជាចូលចិត្តលេងអូសបាល់ច្រើននិងនៅមានភាពដំអក់ដោយសារតែចង់បង្កើតស្នាដៃខ្លួនឯងលើទីលាន ។
ចំពោះការប្រកួតរវាងក្រុមជម្រើសជាតិនារីជាមួយក្រុមជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 នៅប្រទេសហ្វីលីពីនយប់មិញនេះក្រុមកម្ពុជាចាញ់ក្រុមម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១គឺក្រុមវៀតណាមនេះ០ទល់៣ ។
ក្រុមបាល់ទាត់នារីកម្ពុជាលេងបាន២ប្រកួតស្មើមួយប្រកួតជាមួយឡាវ និងចាញ់មួយប្រកួតមាន១ពិន្ទុក្នុងដៃ ។ក្រុមនារីកម្ពុជានៅសល់២ប្រកួតទៀតជាមួយម៉យ៉ាន់ម៉ា និងក្រុមទីម័រខាងកើត ៕