ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង (Li Keqiang) ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កក្កដា​ថា​សេដ្ឋកិច្ច​របស់​ចិន​កំពុង​ងើប​​ឡើងវិញ ប៉ុន្តែ​គ្រឹះ​នៃ​ការ​ងើប​ឡើងវិញ​នោះ​មិនទាន់​មាំ​ទេ ហើយ​ការខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​នៅតែ​ត្រូវការ​ជា​ចាំបាច់​។​

​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​ពិភពលោក​នេះ​បានចាប់ផ្តើម​ការ​ស្ទុះ​ងើប​ឡើងវិញ​សន្សឹមៗ​ពី​វិបត្តិ​ផ្គត់ផ្គង់​ដែល​បណ្តាល​មក​ពី​ការបិទ​ខ្ទប់​យ៉ាង​ទូលំទូលាយ​ចាប់តាំងពី​ត្រីមាស​ទី​ពីរ​បើទោះបីជា​ព្យុះ​បោកបក់​គ្រប់​​ទិស​មក​លើ​កំណើន​នៅតែ​បន្ត​កើត​មាន​ក៏​ដោយ​។​

​លោក​លី​ក៏​ត្រូវបាន​ដកស្រង់​សម្តី​ផងដែរ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ទីក្រុង​សៀង​ហៃ ក្វាង​ទុង ហ្វ៊ុយ​ចៀន ជាំ​ង​ស៊ូ និង ចឺ​ជាំង ដោយ​និយាយថា “​នាពេល​បច្ចុប្បន្ន​សេដ្ឋកិច្ច​កំពុង​ងើប​​ឡើងវិញ ប៉ុន្តែ​គ្រឹះ​មិន​ស្ថិត​ស្ថិរ​ទេ​។ ការខិតខំ​ប្រឹងប្រែង​គឺ​ចាំបាច់​ត្រូវមាន​ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​”​។​

​លោក​លី​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​នឹង​ត្រូវបាន​ធ្វើឡើង​ដើម្បី​ជំរុញ​ទឹកចិត្ត​របស់​មន្ត្រី​ទាំង​ថ្នាក់កណ្តាល​និង​ថ្នាក់មូលដ្ឋាន និង​រក្សា​សេដ្ឋកិច្ច​ឱ្យ​ដំណើរការ​ក្នុង​រង្វង់​សម​ហេតុផល​។​

​លោក​លី​បាន​និយាយថា ទីក្រុង​សៀង​ហៃ​និង​ខេត្ត​ទាំង​បួន​រ៉ាប់រង​ជាង​មួយ​ភាគបី​នៃ​សេដ្ឋកិច្ច​របស់​ចិន ហើយ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការផ្ទេរ​ប្រាក់​របស់​រដ្ឋាភិបាលកណ្តាល​ទៅកាន់​តំបន់​ក្រីក្រ​ដោយហេតុ​​ថា​ប្រាក់​ចំណូល​សារពើពន្ធ​របស់​ពួកគេ​មាន​ចំនួន​ជិត ៤០ ភាគរយ​នៃ​ចំនួន​សរុប​។​

​លោក​លី​បាន​និយាយថា តំបន់​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​របស់​ប្រទេស​ទាំងអស់​នេះ​ក៏​មាន​សារៈសំខាន់​ផងដែរ​ក្នុងការ​ស្រូប​យក​ពលករ​ចំណាកស្រុក និង​គាំទ្រ​ដល់​ប្រាក់​ចំណូល​របស់​ពួកគេ​។​

​លោក​លី​បាន​បន្ថែមថា ចិន​នឹង​បន្ត​ជំរុញ​កំណែទម្រង់​និង​ការកែលម្អ​បរិយាកាស​ធុរកិច្ច​ហើយនឹង​បន្ត​បើកទូលាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅកាន់​ពិភព​ខាងក្រៅ​មិន​ថា​ស្ថានភាព​អន្តរជាតិ​ប្រែប្រួល​យ៉ាង​​ណា​នោះ​ទេ​៕

​នាយករដ្ឋមន្ត្រី​ចិន លី ឃឹ​ឈាំ​ង​