​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​អ្នកជួញដូរ​គ្រឿងញៀន​ពីរ​នាក់​ត្រូវបាន​ព្យួរ​កក្នុងប្រទេ​សសិង្ហបុរី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កក្កដា​ដែល​នាំ​ឱ្យ​ចំនួន​នៃ​ការប្រហារជីវិត​នៅ​ឆ្នាំ​នេះ​នៅក្នុង​រដ្ឋ​បែប​​ជា​ទីក្រុង​នេះ​កើនឡើង​ដល់​បួន​នាក់ បើទោះបីជា​មាន​ការអំពាវនាវ​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​លុបចោល​ទោស​ប្រហារជីវិត​ក៏ដោយ​។​

​ក្រុម​សកម្មជន​បាន​និយាយថា នាយកដ្ឋាន​ពន្ធនាគារ​បានប្រគល់​ទ្រព្យសម្បត្តិ​និង​សំបុត្រ​មរណភាព​សម្រាប់​ជនជាតិ​ម៉ាឡេស៊ី​ឈ្មោះ កាល់​វ៉ាន់ ស៊ី​ង (Kalwant Singh) និង​ជនជាតិ​សិង្ហ​បុរី​ឈ្មោះ ណូ​រ៉ា​សារី ហ្គូស (Norasharee Gous) ដល់​គ្រួសារ​របស់​ពួកគេ​បន្ទាប់ពី​ការប្រហារជីវិត​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​អង្គការ​ដែល​ប្រឆាំង​ការកាត់ទោស​ប្រហារជីវិត​ផ្សេងទៀត បាន​និយាយថា​ការកាត់ទោស​ប្រហារជីវិត​គឺជា​ការប្រមាថ​ឥត​លាក់លៀម​​ចំពោះ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​។​

​អង្គការ​លើកលែងទោស​បាន​និយាយថា សិង្ហ​បុរី​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន​បួន​ដែល​ត្រូវ​គេ​ដឹង​ថា​ប្រហារជីវិត​មនុស្ស​ពី​បទល្មើស​ទាក់ទង​នឹង​គ្រឿងញៀន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយនេះ ដែល​ប្រឆាំង​នឹង​និន្នាការ​ពិភពលោក​ឆ្ពោះទៅ​រក​ការលុបចោល​ទោស​ប្រហារជីវិត​។​

​លោកស្រី អេ​មឺ​លីន ហ្គីល (Emerlynne Gil) នាយករង​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​តំបន់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​និយាយថា “​ទោស​ប្រហារជីវិត​មិនមែន​ជា​ដំណោះស្រាយ​ទេ​ហើយ​យើង​​ប្រឆាំង​នឹង​វា​ដោយ​គ្មាន​លក្ខខណ្ឌ​។ គ្មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា​វា​ដើរតួ​ជា​ការរារាំង​តែមួយគត់​ចំពោះ​បទឧក្រិដ្ឋ​នោះទេ​”​។​

​លោក​ស្រីហ្គី​លបាននិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​ជំរុញ​ឱ្យ​អាជ្ញាធរ​សិង្ហ​បុរី​បញ្ឈប់​ជា​បន្ទាន់​នូវរ​លក​ចុងក្រោយ​នៃ​ការព្យួ​រក​នេះ​និង​ផ្អាក​ការប្រហារជីវិត​ដើម្បី​បោះជំហាន​ឆ្ពោះទៅរក​​ការបញ្ចប់​ការដាក់ទណ្ឌកម្ម​ដ៏​អាម៉ាស់​និង​អមនុស្សធម៌​នេះ​”៕

​សកម្មជន​ប្រឆាំង​ការប្រហារជីវិត​ជនជាតិ​ម៉ាឡេស៊ី​ពី​សំណាក់​សិង្ហ​បុរី​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​កាលពី​ថ្ងៃទី​៤​កក្កដា​ឆ្នាំ​២០២២