ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹកជោរ និង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រះនេត្រព្រះ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រឡាញ់ បាន​ឃាត់ខ្លួន បាន​ឃាត់ខ្លួន​បុរស ជា​គ្រូខ្មែរ​ម្នាក់ នៅវេលា​ម៉ោង ២ រសៀល ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ពីបទ​ប្រព្រឹត្ត​ប្រទូស្ត​កេរ្តិ៍ខ្មាស់ ហើយ​មន្ត្រីនគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​កសាង សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត នៅ​ថ្ងៃទី​៨ ខែកក្កដា នេះ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថាៈ កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២២ ម៉ោង​៧ ព្រឹក នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកជោរ បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ឈ្មោះ គ​.​ស​.​ឌ ភេទ​ស្រី អាយុ ១៦ ឆ្នាំ នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ប្តឹង​ចោទ​ទៅលើ​ឈ្មោះ ឈួ វ៉ាន់​ថា​ន់ ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ជា​គ្រូ​បុរាណ​ខ្មែរ នៅ​ភូមិ​តា​ដែក ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​នៅក្នុង​ពា​ក្ស​បណ្តឹង​នោះ ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់ថាៈ នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ ម៉ោង​៥ ម្តាយ​នាង បាន​ឲ្យ​នាង និង​ប្អូនស្រី មាន​អាយុ ១៥ ឆ្នាំ ជិះ​ម៉ូតូ​មក​ផ្ទះ​ឈ្មោះ ឈួ វ៉ាន់ ថា​ន់ ជា​គ្រូខ្មែរ​ខាង​ទស្សន៍ទាយ រំដោះគ្រោះ តម្លើង​រាសី ដើម្បី​មក​វាស់​ហត្ដ​ធ្វើ​ពែរ (​វាស់​ខ្នាត​) សំរាប់​រំដោះគ្រោះ ដែល​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ ។

​ពេលមកដល់​ផ្ទះ​គ្រូខ្មែរ គាត់ (​គ្រូខ្មែរ​) បាន​ឲ្យ​នាង និង​ប្អូនស្រី ឡើងលើ​ផ្ទះ ដើម្បី​ធ្វើ​ស្នង​រូប និង​ស្រទបចេក​។ បន្ទាប់មក គ្រូ​នេះ បានឱ្យ​ត​ប្អូនស្រី​នាង យក​ទៀន​ស្នង​រូបនោះ យកទៅ​ដី ខាងក្រោយ​ផ្ទះ ហើយ​ឱ្យ​នៅចាំ​ភ្លើងទៀន រហូត​ឆេះ​អស់ ដោយ​កុំឱ្យ​រលត់​។​

​ពេល​នៅតែ​ពីរ​នាក់ នៅលើផ្ទះ ឈ្មោះ ឈួ វ៉ាន់​ថា​ន់ បាន​ឲ្យ​នាង​ដេក​ផ្ងារពោះ ហើយ​ទាញ សើយ​អាវ ទៅលើ ចេញ​សុដន​ទាំងពីរ និង​បាន​ប្រោស​ទឹកមន្ត លើ​ក្បាល​សុដន​ទាំងពីរ និង​បាន​យកដៃ ស្ទាបអង្អែល ចាប់​សុដន​របស់​នាង ហើយ​គ្រូ​នោះ បាន​ស្រាតសំពត់ និង​ខោស្លីប មកក្រោម​ត្រឹម​ក្បាលជង្គង់ រួច​បាន​យក​ចង្អុល​ម្រាមដៃ​ឆ្វេង ចាក់​លើ​ប្រដាប់ ភេទ​របស់​នាង ចំនួន ៣ លើក​។​

​សកម្មភាព​របស់​គ្រូខ្មែរ​បែបនេះ បានធ្វើ​ឲ្យ​នាង​ភ័យ ហើយ​បាន​រត់​ចុះពីលើផ្ទះ មក​ទាំង​មិនទាន់ លើក​ខោស្លីប​ផង បន្ទាប់មក នាង​ក៏បាន​នាំ​ប្អូនស្រី ត្រឡប់មកផ្ទះ​វិញ​។​

​លោក​អធិការ បាន​បន្តថាៈ ក្រោយពី​ទទួល​បណ្តឹង ពី​ជនរងគ្រោះ កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹកជោរ បាន​ណែនាំ​ឲ្យ​ជនរងគ្រោះ និង​ម្តាយ រៀបចំ​កម្មវិធី ដូច​បាន​គ្រោងទុក នៅ​នឹង​ផ្ទះ​ជនរងគ្រោះ នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ហើយ​ហៅ​គ្រូខ្មែរ រូបនេះ ទៅ​រំដោះគ្រោះ​ធម្មតា ដូច​គ្មាន​រឿង​អ្វី​កើតឡើង ។ បន្ទាប់មក កម្លាំង​នគរបាល​ប៉ុស្តិ៍ ទឹកជោរ និង​នគរបាល​ស្រុក​ក្រឡាញ់ ក៏បាន​ឃាត់ខ្លួន គ្រូខ្មែរ​កំហូច នៅ​នឹង​ផ្ទះ​ជនរងគ្រោះ នោះ​តែម្តង ។​

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី បាន​បន្តថាៈ ក្រោយពី​ឃាត់ខ្លួន និង​សួរចម្លើយ គ្រូខ្មែរ កំហូច​នេះ បាន​ឆ្លើយ​ទទួលខុសត្រូវ លើ​សកម្មភាព​ដូច ដែល​បាន​ចោទប្រកាន់​។ ឯ​ការយក ទឹកមន្ត ទៅ​ប្រោះ​ពីលើ​ខ្លួន យកដៃ​ញី​ពីលើ​សុដន និង​ប្រដាប់ភេទ ជាទី​នាំមក​គ្រោះ​សៅហ្មង គ្រោះកាច​នោះ គឺ​ដើម្បី​ឱ្យអស់​គ្រោះ​នោះឯង ។​

​ដោយ​ផ្អែកលើ​បណ្តឹង​របស់​ក្មេងស្រី​រងគ្រោះ និង​ចម្លើយសារភាព​របស់​ជ​ន​ល្មើស ឈ្មោះ ឈួ វ៉ាន់​ថា​ន់ កម្លាំង​នគរបាល​ជំនាញ​ស្រុក បានរៀបចំ​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត នៅ​ថ្ងៃទី​៨ ខែកក្កដា នេះ ៕/V​