​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​អះអាងថា អតីត​នាយករដ្ឋមន្ត្រី ស៊ី​ហ្សូ អាបេ​(Shinzo Abe)​ត្រូវបាន​បាញ់ប្រហារ​និង​ថា​ស្ថានភាព​របស់​លោក​នៅ​មិនទាន់​ដឹង​។​

នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី លោក ហ៊ី​រ៉ូ​កាហ្ស៊ុ​យ ម៉ា​តស៊ូ​ណូ​(Hirokazu Matsuno)​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ទី​៨​កក្កដា​ថា «​អតីត​នាយករដ្ឋមន្ត្រី អាបេ ត្រូវ​គេ​បាញ់​នៅ​ម៉ោង​​ប្រមាណ​១១​កន្លះ​ព្រឹក​នៅ​តំបន់​ណា​រ៉ា​។​ស្ថានភាព​សុខភាព​របស់​លោក​អាបេ​បច្ចុប្បន្ន​នៅ​មិនទាន់ដឹង​»​។​

អតីត​នាយករដ្ឋមន្ត្រី ស៊ី​ហ្សូ អាបេ ដួលក្រោយត្រូវគេបាញ់កាលពីថ្ងៃសុក្រ

​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយ​មុននេះ​ថា លោក​អាបេ​បានដួល​ចំពេល​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ជួបជុំ​ធំ​មួយ​នៅ​តំបន់​ណា​រ៉ា​(Nara)​កាលពី​ថ្ងៃ​សុក្រ​។​របាយការណ៍​បាន​និយាយទៀតថា លោក​អា​បេបាន​​ចេញ​ឈាម​នៅ​ពេល​ដួល​ទៅ​នឹង​ដី​និង​គេ​ឮ​ស្នូរ​បាញ់​កាំភ្លើង​។​

​សារព័ត៌មាន​ដែល​យោងតាម​ប្រភព​ប៉ូលិស​បាន​និយាយថា លោក​អាបេ​ត្រូវ​គេ​បាញ់​ពី​ក្រោយបី​គ្រាប់​ហើយ​លោក​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទាំង​សន្លប់ ហើយ​បេះដូង​លែង​ដើរ​ទៀតផង​។​

​សារព័ត៌មាន​ក្យូ​ដូ​បាន​ស្រង់​សម្តី​ប៉ូលិ​ដែល​ថា បុរស​អាយុ​៤២​ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​។​បុរស​នេះ​ឈ្មោះ តេត​ស៊ូ​យ៉ា យ៉ាម៉ា​ហ្កាមី​(Tetsuya Yamagami)​អាយុ​៤១​ឆ្នាំ ជា​អ្នកស្រុក​ក្នុង​តំបន់​ណា​រ៉ា​។​

​ទូរទស្សន៍ NHK បាន​និយាយថា កាំភ្លើងខ្លី​មួយ​ដើម​ត្រូវ​បាន​រកឃើញ​នៅ​កន្លែងកើតហេតុ និង​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការប៉ុនប៉ង​ធ្វើឃាត​។​

​សូមបញ្ជាក់​ថា ជប៉ុន​ត្រូវ​ធ្វើ​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​នៅ​ថ្ងៃអាទិត្យ​ទី​១០​កក្កដា ដោយ​បេក្ខជន​៥៤៥​នាក់​កំពុង​ត្រៀម​ប្រជែង​យក​អាសនៈ​១២៥​។​

​ជប៉ុន​ជា​ប្រទេស​មួយ​មាន​ច្បាប់​កាំភ្លើង​តឹងរ៉ឹង​បំផុត​មួយ​នៅក្នុង​លោក រីឯ​ការបាញ់ប្រហារ​បែប​នេះ​កម្រ​មាន​ណាស់​។​

​លោក​អាបេ អាយុ​៦៧​ឆ្នាំ បាន​បំរើការ​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​យូរ​ជាងគេ ដោយ​កាន់​តំណែង​ពី​វគ្គ ចាប់ពី​ឆ្នាំ​២០០៦ ដល់ ២០០៧ និង​២០១២​ដល់​២០២០​។​លោក​បាន​លាឈប់​នៅ​ឆ្នាំ​២០២០​ដោយហេតុ​​ផល​សុខភាព​។​

​លោក​នៅតែ​ជា​បុគ្គល​សំខាន់​ម្នាក់​ក្នុង​គណបក្សកាន់អំណាច ប្រជាធិបតេយ្យ​សេរី​(LDP) ដោយ​គ្រប់គ្រង​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ជាច្រើន​នៅក្នុង​បក្ស​។​

​ការ​កាន់តំណែង​បានយូរ​របស់​អាបេ​មុនពេល​លោកលា​ឈប់​នៅ​ឆ្នាំ​២០២០ បាន​នាំមក​ស្ថិរភាព​ដល់​ជប៉ុន​ក្រោយ​ការដោះដូរ​រដ្ឋបាល​អស់​ប្រាំមួយ រួម​ទាំង​ការ​កាន់តំណែង​បាន​មួយ​ឆ្នាំ​របស់​លោក​កាលពី​​មុន​ផង​។​លោក​បាន​ជួយ​ជប៉ុន​អោយ​គេចផុត​ពី​វដ្ត​នៃ​បរិ​ត​ផ​រណា​(​ការធ្លាក់​ថ្លៃទំនិញ​និង​សេវា​ទូទៅ​) ជម្នះ​នឹង​រដ្ឋបាល​ដូណាល់ ត្រា ដែល​ធ្វើអោយ​មាន​បញ្ហា​សម្ពន្ធ​ភាណ​យោធា​របស់​ប្រទេស និង​ធ្វើការ​​ដើម្បី​ធ្វើអោយ​ប្រសើរឡើង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ជប៉ុន​គឺ ចិន ។​

​លោក​អាបេ ប្រហែល​ជា​ល្បី​បំផុត​អំពី​ផែនការ​របស់​លោក​ដើម្បី​ធ្វើអោយ​សេដ្ឋកិច្ច​ដែល​គាំ​ទ្រឹង​របស់​ជប៉ុន​មាន​សកម្មភាព​ឡើងវិញ តាមរយៈ​កំណែ​ទំរង់​ច្បាប់​ទម្លាប់​និង​ការ​បន្ថូរបន្ថយ​រូបិយវត្ថុ ដែល​នៅ​ទី​​បំផុត​ផែនការ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា «​អាបេណូមិ​ក​»​។​

​អាបេ​បាន​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ការទទួលបាន​សិទ្ធិ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ច​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ដែល​ក្រោយមក​ត្រូវ​បាន​ពន្យារ​ពេល​មក​ធ្វើ​នៅ​ឆ្នាំ​២០២១​វិញ​ដោយសារ​ការផ្ទុះកូ​វីដ​១៩​ខ្លាំង​៕