ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ ឈ្មួញ និងពលរដ្ឋ ជាជនជាតិខ្មែរ លែងហ៊ានទាក់ទង ឈ្មួញ និងកម្មករ ជាជនជាតិថៃ ក្រោយកងកម្លាំងមានសមត្ថកិច្ចថៃ ចាប់ពលរដ្ឋខ្លួន ដែលលួចដឹកប្រេងឥន្ធនៈរត់ពន្ធ ទ្រង់ទ្រាយតូច ពីថៃ មកកម្ពុជា ខណៈពេលអត្រាតម្លៃ ប្រេងឥន្ធនៈឡើងថ្លៃ។
នេះបើតាមមន្ត្រីនគរបាល ការពារព្រំដែនគោកលេខ៧០៨ ថ្មពួក និងប្រភពស្និទ្ធនឹងឈ្មួញខ្មែរ នៅភូមិដងរែក និងភូមិប្រាសាទត្បែងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។
ប្រភពដដែល បានបន្តថាៈ ទាំងពលរដ្ឋ ទាំងកងកម្លាំង មិនហ៊ានលួចបើកព្រំដែនឱ្យធ្យូង បន្លែព្រៃ ទៅថៃ និងទំនិញប្រេងឥន្ធនៈ គ្រឿងទេសក៍ ភេសជ្ជៈ ជី ជាដើម។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងតំបន់ស្រង៉ែ ឃុំទ័ពស្តេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កងកម្លាំងទាហានថៃ ចាប់បានជនសង្ស័យ ជាពលរដ្ឋខ្លួន បីនាក់ ដែលបានបើកគោយន្តកន្ត្រៃ ដឹកកសិផល។ កងកម្លាំងថៃ ឆែកឆេរ ក្នុងគោយន្ត ឃើញប៊ីដុង ពណ៌ខៀវ (កាន) សរុបចំនួន ៦៥ គឺក្នុងនោះ ប្រេងម៉ាស៊ូត ចំនួន ៣០ លីត្រ ក្នុងមួយប៊ីដុង សរុបចំនួន ១.៩៥០ លីត្រ ។
តាមការសាកសួរ អ្នកទាំងបី បានផ្តល់ព័ត៌មានសក្ខីកម្មថាៈ ពួកគេត្រូវបានគេ (ឈ្មួញ ឬមនុស្សថៃ) ជួលឱ្យដឹកជញ្ជូនប្រេងនេះ ទៅឱ្យឈ្មួញជនជាតិខ្មែរ នៅភូមិក្នុងឃុំបន្ទាយឆ្មារ និងភូមិក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយការជួញដូរប្រេងឥន្ធនៈ ទ្រង់ទ្រាយតូច ដែលខុសច្បាប់នេះ មកពីតម្លៃប្រេង នៅខាងប្រទេសថៃ ថោកជាង នៅប្រទេសកម្ពុជា ។
កងកម្លាំងមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនមនុស្ស និងវត្ថុតាងទាំងនោះ រួចប្រគល់ឱ្យ ការិយាល័យគយស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់៕/V