ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អតីតមន្ត្រីប៉ូលិសក្រុងមីននីប៉ូលីស (Minneapolis) លោក ដេរិក ឆូវីន (Derek Chauvin) ត្រូវបានកាត់ទោសឱ្យជាប់គុកជាង ២០ឆ្នាំពីបទរំលោភសិទ្ធិស៊ីវិលរបស់លោក ចច ផ្លយ (George Floyd) ។
ឆូវីនអាយុ ៤៦ ឆ្នាំបានសារភាពកំហុសចំពោះការចោទប្រកាន់អំពីការរំលោភសិទ្ធិស៊ីវិលសហព័ន្ធដាច់ដោយឡែកមួយកាលពីខែធ្នូ។
រូបគេកំពុងជាប់ពន្ធនាគាររដ្ឋរយៈពេល ២២ ឆ្នាំរួចហើយសម្រាប់ការធ្វើឃាតលោកផ្លយ ជាបុរសស្បែកខ្មៅអាយុ ៤៦ ឆ្នាំ។
ការកាត់ទោសទាំងពីរនេះនឹងដំណើរការដំណាលគ្នា ហើយឆូវីននឹងត្រូវបញ្ជូនទៅពន្ធនាគារសហព័ន្ធ។ប៉ុន្តែរូបគេសឹងតែប្រាកដណាស់ថានឹងចំណាយពេលច្រើនជាងមុននៅក្នុងពន្ធនាគារបន្ទាប់ពីការកាត់ទោសនេះ។
លោក ហ្វីឡូណេស (Philonese) ជាប្អូនប្រុសរបស់លោកផ្លយ បាននិយាយនៅក្នុងតុលាការកាលពីថ្ងៃព្រហស្បតិ៍ទី៧កក្កដាថា “ជីវិតរបស់ចចមានសារៈសំខាន់”ខណៈគាត់បានស្នើឱ្យចៅក្រមដាក់ទោសអតិបរមា ២៥ ឆ្នាំ។
ឆូវីន ស្បែកស ត្រូវបានកាត់ទោសពីបទមនុស្សឃាតនិងឃាតកម្មក្នុងរដ្ឋមីនណេសូតាពីបទសង្កត់ជង្គង់លើកញ្ជឹងករបស់ផ្លយអស់រយៈពេលជាងប្រាំបួននាទី។
ការសម្លាប់ ដែលថតបានដោយកាមេរ៉ាទូរស័ព្ទរបស់អ្នកឈរមើល បានបង្កឱ្យមានកំហឹងជាសកល និងរលកនៃបាតុកម្មប្រឆាំងនឹងភាពអយុត្តិធម៌ខាងជាតិសាសន៍និងការប្រើប្រាស់កម្លាំងរបស់ប៉ូលិស។
ការចោទប្រកាន់របស់សហព័ន្ធប្រឆាំងនឹងឆូវីនរួមមានការចោទប្រកាន់ចំនួនពីរសម្រាប់ការដកហូតសិទ្ធិរបស់ផ្លយដោយការសង្កត់ជង្គង់លើកញ្ជឹងករបស់គាត់ ខណៈគាត់កំពុងជាប់ខ្នោះ និង ដោយការខកខានមិនបានផ្តល់ការសង្គ្រោះផ្នែកវេជ្ជសាស្ត្រក្នុងអំឡុងពេលការចាប់ខ្លួនគាត់នៅខែឧសភាឆ្នាំ ២០២០។
ជាផ្នែកនៃកិច្ចព្រមព្រៀងសារភាពទោស ឆូវីនក៏បានសារភាពថាមានពិរុទ្ធចំពោះការរំលោភសិទ្ធិរបស់ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ក្នុងអំឡុងពេលការចាប់ខ្លួនមួយផ្សេងទៀតដែលបានធ្វើឡើងក្នុងឆ្នាំ ២០១៧ ផងដែរ។
តាមការចោទប្រកាន់ ជនជាប់ចោទឈ្មោះ ឆូវិន បានចាប់ច្របាច់កក្មេងប្រុសនោះ វាយក្បាលនឹងពិល និងច្រត់ជង្គង់លើកញ្ចឹងកនិងខ្នងរបស់ក្មេងប្រុស ខណៈរូបគេជាប់ខ្នោះដៃ ហើយមិនអាចតតាំងបានទេ។ ដូចផ្លយដែរ ក្មេងប្រុសនោះមានសម្បុរខ្មៅ។
រដ្ឋអាជ្ញាបាននិយាយថា វីដេអូបំពាក់លើខ្លួនប៉ូលិសដែលគេមិនបញ្ចេញ បានបង្ហាញឆូវីនច្រត់ជង្គង់លើខ្នងរបស់ក្មេងប្រុសរយៈពេល ១៧ នាទី ខណៈក្មេងនោះស្រែករកម្តាយឱ្យជួយ៕
ឆូវីនអាយុ ៤៦ ឆ្នាំបានសារភាពកំហុសចំពោះការចោទប្រកាន់អំពីការរំលោភសិទ្ធិស៊ីវិលសហព័ន្ធដាច់ដោយឡែកមួយកាលពីខែធ្នូ