​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ នឹង​មិន​នៅ​លើ​យន្តហោះ​ទៅ​ប្រទេស​ថៃ​សម្រាប់​ការចាប់ផ្តើម​ដំណើរ​ទេសចរណ៍​មុន​បើក​រដូវ​កាល​របស់ Manchester United នោះទេ ខណៈ​តារា​រូបនេះ​ត្រូវបាន​ផ្តល់​ពេល​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រួសារ​។​

​កាលពី​ចុង​សប្តាហ៍​កន្លងទៅ កីឡាក​រវ័យ ៣៧ ឆ្នាំ​រូប​នេះ​បាន​ស្នើសុំ​ចាកចេញ​ពី​ទឹកដី Old Trafford ប្រសិនបើ​ការផ្តល់ជូន​អាច​ទទួលយកបាន​ណាមួយ​មក​ដល់​បន្ទាប់ពី​រដូវ​កាល​ទី​មួយ​ដ៏​ខកចិត្ត​​ជាមួយនឹង​ក្លឹប​ដែល​គាត់​បានឈ្នះ​មេដាយ​រាប់មិនអស់​នៅ​ចន្លោះ​ឆ្នាំ ២០០៣ និង ២០០៩​។​

​រ៉ូ​ណាល់​ដូ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយសារ​អវត្តមាន​របស់​គាត់​កាលពី​ថ្ងៃ​ចន្ទ នៅពេល​ដែល​គ្រូបង្វឹក​ថ្មី លោក អេ​រិក ថេន ហាក់ (Erik ten Hag)​បាន​ស្វាគមន៍​កីឡាករ​អន្តរជាតិ​​របស់ United មកកាន់​ទីលាន​ហ្វឹកហាត់ Carrington សម្រាប់​ការចាប់ផ្តើម​ហ្វឹកហាត់​មុន​បើក​រដូវ​កាល​។​

​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ប្រាប់​ក្លិប​ថា​គាត់​កំពុង​ដោះស្រាយ​បញ្ហា​គ្រួសារ ហើយ​នៅតែ​អវត្តមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅពេលដែល United បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន PA ថា​ក្លិប​ផ្តល់​​ពេលវេលា​បន្ថែម​ដល់​រ៉ូ​ណាល់​ដូ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​ជា​លទ្ធផល រ៉ូ​ណាល់​ដូនឹង​មិន​មែន​ជា​ផ្នែក​នៃ​ក្រុម​ដែល​ហោះ​ទៅ​កាន់​ទីក្រុង​បាងកក​នៅ​ថ្ងៃ​សុក្រ​នេះ​ទេ ហើយ​មិន​មាន​កាលកំណត់​ណាមួយ​ថា​តើ​ខ្សែប្រយុទ្ធ​រូប​នេះ​នឹង​ចូលរួម​ជាមួយ United​ពេលណា​​នោះទេ ខណៈ​ពួកគេ​នឹង​ប៉ះ Liverpool នៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​អង្គារ​ក្រោយ​មុនពេល​ហោះ​ទៅកាន់​ប្រទេស​អូស្ត្រាលី​៕

រ៉ូ​ណាល់​ដូនឹង​មិន​ទៅ​ថៃ​ជា​មួយ Man U ទេ​